(05-05-2016) ប៉ៃលិន៖ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ គណប្រតិភូ គណកម្មាការទី៥នៃព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម ឈិន គឹមយាត អនុប្រធានគណកម្មាការទី៥នៃព្រឹទ្ធសភា បានអញ្ជើញចុះសិក្សាស្វែងយល់ពីការអនុវត្តច្បាប់អន្តោប្រវេសន៍ និងការផ្សព្វផ្សាយព័ត៌មាននៅក្នុងខេត្តប៉ៃលិន។ ការប្រជុំសិក្សាស្វែងយល់នេះបានធ្វើឡើងនៅសាលប្រជុំក្រុមប្រឹក្សាខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម កើត សុធា អភិបាល នៃគណអភិបាលខេត្តប៉ៃលិន ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត លោកប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធនិងមន្រ្តីរាជការជុំវិញខេត្តផងដែរ។
ឯកឧត្តម កើត សុធា អភិបាល នៃគណអភិបាលខេត្តប៉ៃលិនបានលើកឡើងថា វត្តមាន របស់គណប្រតិភូព្រឹទ្ធសភានាពេលនេះ បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ កងកំលាំងប្រដាប់អាវុធ និងមន្រ្តីរាជការក្នុងខេត្តប៉ៃលិនទាំងមូល។ ឯកឧត្តមបានបន្តថា តាមរយៈ បេសកម្មគណប្រតិភូ គណកម្មាការទី៥នៃព្រឹទ្ធសភាពេលនេះ រដ្ឋបាលខេត្តនឹងទទួលបាននូវអនុសាសន៍ល្អៗ ពីថ្នាក់ដឹកនាំគណប្រតិភូ ដើម្បីជួយអោយរដ្ឋបាលខេត្តធ្វើការកែលំអ សកម្មភាពការងាររបស់ខ្លួន សំដៅអោយមានវឌ្ឍនភាពនៃការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ។ ឯកឧត្តមបានបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ប្រាជ្ញាឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែបូជាអស់កំលាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដាក់ចេញនូវកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៣ ដើម្បីធានាអោយបាននូវកំណើនការងារ សមធម៌ និងប្រសិទ្ធភាព។ ឯកឧត្តមបានបញ្ជាក់ថា សភាពការថ្មីៗនៅដើមឆ្នាំ២០១៦នេះ ខេត្តប៉ៃលិនទទួលរងនូវគ្រោះរាំងស្ងួត ធ្វើអោយប្រជាពលរដ្ឋខ្វះទឹកប្រើប្រាស់ ទាំងទឹកស្អាត និងទឹកហូប និងការធ្វើស្រែប្រាំងខូចខាតជាបន្តបន្ទាប់។ ជាមួយគ្នានេះប្រជាពលរដ្ឋមួយចំនួនទទួលរងនូវខ្យល់កន្រ្តាក់ជាហូហែរ ធ្វើអោយខូចខាតផ្ទះសំបែងជាច្រើនខ្នង និងប៉ះពាល់ផលដំណាំជាច្រើនហិចតា ។ ឆ្លើយតបទៅនឹងសភាពការណ៍នេះ រដ្ឋបាលខេត្តបានពុះពារប្រមែប្រមូលធនធានផ្ទាល់ខ្លួន ធនធានសប្បុរសជននានា និងធនធានពីរដ្ឋភិបាល មកដោះស្រាយជូនប្រជាពលរដ្ឋរងគ្រោះទាន់ពេលវេលា។ក្នុងកិច្ចប្រជុំ ក៏បានអនុញ្ញាតអោយមន្ទីរ ស្ថាប័នពាក់ព័ន្ធរាយការណ៍ការ អំពីអនុវត្តច្បាប់អន្តោប្រវេសន៍ និងការផ្សព្វផ្សាយព័ត៌មាននៅក្នុងខេត្តប៉ៃលិន។
