អយ្យការអមសាលាដំបូងខេត្តប៉ៃលិន បើកកិច្ចប្រជុំស្តីពីកិច្ចសហការរវាងតុលាការ អយ្យការ និងនគរបាលយុត្តិធម៌ ក្នុងការអនុវត្តច្បាប់ទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រហ្មទណ្ឌ


(02-05-2016) ​ប៉ៃលិន៖ នៅ​សាលា​ខេត្ត​ប៉ៃលិន​កាល​ពីថ្ងៃទី ​០២​ ខែឧសភា ​ឆ្នាំ​២០១៦​ថ្មីៗ​កន្លង​ទៅ​នេះ​ អយ្យ​ការ​អម​សាលា​ដំបូង​ខេត្ត​ប៉ៃលិន ​បាន​បើក​កិច្ច​ប្រជុំ​ស្តី​ពី​កិច្ច​សហការ​រវាង​តុលា​ការ ​អយ្យការ ​និង​នគរ​បាល​ យុត្តិធម៌​ ក្នុង​ការ​អនុវត្ត​ច្បាប់​ ទប់​ស្កាត់ ​និង​បង្រ្កាប​បទ​ល្មើស​ព្រហ្ម​ទណ្ឌ ​ក្រោម​អធិបតីភាព ​ឯក​ឧត្តម ​ស៊ិន​ រឹទ្ធ ​អគ្គ​ព្រះ​រាជ​អាជ្ញា​រង​ នៃ​មហា​អយ្យការ​ អម​សាលា ​ឧទ្ធរណ៍ ​និង​ ឯក​ឧត្តម ​កើត ​សុធា ​អភិបាល ​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​ និង​ដោយ​មាន​ការ ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​លោក​ប្រធាន ​អនុ​ប្រធាន​មន្ទីរ ​លោក​មេ​បញ្ជាការ​ កង​រាជ​អាវុធ​ហត្ថ ​កង​កំលាំង​កង​រាជ​អាវុធ​ហត្ថ ​លោក​ស្នងការ​រង​នគរ​បាល​ខេត្ត ​និង​កង​កំលាំង​នគរ​បាល​ខេត្ត​ជា​ច្រើន​នាក់​ទៀត​ផង​ដែរ​។​

​លោក ​ជុំ ​សែន ​សុធា ​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ប៉ៃលិន​បាន​អោយ​ដឹងថា ​កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ពង្រឹង ​លើក​កំពស់​សមត្ថភាព​របស់​មន្រ្តី​នគរ​បាល​យុត្តិ​ធម៌​ ក្នុង​ខេត្ត​ប៉ៃលិន​ទាំង​អស់​ក្នុង​​ការ​អនុវត្ត​ច្បាប់​ទប់​ស្កាត់ ​និង​បង្រ្កាប​បទ​ល្មើស​ព្រហ្ម​ទណ្ឌ។​ លោក​បាន​បន្ត​ថា​ មន្រ្តី​នគរ​បាល​យុត្តិធម៌​ដើរ​តួនាទី​យ៉ាង​សំខាន់ ​ក្នុង​ការ​បង្ការ ​ទប់​ស្កាត់ ​និង​បង្រ្កាប​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​។​ ក្នុង​ករណី​មន្រ្តី​នគរបាល​យុត្តិ​ធម៌ ​ធ្វើ​ការ​កសាង​សំណុំ​រឿង​មន្រ្តី​នគរ​បាល​យុត្តិ​ធម៌​ត្រូវ​គោរព​ទៅ​តាម​គោល​ការណ៍​ក្រម​ព្រហ្មទណ្ឌ ​និង​ក្រម​និតិ​វិធី​ព្រហ្ម​ទណ្ឌ ​និង​ច្បាប់​ផ្សេងៗ​ទៀត ​ ហើយ​មន្រ្តី​នគរ​បាល​យុត្តិធម៌​ត្រូវ​រាយ​ការណ៍​ជូន​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត ​តាំង​ពី​តំណាក់​កាល​នៃ​ការ​ទទួល​ពាក្យ​បណ្តឹង ​ ការ​ឃាត់​ខ្លួន​ជន​សង្ស័យ ​ ការ​ឆែក​ឆេរ​ និង​ការ​ដក​ហូត​វត្ថុ​តាង​ជា​ដើម​។​

​ក្នុង​កិច្ច​ប្រជុំ​នេះ​ក៏​បាន​លើក​ជា​សំនួរ ​បញ្ហា​ប្រឈម​នានា​ក្នុង​ការ​អនុ​វត្ត​ច្បាប់​ក្រម​ព្រហ្ម​ទណ្ឌ ​ដូច​ជា ​សំណុំ​រឿង​មាន​រយៈ​ពេល​យូ​មិន​ទាន់​បាន​ដោះ​ស្រាយ​ការ​ដោះ​លែង​ជន​ល្មើស ​ដោយ​មន្រ្តី​នគរ​បាល​មូល​ដ្ឋាន​មិន​បាន​ដឹង​មុន,​ការ​ដាក់​ពាក្យ​បណ្តឹង​ហើយ ​មាន​ការ​លំ​បាក​ក្នុង​ការ​ដក​ពាក្យ​បណ្តឹង​វិញ,​ការ​មិន​មាន​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​លើ​សំណុំ​រឿង​មួយ​ចំនួន​ទៀត​ជា​ដើម​។​ហើយ​ឯក​ឧត្តម  ​ស៊ិន ​រឹទ្ធ​ អគ្គ​ព្រះ​រាជ​អាជ្ញា​រង ​នៃ​មហា​អយ្យ​ការ ​អម​សាលា ​ឧទ្ធរណ៍​និង ​លោក​ជុំ ​សែន ​សុធា ​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត ក៏​បាន​ធ្វើ​ការ​ស្រាយ​បំភ្លឺ​និង​ណែនាំ​បន្ថែម​ទៀត​ដល់​មន្រ្តី​នគរ​បាល​យុត្ត​ធម៌​ក្នុង​ខេត្ត​ប៉ៃលិន ​ក្នុង​ការ​អនុវត្ត ​និតិ​វិធី​ក្រម​ព្រហ្ម​ទណ្ឌ​។​

