អាជ្ញាធរខេត្តប៉ៃលិន ដោះស្រាយទឹកជូនប្រជាពលរដ្ឋនៅតាមភូមិនានាដែលកំពុងជួបបញ្ហាកង្វះទឹកប្រើប្រាស់


​(26-04-2016) ប៉ៃលិន៖ ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន ​នៅព្រឹក​ថ្ងៃទី២៧​ខែមេសា ​ឆ្នាំ​២០១៦ ​បាន​ដឹកនាំ​កង​កំលាំង​ប្រដាប់​អាវុធ ​មន្រ្តី​រាជការ ​និង​សប្បុរស​ជន​នានា​ក្នុង​ខេត្ត​ ចុះ​ផ្តល់​ទឹក​ជូន​ប្រជា​ពល​រដ្ឋ​ដែល​កំពុង​ជួប​បញ្ហា​ប្រឈម​ខ្វះខាត​ទឹក​ប្រើប្រាស់​ចំនួន​០២ភូមិ​គឺ ​ភូមិថ្មី ​ ស្ថិត​ក្នុង​សង្កាត់​ទួល​ល្វា ​និង​ភូមិ​ទួលខៀវ​ ស្ថិត​ក្នុង​សង្កាត់​ប៉ៃលិន ​ក្រុង​ប៉ៃលិន ​សរុប​មាន​ចំនួន​១៦៧​គ្រួសារ ​ស្មើ​និង​មនុស្ស​រាយ​មាន​ចំនួន​៧៣៤នាក់​។​