ទាក់ទងនឹងវិស័យព័ត៌មាន ឯកឧត្តម គង់ ដួង ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិនបានមានប្រសាសន៍ថាខេត្តប៉ៃលិន មានប្រព័ន្ឋផ្សព្វផ្សាយជាវិទ្យុរដ្ឋ១ស្ថានីយ៏ ទូរទស្សន៏រដ្ឋ១ស្ថានីយ៏ និងវិទ្យុឯកជន២ស្ថានីយ៍ ដែលមានលទ្ឋភាពបញ្ជ្រាបព័ត៌មានទៅដល់គោលដៅមូលដ្ឋានភូមិឃុំ/ស្រុកក្រុងក្នុងភូមិសាស្រ្តខេត្តប៉ៃលិន និងភូមិឃុំមួយចំនួននៃខេត្តបាត់ដំបងដែលជាខេត្តជាប់ជិតខាងផងដែរ។ វិទ្យុជាតិ ប៉ៃលិនFM90.5Mhz និងទូរទស្សន៏ជាតិកម្លាំងផ្សាយ១គីឡូវ៉ាត់ បានគ្រប់គ្រង និងដំណើរការងារដោយមន្រ្តីរាជការរដ្ឋនៃមន្ទីរព័ត៌មានខេត្ត ។ វិទ្យុអូរតងប៉ៃលិនFM97.5Mhz និងវិទ្យុជំនោប៉ៃលិនFM92Mhzជាវិទ្យុឯកជន មានច្បាប់អាជ្ញាប័នត្រឹមត្រូវពីក្រសួងព័ត៌មាន និងធ្វើកិច្ចសន្យាទទួលខុសត្រូវចំពោះកម្មវិធីផ្សាយរបស់ខ្លួន និងអនុវត្តគោរពតាមច្បាប់ស្តីពីរបបសារព័ត៌មាន ដោយតាមដានត្រួតពិនិត្យជាប្រចាំពីមន្ទីរព័ត៌មានខេត្ត។ ទូរទស្សន៏ខេត្តប៉ៃលិនបានភ្ជាប់ជាមួយទូរទស្សន៏ខ្សែកាបអ៊ុបទីចឯកជន ដែលប្រជាពលរដ្ឋអាច ទស្សនាតាមគេហដ្ឋានក្នុងក្រុងប៉ៃលិន ស្រុកសាលាក្រៅ និងនៅព្រំដែនច្រកទ្វាអន្តរជាតិព្រំផងដែរ។ខេត្តប៉ៃលិន ក៏មានភ្នាក់ងារ និងបណ្តាញព័ត៌មានកាសែត គេហទំព័រ វិទ្យុ ទូរទស្សន៏រដ្ឋ និងឯកជន នៅប្រចាំការយកព័ត៌មាន និងចែកចាយផ្សព្វផ្សាយព័ត៌មានផងដែរដូចជាៈ ភ្នាក់ងារ ទទក/TVK – ភ្នាក់ងារទូរទស្សន៏បាយ័ន - ភ្នាក់ងារANNអប្សរា – ភ្នាក់ងារទូរទស្សន៏ហង្សមាស – ភ្នាក់ងារទូរទស្សន៏ប៉ុស្តលេខ៥ -ភ្នាក់ងារសារព័ត៌មានរស្មីកម្ពុជា -ភ្នាក់ងារ សារព័ត៌មានកោះសន្តិភាព – ភ្នាក់ងារសារព័ត៌មាន៧មករា - ភ្នាក់ងារសារព័ត៌មាននគរវត្ត – ភ្នាក់ងារសារព័ត៌មានកម្ពុជាថ្មី - ភ្នាក់ងារសារព័ត៌មានខ្មែរម្ចាស់ស្រុក – ភ្នាក់ងារសារព័ត៌មានកម្ពុជាអភិវឌ្ឍន៏ ។ គ្រប់ព័ត៌មានដែលមន្រ្តីមន្ទីរព័ត៌មានបានចុះយក តាមមូលដ្ឋានភូមិឃុំ សហគមន៏ ជាសកម្មភាពតាមបណ្តាមន្ទីរវិស័យ សកម្មភាពថ្នាក់ដឹកនាំខេត្តទាំងការងាររដ្ឋបាល ការងារមនុស្សធម៌ ការងារសង្គម ។ល។ មន្ទីរព័ត៌មានបានចាត់ចែងផ្សព្វផ្សាយតាមវិទ្យុFMជាតិ និងវិទ្យុឯកជនគ្រប់ស្ថានីយ៏ តាមកម្មវិធីទូរទស្សន៏ខេត្ត តាមទូរទស្សន៏ឯកជននៅរាជធានីភ្នំពេញមួយចំនួនតាមរយៈភ្នាក់ងារប្រចាំការនៅប៉ៃលិន និងផ្សាយតាមបណ្តាញព័ត៌មានសង្គមរបស់មន្ទីរ មានគេហទំព័រ ហ្វេសប៊ុក ផេកឡាច តេលេក្រាម វ័តអាប់ ជាដើម។ល។