​ឯក​ឧត្តម ​ស៊ិន ​រឹទ្ធ ​និង ​លោក​ជុំ ​សែន ​សុធា ​បាន​ធ្វើ​បទ​បង្ហាញ​ពីនិ​តិវិធី ​និង​ក្រម​ព្រហ្ម​ទណ្ឌ​អោយ​នគរ​បាល​យុត្តិ​ធម៌​បាន​យល់​ច្បាស់ ​និង​បាន​បក​ស្រាយ​ជូន​អង្គ​ប្រជុំ​បាន​ជ្រាប​លើ​ករណី​ចម្ងល់​មួយ​ចំនួន​ដែល​អង្គ​ប្រជុំ​បាន​លើក​ឡើង​។ ​ឯក​ឧត្តម ​ស៊ិន​ រឹទ្ធ ​បាន​មាន​ប្រសា​សន៍ថា ​ករណី​ដើម​ចោទ​ដាក់​ពាក្យ​បណ្តឹង​រួច​ហើយ​ តែ​ចង់​ដក​ពាក្យ​បណ្តឹង​វិញ ​ដោយ​មាន​ការ​ឯក​ភាព​គ្នា ​មាន​សំណង​ដល់​ជន​រង​គ្រោះ​ ឬ​ដោយ​ប្រការ​អ្វី​ផ្សេង​នោះ ​គឺ​មាន​ន័យ​ថា ​ដើម​ចោទ ​ឬ​ជនរង​គ្រោះ​បាន​ទទួល​សំណង​ស៊ីវិល ​តែ​ជន​ត្រូវ​ចោទ​នៅ​តែ​ជាប់​បណ្តឹង​អាជ្ញា​ដដែល​។​ ចំពោះ​ពាក្យ​បណ្តឹង​លើ​ករណី​ល្បែង​ស៊ីសង ​គឺ​តុលាការ​មិន​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ទេ​។​

​           ឯក​ឧត្តម ​កើត ​សុធា ​អភិបាល ​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍ថា​ ឆ្លង​តាម​កិច្ច​ប្រជុំ​នេះ ​មន្រ្តី​នគរ​បាល​យុត្តិធម៌ ​នឹង​ទទួល​បាន​ចំណេះ​ដឹង ​បន្ថែម​ទៀត​ទាក់​ទង​នឹង​ការ​អនុ​វត្ត​ច្បាប់​ទប់​ស្កាត់​ បង្រ្កាប​បទ​ល្មើស​ព្រហ្ម​ទណ្ឌ ​និង​បាន​យល់​គ្នា​កាន់​តែ​ច្រើន​ថែម​ទៀត ​រវាង​មន្រ្តី​នគរបាល​យុត្តិ​ធម៌​ ជា​មួយ​ស្ថាប័ន​សាលា​ដំបូង​ខេត្ត​ប៉ៃលិន ​ដើម្បី​ឈាន​ទៅ​រក​ការ​សហការ​គ្នា​បាន​ល្អ ​និង​នាំ​មក​នូវ​ភាព​ងាយ​ស្រួល​ ល្អ​ប្រសើ​ជូន​ប្រជា​ពល​រដ្ឋ​។​ឯក​ឧត្តម​បាន​បន្ត​ថា ​មន្រ្តី​នគរបាល​យុត្ត​ធម៌​ទាំង​អស់ ​ត្រូវ​ខិត​ខំ​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​អោយ​បាន​ល្អ ​គោរព​តាម​គោល​ការណ៍​ច្បាប់ ​និង​ក្រម​សីល​ធម៌​វិជ្ជាជីវៈ ​ការ​ពារ​ផល​ប្រយោជ​ន៍​ប្រជា​ជន ​និង​មិន​មាន​ប៉ះ​ពាល់​ដល់​ការ​ឯក​ភាព​នៅ​រដ្ឋ​បាល​ដ្នាក់​ក្រោម​ជាតិ​ឡើយ​ ។​ឯក​ឧត្តម​បាន​សំណូម​ពរ​ដល់​សាលា​ដំបូង​ខេត្ត ​និង​នគរ​បាល​យុត្តិធម៌​ទាំង​អស់​ត្រូវ​មាន​ការ​យោគ​យល់ ​អធ្យា​ស្រ័យ​ និង​មាន​ការ​បត់​បែន​ក្នុង​ការ​អនុវត្ត​ជាក់​ស្តែង ​ទាក់​ទាញ​ការ​គាំ​ទ្រពី​ប្រជា​ជន ​មហា​ជន ​រួម​ចំណែ​ក្នុង​ការ​អនុវត្ត​គោល​នយោ​បាយ​យុទ្ធ​សាស្រ្ត​ចតុ​កោណ​របស់​រាជ​រដ្ឋា​ភិបាល​អោយ​ទទួល​បាន​ជោគ​ជ័យ​៕​

cpp-02-05-2016-001 cpp-02-05-2016-002 cpp-02-05-2016-003 cpp-02-05-2016-004vv

[youtube id= “5cdZRn_NcFA”]