(25-04-2016) ប៉ៃលិន៖ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម កើត សុធាអភិបាល នៃគណអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីភាពក្នុងទិវាជាតិប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់ ក្រោមប្រធានបទ បញ្ចប់ជម្ងឺគ្រុនចាញ់ អភិវឌ្ឍសហគមន៍ ដែលបានប្រារព្វឡើងនៅវិទ្យាល័យ ហ៊ុនសែនក្រុងទេពនិម្មិតខេត្តប៉ៃលិន ។ ទិវានេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ អង្គការដៃគូ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុបជិត៧០០នាក់។
លោកវេជ្ជបណ្ឌិត សេង រ៉ន ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានអោយដឹងថា បច្ចុប្បន្ននេះនៅក្នុងខេត្តប៉ៃលិន យើងបាននិងកំពុងអនុវត្តគោលការណ៍ធ្វើរោគវិន្និច្ឆ័យរហ័ស និងព្យាបាលគ្រុនចាញ់ទាន់ពេលវេលា នៅសេវាសុខភាពសាធារណៈ ដែលមាន៦មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកមួយ ផ្តល់នូវការថែទាំដោយមន្រ្តីដែលទទួលការបណ្តុះបណ្តាលត្រឹមត្រូវ មានឧបករណ៍ធ្វើរោគវិន្និច្ឆ័យ និងឱសថមានគុណភាពខ្ពស់ ។ ការអនុវត្តសកម្មភាពអ្នកស្ម័គ្រចិត្តព្យាបាលគ្រុនចាញ់តាមសហគមន៍ ដែលបច្ចុប្បន្នបានពង្រីកអោយមាននៅគ្រប់ភូមិនៅទូទាំងខេត្ត ហើយបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើរោគវិន្និច្ឆ័យ និងព្យាបាលគ្រុនចាញ់ទាន់ពេលមុនជម្ងឺនេះវិវត្តទៅរកភាពធ្ងន់ធ្ងរ និងបានរួមចំណែកកាត់បន្ថយការចំណាយផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងការស្វែងរកការព្យាបាល។ លោកបានបន្តថា ជាលទ្ធផលយើងទទួលបាន ករណីជម្ងឺគ្រុនចាញ់ធ្ងន់ធ្ងរថយចុះពី៨១ករណី នៅឆ្នាំ២០០៨ មកនៅត្រឹម ១១ករណីក្នុងឆ្នាំ២០១៥។ គ្មានករណីស្លាប់ដោយសារគ្រុនចាញ់ចាប់តាំងពីឆ្នាំ២០០៩មក។ បើប្រៀបធៀប៣ខែដើមឆ្នាំ២០១៥ និង២០១៦ ចំនួនករណីគ្រុនចាញ់ថយចុះពី១៣៨ករណី ក្នុង៣ខែដើមឆ្នាំ២០១៥ មកនៅត្រឹម៦១ករណីក្នុង៣ខែដើមឆ្នាំ២០១៦ និងមានអត្រាអាំងតង់ស៊ីតេជម្ងឺគ្រុនចាញ់ធ្លាក់ចុះគួរកត់សំគាល់។ ប៉ុន្តែសមាមាត្រមេរោគគ្រុនចាញ់ប្រភេទ ហ្វាល់ស៊ីប៉ារ៉ូមទៅនឹងប្រភេទមេរោគផ្សេងទៀតមានការកើនឡើង២ដង ក្នុងឆ្នាំ២០១៥ បើប្រៀបនឹងឆ្នាំ២០១៤ ដែលការកើនឡើងនេះភាគច្រើនដោយសារពលរដ្ឋចល័តពីតំបន់គ្រុនចាញ់ទូទាំងប្រទេស មកកាន់ខេត្តប៉ៃលិន ដោយនាំយកប្រភេទមេរោគនេះមកជា មួយ។ម្យ៉ាងទៀតដោយការប្រើថ្នាំ DHA-PIP មានកំរិតភាពសាំខ្ពស់នៅប៉ៃលិន។
ឯកឧត្តម កើត សុធាអភិបាល នៃគណអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា កាលពីអតីតកាលខេត្តប៉ៃលិនសំបូរដោយជម្ងឺគ្រុនចាញ់ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះករណីជម្ងឺគ្រុនចាញ់បានថយចុះជាច្រើនពីចំនួន ម៉ឺនករណីក្នុងឆ្នាំ២០០០ មកនៅត្រឹមរយករណីក្នុងឆ្នាំ២០១៥។ ភាពជោគជ័យដ៏ធំធេងរបស់ខេត្តប៉ៃលិន គឺការរក្សាបាន គ្មានករណីស្លាប់ដោយជម្ងឺគ្រុនចាញ់៧ឆ្នាំជាប់គ្នា គិតពីឆ្នាំ២០០៩ មកដល់ឆ្នាំ២០១៥នេះ។ នេះជាលទ្ធផលវិជ្ជមានមួយដែលជាការឆ្លើយតបទៅនឹងទិសដៅរយៈពេលខ្លី ឆ្នាំ២០១១-២០១៥ នៃផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជម្ងឺគ្រុនចាញ់។ ឯកឧត្តមបានបន្តថា ដើម្បីឈានទៅសំរេចទិសដៅយុទ្ធសាស្រ្តជាតិលុបបំបាត់ជម្ងឺគ្រុនចាញ់អោយបានក្នុងឆ្នាំ២០២៥ យើងត្រូវរួមគ្នាគិតគូ ទាំងមន្ទីរស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធ អង្គការដៃគូ អាជ្ញាធរដែនដីបណ្តាញអ្នកស្ម័គ្រចិត្តភូមិ និងសហគមន៍ ដែលជាក្រុមការងារពិសេសលុបបំបាត់ជម្ងឺគ្រុនចាញ់ខេត្ត ត្រូវជម្រុញការងារនេះសម្រេចតាមទិសដៅយុទ្ធសាស្រ្តជាតិ ឆ្នាំ២០២៥ប្រទេសកម្ពុជា គ្មានជម្ងឺគ្រុនចាញ់។