ទាក់ទងនឹងការងារ ជនអន្តោប្រវេសន៍ លោក វរៈសេនីយ៍ឯក សៀង ណាំ ស្នងការរងនគរបាលខេត្តប៉ៃលិនបានអោយដឹងថា ក្នុងខេត្តប៉ៃលិនមានជនបរទេសស្នាក់នៅចំនួន៤៦គ្រួសារ មានចំនួនមនុស្សសរុប ១៨៤នាក់ ស្រី៤៦នាក់ និងមាន៩សញ្ជាតិ មាន៖ ជនជាតិថៃ វៀតណាម ស្លូវើនៀ ឥណ្ឌា ជនជាតិ អ៊ុយក្រែន ជនជាតិបារាំង ជនជាតិ កូរ៉េ និងជនជាតិហ្វីលីពីន ។ ជនបរទេសជាអ្នកទេសចរណ៍ មានចំនួន៨២៦៧ នាក់ ស្រី២៦៩៩នាក់ មាន២៣ សញ្ជាតិ ជនជាតិថៃ ជនជាតិកូរ៉េ អូស្រ្តាលី បារាំង ជប៉ុន អាមេរិក កាណាដា អង់គ្លេស អាល្លឺម៉ង់ ម៉ាឡេស៊ី ទួគី, អ៊ុយក្រែន,ហូឡង់,ស៊ុយអែត, រុស្សី, ញូសឺឡែន,កូឡំប៊ី,ណាយដឺឡែ, ចិន, អាហ្គានីស្ថាន, ប្រេស៊ីល, អេស្បាញ,និង អ៊ីស្រ្តាអែល។ លោកបានបន្តថា សកម្មភាពល្មើសច្បាប់អន្តោប្រវេសន៍មាន៤លើក ចាប់បញ្ជូន មនុស្សចំនួន២៦នាក់ ស្រី៨នាក់ មាន ៤សញ្ជាតិ។
ឯកឧត្តម ឈិន គឹមយាត អនុប្រធានគណកម្មាការទី៥នៃព្រឹទ្ធសភាបានមានប្រសាសន៍ ពាំនាំការសាសួរសុខទុក្ចពីសំណាក់សម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តប៉ៃលិន និងបានសំដែងការកោតសរសើចំពោះខេត្តប៉ៃលិនដែលមានការរីកចំរើនប្រែមុខប្រែមាត់គួអោយស្ងើចសរសើរ។ ឯកឧត្តមបានមានប្រសាសន៍ថា ទាំងផ្នែកការផ្សព្វផ្សាយព័ត៌មានក្នុងខេត្ត ក៏ដូចជា ការគ្រប់គ្រងជនអន្តោប្រវេសន៍ គឺខេត្តប៉ៃលិន អនុវត្តបានល្អប្រសើរ ជូនជាតិ ប្រជាជន។ ឯកឧត្តមបានមានប្រសាសន៍បន្តថា នៅក្នុងខេត្តមួយចំនួនមានក្រុមអ្នកសារព័ត៌មានខ្លះបានដើរគៀបសង្កត់ប្រជាពលរដ្ឋក្រីក្រ ទាប្រាក់ជាថ្នូរនឹងការលាក់បាំងមិនផ្សព្វផ្សាយព័ត៌មានរសើបរបស់ពួកគាត់។ ចំណែកនៅក្នុងខេត្តប៉ៃលិនមិនមានបញ្ហានេះកើតឡើងជារឿងល្អណាស់ ហើយត្រូវបន្តការពារកុំអោយមានអំពើបែបនេះក្នុងខេត្តប៉ៃលិនយើង។ ចំណែកការងារគ្រប់គ្រងជនអន្តោប្រវេសន៍ ទាំងសមត្ថកិច្ចនគរបាល ក៏ដូចជាមន្ទីរការងារ ត្រូវគ្រប់គ្រងអោយបានណែនក្នុងដៃ និងត្រូវធ្វើសៀវភៅការងារ អោយជនបរទេសដែលមកស្នាក់នៅធ្វើការក្នុងខេត្តប៉ៃលិនអោយបានគ្រប់គ្នា រកចំណូលជូនរដ្ឋអោយបានល្អ ប្រសើ៕
[youtube id= “J2sc0iVwLwk”]