(04-05-2016) ប៉ៃលិន៖ ព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ នៅសាលាខេត្តប៉ៃលិនមន្ទីរអប់រំយុវជន និង កីឡាបាន ប្រារព្ធពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូន កាយរិទ្ធិចំនួន២៨៥៥នាក់ក្រោមអធិបតីភាព ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធានកាយរិទ្ធិជាតិកម្ពុជា ដំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្ដីការគណ:រដ្ឋមន្រ្តី និងជាប្រធានកាយរឹទ្ឋិជាតិកម្ពុជាឯកឧត្តម ឡីចាន់ ឆាយ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ឯកឧត្តម កើត សុធា អភិបាលនៃ គណៈអភិបាលខេត្ត និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជាខេត្តប៉ៃលិន ។ នៅ ក្នុងពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធានអនុប្រធានមន្ទី មន្តី្ររាជការមេបញ្ជាការមេបញ្ជាការងនៃកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។
បន្ទាប់ពីការរាំរបាំជូនពររបស់មន្ទីវិចិត្រសិល្បៈ និងប្អូនៗកាយរិទ្ធិដើរក្បួនព្យុហយាត្រារបស់កាយរិទ្ធិជាតិកម្ពុជារួចមកសិស្សានុសិស្សនវកាយរិទ្ធិ បានធ្វើពិធីសច្ចាប្រតិធាន ដើម្បីក្លាយខ្លួនជាកាយរិទ្ធិពេញសិទ្ធិ ចូលរួមអភិវឌ្ឍន៏សង្គមនិងប្រទេសជាតិ។
ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានកាយរិទ្ធិរបស់កាយរិទ្ធិជាតិកម្ពុជាខេត្តប៉ៃលិនបានប្រសាសន៏ អោយដឹងថា៖ កាយរិទ្ធិជាតិកម្ពុជាខេត្តប៉ៃលិន បានធ្វើសកម្មភាពជាច្រើន ដើម្បីបម្រើផលប្រយោជន៏ ក្នុងការអភិវឌ្ឍកុមារនិងយុវជន អោយមានសមត្ថភាពពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម និងផ្លូវចិត្ត ក្នុងការប្រែក្លាយអោយពួកគេមានលំនឹងក្នុងជីវិត មានទំនួលខុសត្រូវខ្ពស់ ជាពលរដ្ឋល្អមានសមត្ថភាព ព្រមទាំងក្លាយជាសមាជិកក្នុងគ្រួសារ និងសហមគន៏នៅមូលដ្ឋាន ប្រកបដោយភាពសប្បុរសធម៌ សច្ចធម៌ និងការរស់នៅប្រកបដោយសុខដុមរម្យនា។ ឯកឧត្តមបន្តទៀតថា៖ កាយរិទ្ធិក៏បានចូលរួមកិច្ចការសង្គម សប្បុរសធម៌ជួយជនក្រីក្រ បុណ្យជាតិនិងអន្តរជាតិ ជាពិសេសបានអប់រំអំពីជំងឺអេដស៏ គ្រឿងញៀនចរាចណ៏ សំអាតអនាម័យទីសាធារណៈ ដាំកូនឈើ ជាដើម ។ ទាំងនេះហើយគឺជាការ រួមចំណែកការពា និងកសាងមាតុភូមិកម្ពុជា ពិសេសរួមចំណែកអភិវឌ្ឍន៏ខេត្តប៉ៃលិនផ្ទាល់ឲ្យមានការរីកចំរើនថែមទៀត។
ឯកឧត្តមជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធានកាយរិទ្ធិជាតិកម្ពុជាបានមានប្រសាសន៏ថា៖តាមសេចក្តីចិត្តរបស់មហាសន្និបាតលើកទី៣ និងផែនការយុទ្ធសាស្រ្តឆ្នាំ២០១០-២០២០ របស់កាយរិទ្ធិជាតិកម្ពុជា កាយរិទ្ធិជាតិរាជធានី-ខេត្ត បានបន្តជំរុញយ៉ាងខ្លាំងក្លានូវការពង្រីកកម្លាំងកាយរិទ្ធិប្អូនកាយរិទ្ធិ និងកាយរឹទ្ធិរៀមច្បង នៅតាមគ្រឹះស្ថានសិក្សានានាទូទាំងព្រះរាជណាចក្រកម្ពុជា ធ្វើអោយយុវជន សិស្ស និងនិសិ្សត ទទួលស្គាល់យ៉ាងច្បាស់ថា ការអប់រំតាមរយៈចលនាកាយរឹទ្ធិ គឺពិតជាមិនអាចខ្វះបាន និងមានសារៈប្រយោជន៏ ដោយផ្តល់នូវសក្តានុពលពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត និងផ្លូវអនាគត់ ព្រមទាំងធ្វើអោយយុវជនបានអភិវឌ្ឍន៏ខ្លួនប្រកបដោយឆន្ទះ ព្យាយាម មនសិការវិជ្ជាជីវៈ ថាមពល កម្លាំងកាយ ប្រាជ្ញា ស្មារតី ចំណេះដឹងចំណេះធ្វើ ជំនាញ និមិត្តកម្ម និងគំនិតឆ្នៃប្រឌិត ដែលជាកត្តាធ្វើអោយបានការប្រែប្រួលផ្នែកសេដ្ឋកិច្ច និងសង្គមទាំងបច្ចុប្បន្ននិងនាពេលអនាគតប្រកបដោយនិរន្តភាព។