ឯកឧត្តម វជ្ជ.ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអានសារលិខិតសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានសំដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះគ្រប់សកម្មភាពទាំងអស់ដែលបាននិងកំពុង អនុវត្តក្នុងការជំរុញ និងបំផុសការយល់ដឹងជាជាសារធារណៈនិងការយល់ដឹងអោយកាន់តែទូលំទូលាយនៅទូទាំងប្រទេស ជាពិសេស នៅតាមទីជនបទ ដើម្បីផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់របស់ប្រជាជនក្នុងការប្រតិបត្តិនៃការរស់នៅស្អាត ។ ជំងឺគ្រុនចាញ់មិនត្រឹមតែធ្វើអោយប៉ះពាល់ដល់សុខភាព ខាតបង់ថវិការតាមរយៈការចំណាយដោយផ្ទាល់លើការព្យាបាល ការខាតបង់ការងារ ការបាត់បង់ផលិតភាព និងអាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះពាល់អវិជ្ជមានដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចទៀតផង។ តាមទស្សនាទាននេះ យើងទាំងអស់គ្នាចាំបាច់ត្រូវបន្តយកចិត្តទុកដាក់លើបញ្ហាជំងឺគ្រុនចាញ់ ដោយមិនអាចមើលរំលងបានឡើយ។ ការប្រារព្ធទិវាគ្រុនចាញ់ក្រោមប្រធានបទ(បញ្ចប់ជំងឺគ្រុនចាញ់ អភិវឌ្ឍន៏សហគមន៏) នេះសមស្របនិងដំណើរវិវត្តសង្គមសេដ្ឋកិច្ចរបស់កម្ពុជា ខណៈដែលកម្ពុជានៅប្រឈមជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥ ដែលជាផែនទីបង្ហាញផ្លូវ និងបង្កលក្ខណៈងាយស្រួលដល់ការប្រតិបត្តិជាក់ស្តែងលើការងារលុបបំបាត់ជំងឺគ្រុនចាញ់។ សម្តេចបានបន្តថា៖យើងមិនត្រូវភ្លេចខ្លួន ហើយស្កប់ស្កល់និងលទ្ធផលដែលយើងទទួលបាននោះទេ ព្រោះថាជំងឺគ្រុនចាញ់នៅតែជាបន្ទុកដ៏ធ្ងន់មួយរបស់កម្ពុជា ហើយបើយើងមិនទាន់លុបបំបាត់មេរោគគ្រុនចាញ់ អោយអស់ពីក្នុងខ្លួនមនុស្សគ្រប់រូបទេនោះ សត្វមូលដែកគោលញី ដែលនៅបន្តមានវត្តមានក្នុងព្រៃនិងតំបន់ជុំវិញ នៅតែមានឱកាសបឺតឈាមចម្លងមេរោគគ្រុនចាញ់ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀតពីសហគមន៏មួយទៅសហគមន៏មួយដដែល។ ឯកឧត្តមបានណែនាំសូមអោយបងប្អូនប្រជា ពលរដ្ឋត្រូវមកទទួលសេវាសុខភាពនៅមណ្ឌលសុខភាព ឬមន្ទីពេទ្យបង្អែក ដែលជាស្ថាប័នរបស់រដ្ឋមានការបណ្តុះបណ្តាលជំនាញបច្ចេកទេសត្រឹមត្រូវជៀសវាងទទួលសេវាសុខភាពជាមួយគ្រូពេទ្យដែលគ្មានសញ្ញាប័ត្រទទួលស្គាល់ត្រឹមត្រូវនោះទេ។ ម្យ៉ាងទៀត បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែរស់នៅស្អាត ផឹកស្អាត និងរស់នៅក្នុងបរិស្ថានល្អ កុំចោសសំរាមពាលវាលពាសកាល ពិសេសយុវវ័យទាំងអស់ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន។
ក្នុងថ្ងៃដដែលនោះដែរ ឯកឧត្តម បណ្ឌិត ម៉ម ប៊ុន ហេង និងប្រតិភូ ក៏បានអញ្ជើញចុះសាកសួរសុខទុក្ខដល់ក្រុមគ្រូពេទ្យ និង អ្នកជម្ងឺ ដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ ឯកឧត្តមបានមានប្រសាសន៍សំដែងការសោកស្តាយ អាណិតអាសូរដល់បងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាសុខភាព ខាតបង់ពេលវេលាមកសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនេះ ហើយបានផ្តាំផ្ញើរដល់ក្រុមគ្រូពេទ្យត្រូយកចិត្តទុកដាក់ព្យាបាលអ្នកជម្ងឺអោយបានល្អ ត្រូវមានសំដីសំដៅសុភាពរាបសារ ចាត់ទុកអ្នកជម្ងឺដូចជាបង ប្អូន ឪពុកម្តាយរបស់ខ្លួនដែរ។ ឯកឧត្តមបានផ្តាំផ្ញើរដល់បងប្អូន ប្រជាពលរដ្ឋអ្នកជម្ងឺទាំងអស់ត្រូវមាន អនាម័យ ល្អ ពិសារទឹកឆ្អិន ពិសេសក្នុងពេលមានអាកាសធាតុក្តៅនេះ ត្រូវមានការប្រុងប្រយ័ត្នថែទាំសុខភាព ខ្លួន និងក្រុមគ្រួសារអោយបានល្អ៕
[youtube id= “6o_MtRbFwEE”]