(04-06-2016) ប៉ៃលិន៖ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ នៅសាលាខេត្តប៉ៃលិន មានរៀបចំពិធីបំពាក់ឯកសណ្ឋានប្រជាការពារភូមិទាំង១១ក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន សរុបចំនួន ៥៤នាក់ ក្រោមអធិបតីភាព ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន និងដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកប្រធាន អនុប្រធានមន្ទីរ លោកអភិបាលក្រុង-ស្រុក ព្រមទាំងលោកមេភូមិ ចៅសង្កាត់ និងប្រជាពលរដ្ឋជាច្រើននាក់ទៀត។
លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា ប្រជាការពារភូមិជាជំនួយការអោយលោកមេភូមិ មេឃុំ និងនគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងការចូលរួមថែរក្សាសុន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានភូមិ ឃុំរបស់ខ្លួន ក៏ដូចជា កិច្ចការសង្គមផ្សេងៗទៀត មានដូចជា ការរៀបចំពិធីបុណ្យទានអាពាហ៍ពិពាហ៍ ការផ្សព្វផ្សាយច្បាប់ សេចក្តីណែនាំផ្សេងៗ ជូនដល់ប្រជាពលរដ្ឋ ការទប់ស្កាត់អំពើឃោសនាញុះញង់បំពុលបរិយាកាសសង្គម បង្កអស្ថេរភាពនយោបាយ ជាដើម។ លោកបានបន្តថា ប្រជាការពារភូមិមិនមែនជានគរបាលយុត្តិធម៌ គ្មានសិទ្ធក្នុងការកសាងសុំណុំរឿងបញ្ជូនទៅតុលាការទេ តែមានសិទ្ធសហការផ្តល់ព័ត៌មានពីបទល្មើស មកកាន់សមត្ថកិច្ចនគរបាល ហើយអាចចាប់ជនសង្ស័យបញ្ជូនមកអោយនគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងករណីមានបទល្មើសជាក់ស្តែងក្នុងភូមិរបស់ខ្លួន។
ឯកឧត្តមកើត សុធា អភិបាល នៃគណអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា ប្រជាការពារភូមិយើងបានបង្កើតឡើង និងបានចូលរួមក្នុងការអនុវត្តការងាររបស់ខ្លួនមកជាយូហើយ គ្រាន់តែមិនទាន់បានបំពាក់ឯកសណ្ឋានអោយបានច្បាស់លាស់ប៉ុណ្ណោះ។ ដូច្នេះការបំពាក់ឯកសណ្ឋានដល់ប្រជាការពារភូមិក្នុងសង្កាត់ទួលល្វានាពេលនេះ គឺជាការលើកទឹកចិត្តបន្ថែមទៀតដល់ប្រជាការពារភូមិ ក្នុងការអនុវត្តការងាររបស់ខ្លួនបានកាន់តែសកម្ម ដែលជាយន្តការមួយរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថភាពអោយទទួលបានលទ្ធផលល្អប្រសើរ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ប្រជាការពារភូមិគឺជាអ្នកស្ម័គ្រចិត្តក្នុងការជួយដល់មេភូមិ មេឃុំ ហ៊ានលះបង់ពេលវេលា កំលាំងកាយ ចិត្ត ក្នុងការចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងភូមិដ្ឋានរបស់ខ្លួន។ ប្រជាការពាភូមិជាជនគំរូក្នុងភូមិ ត្រូវមានចរិកលក្ខណៈល្អប្រសើ ស្លូតបូតមានអធ្យាស្រ័យ មានការសាមគ្គី សហការគ្នាបានល្អ ជាមួយលោកមេភូមិ មេឃុំចៅសង្កាត់នគរ បាលរដ្ឋបាលឃុំ សង្កាត់ និងត្រូវមានសណ្តានចិត្ត ចេះជួយទុក្ខធុរៈដល់ប្រជាពលរដ្ឋក្នុងភូមិ។ ក្នុងតួនាទីប្រជាការពារភូមិ ត្រូវសហការ ផ្តល់ព័ត៌មាន ដល់នគរបាលរដ្ឋបាលឃុំ សង្កាត់ ទប់ស្កាត់ការលែងល្បែងស៊ីសង ការជួញដូរប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង អំពើរហឹង្សារក្នុងគ្រួសារ ការជួញដូរមនុស្ស ជួញដូរស្រ្តីនិងកុមារ អំពើចោរលួច ចោប្លន់ជាដើម ដែលជាការចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថភាពអោយទទួលបានលទ្ធផលល្អប្រសើ។ ឯកឧត្តម ក៏បានណែនាំសូមអោយប្រជាការពារភូមិទាំងអស់មិនត្រូវយកឯកសណ្ឋានប្រជាការពារភូមិទៅប្រព្រឹត្តអំពើល្មើសច្បាប់ ឬ ពិសារស្រាស្រវឹងឡូឡាតាមទីសាធារណៈនោះ ឡើយ។ ម្យ៉ាងទៀតត្រូវ ចូលរួម និងណែនាំដល់ប្រជាពលរដ្ឋ អោយអនុវត្តច្បាប់ចរាចរអោយបានខ្ជាប់ខ្ជួន កុំពិសារគ្រឿងស្រវឹងនៅពេលបើកបរ បើកបរត្រូវគោរពសិទ្ធអទិភាពអ្នកដទៃ កុំបើកបរហួសល្បឿនកំណត់ បើកម៉ូតូត្រូវពាក់មួកសុវត្ថភាព និងមានកញ្ចក់មើលក្រោយ៕
[youtube id= “H1XysiuI1hg”]