ជាក់ស្តែងគិតមកត្រឹមដំណាច់ខែមេសា ឆ្នាំ២០១៦ នេះគណៈកម្មាធិការប្រតិបត្តិកាយរឹទ្ធិជាតិកម្ពុជាខេត្តប៉ៃលិនដោយបានសហការជាមួយគ្រូឧទេ្ទសថ្នាក់ជាតិ បានធ្វើការបណ្តុះបណ្តាលក្មួយៗសិស្សានុសិស្ស នៅតាមវិទ្យាល័យនានាក្នុងក្រុងប៉ៃលិន និងក្នុងស្រុកសាលាក្រៅ ដោយបានកសាងកម្លាំងនវកាយរឹទ្ធិចំនួន២៨៥៥ នាក់ ។ការរីកចម្រើនជាបន្តបន្ទាប់នេះបានធ្វើអោយកម្លាំងកាយរិទ្ធិជាតិកម្ពុជាខេត្តប៉ៃលិន កើតឡើងដល់ចំនួនសរុបស្មើនឹង ៥,០០៥ នាក់ហើយបានក្លាយជាកំលាំងស្នូលមួយ ដ៏សំខាន់សម្រាប់ចូលរួមចំណែកបន្តបុព្វហេតុអភិវឌ្ឍខេត្ត និងសង្គមជាតិកាន់តែរឹងមាំឡើងថែមទៀត។ឯកឧត្តមបន្តថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាគរុគណនៃកាយរឹទ្ធិជាតិកម្ពុជា បានឧបត្ថម្ភ និងគាំទ្រជានិច្ចដល់ដំណើរការកាយរឹទ្ធិជាតិកម្ពុជា អោយពង្រឹងបាននូវតួនាទី និងគំរូល្អរបស់ខ្លូននៅក្នុងសង្គម សំដៅធ្វើអោយមានការកែប្រែឥរិយាបថ របស់យុវជន ឆ្ពោះទៅរកភាពវិជ្ជមាន និងភាពជឿនលឿនប្រកបដោយសេចក្តីក្លាហាន និងផ្សាភ្ជាប់ខ្លួន ទៅនឹងភារកិច្ច ចំពោះប្រទេសជាតិ និងព្រះពុទ្ធសាសនា ចេះអប់រំកសាងខ្លួនឯងមានសុខភាពល្អ ចេះគោរពនិងជួយអ្នកដ៏ទៃ រួមចំណែកលើកកំពស់ការអនុវត្តបេសកកម្មរបស់កាយរឹទ្ធិជាតិកម្ពុជា អោយទទួលបានជោគជ័យ តាមគោលបំណងរបស់ខ្លួន រួមចំណែកជំរុញចលនាកាយរឹទ្ធិអោយកាន់តែរឹងមាំ ទាំងបរិមាណ និងគុណភាព។ ឯកឧត្តមបន្តទៀតថាសម្តេចតេជោ និងលោកជំទាវ បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះកុមារ និងយុវជនកម្ពុជា អោយទទួលបាននូវសិទ្ធិគ្រប់យ៉ាងរួមមាន សិទ្ធិរស់រានមានជីវិត សិទ្ធិក្នុងការអភិវឌ្ឍ សិទ្ធិទទួលការការពារ និងសិទ្ធិទទួលបានការអប់រំប្រកបដោយសមធម៌ ដើម្បីសម្រេចអោយបាននូវចំណេះដឹង ចំណេះធ្វើ មានសីលធម៌ល្អ និងចេះរស់នៅរួមគ្នា ក្នុងស្មារតីសន្តិសហវិជ្ជមាន និងមានវិធានការទប់ស្កាត់អំពើអសកម្មនានា ដូចជាការសេពគ្រឿងញៀន ការគ្រឿងស្រវឹង ការលេងល្បែងស៊ីសង សកម្មភាពក្មេងទំនើង ការលួច ឆក់ ប្លន់ជាដើម។
ឯកឧត្តមក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តប៉ៃលិនទាំងអស់ សូមចូលរួមចំណែកជំរុញចលនាអប់រំយុវជនតាមប្រព័ន្ធកាយរឹទ្ធិកម្មនេះអោយកាន់តែរស់រវើក និងមានសិទ្ធិភាពថែមទៀតសម្រាប់ជាប្រយោជន៏ដល់យុវជនក្នុងខេត្តប៉ៃលិន ក៏ដូចជាសង្គមជាតិយើងទាំងមូល។ ដូច្នោះហើយត្រូវខិតខំពង្រឹងការដឹកនាំការងារកាយរឹទ្ធិមួយដ៏អង់អាចក្លាហាន ធ្វើជាពលរដ្ឋល្អ មានសមត្ថភាពគ្រប់គ្រាន់ មានស្មារតីទទួលខុសត្រូវខ្ពស់ជាអ្នកបន្តវេន្តដ៏មានប្រសិទ្ធិភាពក្នុងកិច្ចការអភិវឌ្ឍន៏សហគមន៏និងសង្គមជាតិជាក់ជាមិនខាន។
[youtube id= “IyQOc70dru0”]