ឯកឧត្តម កើត សុធា និងលោកជំទាវព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តប៉ៃលិនប្រារព្ធពិធីបុណ្យវិសាខបូជា


(20-05-2016) ប៉ៃលិន៖ ​នៅ​រសៀល​ថ្ងៃទី ២០ ​ខែឧសភា ​ឆ្នាំ២០១៦​ ឯក​ឧត្តម ​កើត​ សុធា​ អភិបាល​នៃ​គណៈ​អភិ​បាល​ខេត្ត​ប៉ៃលិន​ ព្រម​ទាំង​ថ្នាក់​ដឹកនាំ​មន្រ្តី​រាជការ​ជុំវិញ​ខេត្ត ​និង​ ពុទ្ធ​បរស័ទ្ធ ​បាន​អញ្ជើញ​ចូល​រួម​បុណ្យ​វិសាខ​បូជា​ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​វត្ត​ពោធិ​មារាម ​ស្ថិត​ក្នុង​ភូមិ​ប៉ាហ៊ី​ត្បូង ​សង្កាត់​ប៉ៃលិន ​ក្រុង​ប៉ៃលិន ​ខេត្ត​ប៉ៃលិន​។​

ព្រះ​ភិក្ខុ ​សាត​ វីរៈ​ មាន​សង្ឃ​ដីកា​ប្រកាស​ពី​បុណ្យ​វិសាខ​បូជា​គឺ​ជា​បុណ្យ​ទំនៀម​ទំលាប់​ប្រពៃណី​ជាតិ​ខ្មែរ​មួយ​ដែល​ពុទ្ធ​សាស​និក​ជន​នៅ​ទូទាំង​សកល​លោក​បាន​នាំគ្នា​ប្រារព្ធ​ធ្វើ​បុណ្យ​ដ៏​សំខាន់​មួយ​នេះ ​ហើយ​ក៏​ជា​បុណ្យ​ដ៏​ធំ​ដែល​មាន​មហា​ជន​ ប្រជា​ជន​ចាស់ ​ក្មេង​ ប្រុស ​ស្រី ​ជួប​ជុំ​គ្នាអ៊ូ​អរ ​ដោយ​នាំ​ទៅ​ជា​មួយ​ គ្រឿង​សក្ការ​បូជា​ មាន​ទៀន ​ធូប ​ផ្កា ​ភ្ញី ​និង​ប្រទីប​ជ្វា​លា​តូច​ធំ ​អុជ​បំភ្លឺ​ព្រោង​ព្រាត​នៅ​គ្រប់​វត្ត​អារាម​ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​ជា​មហា​មង្គល​អភិ​លក្ខិត​កាល​ទាំង​៣។​

​       ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍ថា​៖​ បុណ្យ​វិសាខ​បូជា​ជា​បុណ្យ​ដ៏​មាន​សារៈ​សំខាន់​ដែល​ ព្រះពុទ្ធ​ទ្រង់​បាន​ផ្តល់​ឲ្យ​មនុស្ស​ជាតិ​ នូវការ​អប់រំ​ស៊ីជំរៅ​ ដែល​អាច​ដឹកនាំ​នូវ​រាល់​កិច្ច​ការ​ប្រឹងប្រែង​ទាំង​ឡាយ​ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ផ្សេងៗ ​ហើយ​ប្រជា​ជន​ទាំង​អស់​អាច​ទាញ​យក​គុណ​តម្លៃ​របស់​ព្រះពុទ្ធ​សាសនា​ជា​សកល​ដោយ​ធ្វើ​សកម្ម​ភាព​ជា​សាមគ្គី​ភាព​គ្នា​ដោយ​ក្តី​មេត្តា​ ករុណា​ ។​ ការ​ឲ្យ​តម្លៃ​និង​ការ​ប្រារព្ធ​ឡើង​នូវ​បុណ្យ​វិសាខ​បូជា​ជា​រៀងរាល់​ឆ្នាំ​នេះ​ក៏​ព្រោះ​តែ​គេ​ឃើញ​គុណ​តម្លៃ​នៃ​ពាក្យ​អប់រំ​ដ៏ជ្រាល​ជ្រៅ ​កាត់​ថ្លៃ​មិន​បាន​របស់​ព្រះ​សម្មា​សម្ពុទ្ធ​ហើយ​គុណ​ប្រយោជន៍​របស់​ព្រះ​ពុទ្ធ​សាស​នា​ ទី១​ ជា​សាសនា​ដែល​មាន​ចំនាស់​យូរ ​២៥​៦២​ឆ្នាំ​ទៅ​ហើយ​ ទី២/​ ជា​សាសនា​មាន​គោល​ការណ៍​សន្តិភាព​មិន​កាប់​សម្លាប់​គ្នា ​គោរព​សិទ្ធិ​គ្នា​ក្នុង​ការ​រស់នៅ​ទៅវិញ​ទៅមក ​ទី៣/ ​ពុំ​ដែល​មាន​សង្រ្គាម​ដែល​កើត​ឡើង​ក្នុង​ព្រះ​ពុទ្ធ​សាសនា ​ហើយ​មាន​ប្រជា​ជន​ដល់​ទៅ​ជាង​៥រយ​លាន​នាក់​នា​បច្ចុប្បន្ន​នេះ​នៅ​លើ​ពិភព​លោក​ទាំង​មូល​ បាន​កាន់​ព្រះ​ពុទ្ធ​សាសនា​។​ កត្តា​ទាំង​អស់​នេះ​ហើយ​ដែល​ប្រជា​ជន​បាន​លើក​តម្លៃ​ព្រះ​ពុទ្ធ​សានា ​ថា​ បាន​ចូល​រួម​ចំណែក​ដ៏ធំធេង​ណាស់​ក្នុង​សន្តិភាព​ពិភព​លោក​និង​ការ​រួម​រស់​ជា​មួយ​គ្នា​ដ៏​សុខ​ស្ងប់​។​

 

cpp-20-05-2016-001 cpp-20-05-2016-002 cpp-20-05-2016-003 cpp-20-05-2016-004vv

[youtube id= “8btYHjyHUlQ”]