ឯកឧត្តម អ៊ី ឈាន និង លោកជំទាវ បាន ស្រីមុំ ក្នុងនាមកាកបាតក្រហមកម្ពុជាខេត្តប៉ៃលិន បានបន្ត ចុះចែកទឹកស្អាតជូនដល់ប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់ចំនួន ០៣ ភូមិក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន


​(28-04-2016) ប៉ៃលិន៖ ថ្ងៃ​ទី២៨ ​ខែមេសា ​ឆ្នាំ​២០១៦ ​ឯក​ឧត្តម​ អ៊ី ​ឈាន​ ប្រធាន​កិត្តិយស​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​ប៉ៃលិន​ លោក​ជំទាវ​ បាន​ ស្រីមុំ​ អ្នក​តំណាង​រាស្រ្ត​មណ្ឌល​ខេត្ត​ប៉ៃលិន ​និង​ជា​ប្រធាន​គណៈ​កម្មាធិការ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត ​រួម​នឹង​ក្រុម​ការងារ​កាក​បាទ​ក្រហម​ខេត្ត ​បាន​អញ្ជើញ​ចុះ​បន្ត​ចែក​ទឹក​ស្អាត​ និង​ប៊ីដុង​ទឹក ​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ​ចំនួន​៣ភូមិ​ ក្នុង​ឃុំ​ស្ទឹង​ត្រង់​ ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន​។​

​ប្រជា​ពល​រដ្ឋ​ទាំង​៣ភូមិ​ដែល​ទទួល​បាន​ទឹក​ស្អាត ​និង​ប៊ីដុង​ទឹក​នា​ឱកាស​នោះ​មាន​ ភូមិ​ភ្នំក្រិញ​  ភូមិ​អន្លង់​រក្សា ​និង​ភូមិ​ អូរ​កន្ធាង​វ៉ា ​សរុប​មាន​ប្រជា​ពល​រដ្ឋ​ចំនួន ​២៨៧គ្រួសារ  ​និង​បាន​ចែក​ជូន​ទឹក​សំរាប់​ប្រើប្រាស់​ដល់​ប្រជា​ពល​រដ្ឋ​អស់​ទឹក​ចំនួន ​៨៤៤០០លីត្រ​ ក្នុង​នោះ​មាន​ទឹក​សំរាប់​ប្រើប្រាស់​ចំនួន​៨២០០០​លីត្រ​ និង​ទឹក​សុទ្ធ ​សំរាប់​បរិភោគ​ចំនួន​២៤០០លីត្រ​។​