​ក្នុង​ឱកាស​នោះ​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​ខេត្ត​ប៉ៃលិន​មាន​ប្រសាសន៏ថា ​ក្នុង​ឆ្នាំនេះ​ ស្ថាន​ភាព​ជាទូទៅ​ស្ទើរ​ទូទាំង​ប្រទេស ​និង​ប្រទេស​ជិត​ខាង​មួយ​ចំនួន​បាន​ជួប​បញ្ហា​ខ្វះខាត​ទឹក​ប្រើប្រាស់​នេះ​ ដោយ​សារ​ការ​បម្រែ​បម្រួល​អាកាស​ធាតុ ​ក្នុង​នោះ​រួម​មាន​ការ​កើន​ឡើង​កំដៅ​ខ្លាំង ​ ស្រះ​ទឹក ​អណ្តូង​ អូរ​ ស្ទឹង​ បាន​រីង​ហួតហែង​ស្ទើ​ទាំង​អស់ ​ធ្វើ​អោយ​ប្រជា​ពល​រដ្ឋ​ខ្វះ​ខាត​ទឹក​ប្រើប្រាស់ ​និង​បរិភោគ​ប្រចាំថ្ងៃ ​។ ​ទមន្ទឹម​ការការ​ចុះ​ផ្តល់​ទឹក​នៅ​តាម​ផ្ទះ​ជូន​ប្រជា​ពល​រដ្ឋ ​ដើម្បី​ដោះ​ស្រាយ​ការ​លំបាក​ចំពោះ​មុខ ​ អាជ្ញាធរ​ខេត្ត​ក៏​បាន​ប្រើប្រាស់​មធ្យោបាយ​ផ្សេង​ទៀត​ ក្នុង​នោះ​បាន ​ជំរុញ​ឲ្យ​មន្ទីរ​ជំនាញ ​ពាក់ព័ន្ធ​នានា ​ដូច​ជា​មន្ទីរ​ធនធាន​ទឹក​ចុះ​បូម​ទឹក​ជូន​ប្រជា​ពល​រដ្ឋ​សម្រាប់​ទីតាំង​ណា​ដែល​មាន​ប្រភព​ទឹក​សម្រាប់​បូម ​ក្នុង​នោះ​សម្រេច​បាន​ការការ​បូម​សង្រ្គោះ​ជូន​ប្រជា​ពល​រដ្ឋ​០២ភូមិ​ ក្នុង​ឃុំ​សាលា​ក្រៅ​ដែល​មាន​ប្រជា​ពល​រដ្ឋ​៦៥០គ្រួសារ  ​និង ​ការ​ប្រើប្រាស់​គ្រឿង​ចក្រ​ចុះ​កាយ​ស្រះ​នៅ​តាម​ពោះអូរ​ដែល​រីង​ស្ងួត​ហើយ​បាន​ទទួល​ទឹក​ប្រើប្រាស់​ចំនួន​២១កន្លែង ​ស្មើ​និង​ចំនួន​៣០ភូមិ  ​ប្រជា​ពល​រដ្ឋ​ដែល​ទទួល​ផល​មាន​ចំនួន​២៣១០​គ្រួសារ​។ ​មន្ទីរ​សាធារណៈការ​ក៏​បាន​ចុះ​កាយ​ស្រះ​ចំនួន​០៤កន្លែង​ និង​មន្ទីរ​អភិវឌ្ឍន៏​ជនបទ​ខេត្ត​ចុះ​ធ្វើ​ការ​ជួស​ជុល​អណ្តូង​នៅ​តាម​ភូមិ ​ឃុំ ​សង្កាត់ ​នានា​ដែល​មាន​ស្រាប់​ជូន​បងប្អូន​ប្រជា​ពល​រដ្ឋ​ចំនួន​១៣​កន្លែង​ ។​ ដោយ​ឡែក​អាជ្ញាធរ​ក្រុង​ប៉ៃលិន​ក៏​បាន​សហការ​ជា​មួយ​ស្នងការ​នគរបាល​ខេត្ត​ ដឹកទឹក​ចែក​ជូន​ប្រជា​ពល​រដ្ឋ​រស់នៅ​ភូមិ​ក្រចាប់​លើ ​សង្កាត់​អូរតាវ៉ៅ ​ក្រុង​ប៉ៃលិន ​បាន​ចំនួន​២៥៤​គ្រួសារ​ផង​ដែរ​។​ នៅ​ក្នុង​កិច្ច​អន្តរា​គមន៏​ចុះ​ចែក​ទឹក​ជូន​ប្រជា​ពល​រដ្ឋ​នោះ​គឺ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត​ ចុះ​ដល់​ផ្ទះ​ប្រជា​ពល​រដ្ឋ​ដោយ​ធ្វើ​ការ​ប្រមូល​ផ្តុំ​គ្រួសារ​មួយ​កន្លែង​ៗ​ពី៥​ គ្រួសារ​ទៅ​ និង​ការ​ផ្តល់​ទឹក​ដល់​ពាង​ឬ​អាង​សម្រាប់​ទីតាំង​ណា​ដែល​រថយន្ត​ចូល​ទៅ​ដល់ ​និង​ប្រើប្រាស់​ប៊ីដុង​ឬ​សំភារៈ​ផ្សេងៗ​ដែល​អាច​ដាក់​ទឹក​បាន​ ក្នុង​នោះ​ឯក​ឧត្តម​អភិបាល​ខេត្ត​បាន​ណែនាំ​ឲ្យ​កំលាំង​ចុះ​អន្តរាគមន៏ ​យក​ចិត្ត​ទុក​ដាក់​ផ្តល់​ទឹក​ដល់​ផ្ទះ​សម្រាប់​គ្រួសារ​ដែល​ខ្វះលទ្ធ​ភាព​ពល​កម្ម​រួម​មាន ​លោក​យាយ​លោក​តា​ចាស់​ជរា ​ស្រ្តី​មេយ៉ាយ​ គ្រួសារ​មាន​ជំងឺ ​ជន​ពិការ ​និង​បាន​ផ្តល់​ទឹក​សុទ្ធ​ជូន​លោក​គ្រូ​អ្នក​គ្រូ​ដែល​កំពុង​បង្រៀន​នៅ​ក្នុង​សាលា​បឋម​សិក្សា​ភូមិ​ថ្មី​ផង​ដែរ​។​

cpp-26-04-2016-001 cpp-26-04-2016-002 cpp-26-04-2016-003 cpp-26-04-2016-004vv

[youtube id= “MXNaLGD-ciM”]