(29-04-2016) ប៉ៃលិន៖ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម កើតសុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានដឹក នាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធ បានអញ្ជើញចុះចែកទឹកស្អាត និងទឹកសុទ្ធ ជូនប្រជាពលរដ្ឋនៅភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ និងភូមិស្រះពីរ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រជាពលរដ្ឋទាំង២ភូមិដែលបានទទួលទឹកស្អាត និងទឹកសុទ្ធនានាពីអាជ្ញាធរខេត្តនាឱកាសនោះមានភូមិស្រង់មានជ័យចំនួន១២៩ គ្រួសារ ភូមិស្រះពី ចំនួន១៤៥គ្រួសារ ដោយប្រើប្រាស់រថយន្តកងដឹកជញ្ជូនកងពលតូចលេខ៩៩របស់ក្រសួងការពារជាតិ ចំនួន៣គ្រឿងមានទឹកចំនួន ១៥០០០លីត្រ និង ចែកទឹកសុទ្ធសំរាប់ហូបចំនួន ១៥០យួផងដែរ។
ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថាៈ គ្រោះរាំងស្ងួត ខ្វះខាតទឹកប្រើប្រាស់នេះ បានកើតឡើងនៅទូទាំងប្រទេស ហើយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានណែនាំដល់ថ្នាក់ដឹកនាំខេត្ត និង អាជ្ញាធរគ្រាប់ជាន់ថ្នាក់ កងកំលាំងប្រដាប់អាវុធ មន្រ្តីរាជការ និងសប្បរសជន ត្រូវរួមគ្នាជួយដោះស្រាយការលំបាកនិង ដឹកទឹកចែកជូនអោយប្រជាពលរដ្ឋបានប្រើប្រាស់ទាន់ពេលវេលា។ ជាក់ស្តែងពី បីថ្ងៃកន្លងទៅនេះអាជ្ញាធរខេត្ត និងមន្ត្រីក្រោមឱវាទ កងកំលាំងប្រដាប់អាវុធ បានដឹកទឹកសំរាប់ប្រើប្រាស់ និងទឹកសុទ្ធសំរាប់ហូប យកចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តបានជាច្រើនភូមិមកហើយ ដើម្បីឆ្លើយតបការ ខ្វះខាតទឹកប្រើប្រាស់របស់បងប្អូន ។ ដោយឡែកពេលនេះ ចែកជូនប្រជាពលរដ្ឋនៅភូមិស្រង់មានជ័យ និងភូមិស្រះពីរ និង បន្ត ចែកចាយទឹកស្អាតជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋនៅតាមភូមិ ឃុំ/សង្កាត់ ទាំងអស់ដែលខ្វះខាតទឹកប្រើប្រាស់នៅក្នុងទូទាំងខេត្តប៉ៃលិន។ ឯកឧត្តមបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវសហការ និងធ្វើការរាយការណ៏ជាបន្ទាន់អំពីបញ្ហាការខ្វះខាតទឹកដើម្បីអោយថ្នាក់ដឹកនាំ និងក្រុមការងារចុះជួយបានដឹងនិងដោះស្រាយជូនអោយបានទាន់ពេលវេលា។ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាសុខភាព អនាម័យ គឺហូបស្អាត រស់នៅស្អាត បើសិនកើតមានជំងឺអ្វីសូមទៅមណ្ឌលសុខភាពដែលជិតផ្ទះជាបន្ទាន់ដើម្បីអោយគ្រូពេទ្យពិនិត្យនិងព្យាបាលទាន់ពេលវេលា។
[youtube id= “RrKTmQGSOo8”]