​ ឯក​ឧត្តម​ អ៊ី ​ឈាន ​លោក​ជំទាវ​ បាន ​ស្រីមុំ ​បាន​មាន​ប្រសាសន៍​ពាំនាំ​ការ​សាក​សួរ​សុខ​ទុក្ខ​ ការ​អាណិត​អាសូរ​ ពី​សំណាក់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះរា​ជាណា​ចក្រ​កម្ពុជា ​និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន ​រ៉ានី ​ហ៊ុន​សែន ​ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ​ជូន​ចំពោះ​បងប្អូន​ប្រជា​ពល​រដ្ឋ​ទាំង​អស់ ​ដែល​កំពុង​ជួប​ប្រទះ​បញ្ហា​គ្រោះ​រាំង​ស្ងួត ​ខ្វះខាត​ទឹក​ប្រើប្រាស់។​ ឯក​ឧត្តម ​អ៊ី ​ឈាន​បាន​មាន​ប្រសាសន៍ថា​ គ្រោះ​រាំង​ស្ងួត​ ខ្វះ​ខាត​ទឹក​ប្រើប្រាស់​នេះ ​បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស ​ហើយ​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ​ហ៊ុន​ សែន ​ក៏​បាន​ណែនាំ​ដល់​កាក​បាទ​ក្រហម​កម្ពុជា​ អាជ្ញាធរ​មូល​ដ្ឋាន​គ្រប់​ជាន់​ថ្នាក់​ កង​កំលាំង​ប្រដាប់​អាវុធ ​មន្រ្តី​រាជការ ​និង​គណ​បក្ស​នយោ​បាយ​ទាំង​អស់​ ត្រូ​វរួម​គ្នា​ជួយ​ដោះស្រាយ​ នាំ​យក​ទឹក​ចែក​ជូន​បងប្អូន​ប្រជា​ពល​រដ្ឋ ​អោយ​ពួក​គាត់​បាន​ប្រើប្រាស់ ​ទាន់​ពេល​វាលា​។​ ជាក់​ស្តែង​នៅ​ក្នុង​ឱកាស​នេះ​ ក្រុម​ការងារ​សាខា​កាក​បាទ​ក្រហម​ខេត្ត​ដែល​មាន​ឯក​ឧត្តម​ អ៊ី ​ឈាន​ ជា​ប្រធាន​កិត្តិ​យស​ លោក​ជំទាវ ​បាន​ ស្រីមុំ ​អ្នក​តំណាង​រាស្រ្ត​មណ្ឌល​ខេត្ត​ប៉ៃលិន ​និង​ប្រធាន​គណៈ​កម្មាធិការ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​ បាន​នាំ​យក​ទឹក​សំរាប់​ប្រើប្រាស់ ​និង​ទឹក​សុទ្ធ​សំរាប់​បរិភោគ​ មក​ចែក​ជូន​ដល់​បងប្អូន​ប្រជា​ពល​រដ្ឋ​ នៅ​ក្នុង​ភូមិ​ ភ្នំក្រិញ ​អន្លង់​រក្សា​និង​ ភូមិ​អូរកន្ធាងវ៉ា​នេះ ​ដើម្បី​សំរួល​ដល់​ការ​លំបាក​ក្នុង​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​របស់​ប្រជា​ពល​រដ្ឋ ​ក្នុង​ពេល​កំពុង​ជួប​គ្រោះ​រាំង​ស្ងួត​នា​ពេល​នេះ​។​ ឯក​ឧត្តម​ បាន​បន្តថា​ ការ​ចែកចាយ​ទឹក​ស្អាត​ជូន​ប្រជា​ពល​រដ្ឋ​នេះ​មិន​មែន​ធ្វើ​តែ​ក្នុង​ពេល​នេះ ​ហើយ​ក៏​មិន​មែន​ចែក​ជូន​តែ​បងប្អូន​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ភូមិ​ទាំង​បីនេះ​ដែរ​ គឺ​យើង​បាន​ធ្វើ​ជា​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ ​និង​នៅ​មាន​បន្ត​ចែក​ទឹក​ទៅ​ថ្ងៃ​ខាង​មុខ​ៗ​ទៀត​ នៅ​តាម​ភូមិ​ ឃុំ​នានា​ទូទាំង​ខេត្ត​ដែល​កំពុង​មាន​បញ្ហា​ខ្វះខាត​ទឹក​ប្រើប្រាស់។​ ឯក​ឧត្តម​បាន​បន្តថា​ នៅ​ចំនុច​ឃុំ​ស្ទឹង​ត្រង់​នេះ ​គឺ​ងាយ​រង​គ្រោះ​ធម្មជាតិ​ណាស់ ​ពេល​មាន​ភ្លៀង​ខ្លាំង ​បង្កើត​បាន​ជា​ទឹក​ជំនន់​ ជន់​លិច​ផ្ទះ​ប្រជា​ពល​រដ្ឋ ​ ពេល​មាន​អាកាស​ធាតុ​ក្តៅ​ហួត​ហែង​ខ្វះ​ទឹក​ប្រើប្រាស់ ​គឺ​ឃុំ​ស្ទឹង​ត្រង់​ងាយ​ទទួល​រង​គ្រោះ​ធម្មជាតិ​ជាង​ឃុំ​ផ្សេងៗ​។​

cpp-28-04-2016-005 cpp-28-04-2016-006 cpp-28-04-2016-007 cpp-28-04-2016-008vv

[youtube id= “qNMC33CddNE”]