(14-02-2015) ប៉ៃលិន៖ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥ មានរៀបចំប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងប្រកាសក្រុមការងារចុះជួយឃុំ សង្កាត់ ទូទាំងខេត្តដែលកិច្ចប្រជុំនេះស្ថិតក្រោមវត្តមាន ឯកឧត្តម អ៊ីឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន។
ឯកឧត្តម កើត សុធា សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបានអានសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសដែលខ្លឹមសារថាៈ មហាសន្និបាតបានពិនិត្យយ៉ាងល្អិតល្អន់ចំពោះសភាពការណ៍ទូទៅរបស់គណបក្សឆ្នាំ២០១៣/២០១៤ សភាពការណ៍បោះឆ្នោតតំណាងរាស្ត្រនិតិកាលទី៥ និងលើកទិសដៅភារៈកិច្ចរបស់គណបក្សសម្រាប់ឆ្នាំ២០១៥ និងឆ្នាំបន្តទៀតប្រកបដោយការឯកភាពខ្ពស់។គាំទ្រពេញទំហឹងចំពោះការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនិតិកាលទី៥ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ដែលទទួលបានជោគជ័យក្នុងឆ្នាំដំបូងនេះ សេដ្ខកិច្ចកម្ពុជាមានកំណើន៧% បៀវត្សមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធត្រូវបានបង្កើនថែមទៀត ហើយនិងកើនដល់ជាង១លានរៀនឆ្នាំ២០១៨។ ប្រាក់ខែឈ្នួលអប្បបរមាប្រចាំខែរបស់កម្មករត្រូវបានតម្លើងជាបន្តបន្ទាប់ ហើយត្រូវបានតម្លើងកើនដល់១៦០ដុល្លាឆ្នាំ២០១៨។ កម្ពុជាបន្តពង្រឹងពង្រីកចំណងមិត្តភាពនិងសហប្រតិបត្តិការជាមួយប្រទេសទាំងអស់ដោយមិនប្រកាន់របបនយោបាយនិងអង្គការអន្តរជាតិនានាដើម្បីរួមចំណែកការពារសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពក្នុងតំបន់និងសកលលោក។ជំរុញយ៉ាងសកម្មនូវការអនុវត្តកិច្ចព្រមព្រៀងរវាងគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៤។
បន្ទាប់ពីលោក ស៊ុន យី បានអានសេចក្តីសម្រេចកែសំរួលក្រុមការងារចុះជួយឃុំ សង្កាត់ទូទាំងខេត្តរួចមក ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍ថាៈគណបក្សប្រជាជនបានជំរុញយ៉ាងខ្លាំងនូវដំណើរការកែទំរង់ទូលំទូលាយនិងស៊ីជម្រៅដែលត្រូវបានអនុវត្ត និងកំពុងអនុវត្តប្រកបដោយផ្លែផ្កា ដោយកំណត់ថាការកំណែទម្រង់ការងារដ៏មានសារៈសំខាន់សម្រាប់អាយុជីវិតជាតិយើង និងគណបក្សប្រជាជនកម្ពុជា។ដូច្នេះសមាជិកសមាជិការគណបក្សទាំងអស់ត្រូវយកសេចក្តីសម្រេចនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជាទៅអនុវត្តការងារជាក់ស្តែងនៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានល្អ ជាពិសេសត្រូវពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុងឱ្យបានខ្ពស់។
[youtube id= “cx2Xj8x8aP8”]