(14-03-2016) ប៉ៃលិន៖ ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៦ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិនបាន ប្រារព្វទិវាវប្បធម៌ជាតិ ៣មិនា លើកទី១៨ ឆ្នាំ២០១៦ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ ក្រោមអធិបតីភាព ឯកឧត្តម ឃឹម សារិទ្ធ រដ្ឋលេខាធិការក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម កើត សុធា អភិបាល នៃគណអភិបាលខេត្តប៉ៃលិន និងដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធាន អនុប្រធានមន្ទីរ ជំនាញជុំវិញខេត្ត កងកំលាំងមានសមត្ថកិច្ច ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់ទៀតផងដែរ។
លោក លឹម ប៊ុនហេង ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិនបានមានប្រសាសន៍ថា រាជរដ្ឋភិបាលកម្ពុជា បានយកចិត្តទុកដាក់លើកស្ទួយវិស័យវប្បធម៌ ដោយសម្រេចកំណត់យកប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ ក្នុងគោលបំណងធ្វើអោយប្រជាជន មហាជន ពិសេសយុវជន ត្រូវបង្កើននូវការដឹងគុណចំពោះបុព្វការីជន ដែលបានខិតខំប្រឹងប្រែងកសាងសម្បត្តិវប្បធម៌ជាតិ ដ៏សម្បូរបែប ប្រកបដោយសក្តានុពលភាព ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គម និងភាពសុខសាន្តរបស់ប្រជាជនយើង។ ការយល់ដឹងកាន់តែច្បាស់ពីតម្លៃនៃវប្បធម៌ជាតិ ដែលជាប្រភពមិនចេះរីងស្ងួត ក្នុងការបង្កើតការងារ និងកាលានុវត្តភាព ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ប្រកបដោយប្រសិទ្ធភាពពីធនធានទាំងនោះ។ កាន់តែស្រឡាញ់ និងកាន់តែមានស្មារតីចូលរួមចំណែកថែមទៀត ក្នុងការថែរក្សា ការពារវប្បធម៌ចម្រុះនៅកម្ពុជា ដែលជាមូលដ្ឋាននៃការសាមគ្គីភាព ឯកភាព និងភាពសុខសាន្តរបស់ប្រជាជនព្រមទាំងសុខដុមភាពនៃវប្បធម៌។
ឯកឧត្តម កើត សុធា អភិបាល នៃគណអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា សម្បត្តិវប្បធម៌គឺជាដួងព្រលឹង និងជាអត្តសញ្ញាណជាតិ ជាមរតកប្រកបដោយសក្តានុពលក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គម និងជាមូលដ្ឋានគ្រឹះក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរឹងមាំពីសង្គមមួយទៅសង្គមមួយ ពីក្រុមមួយទៅក្រុមមួយ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត អោយចេះរួមរស់ជាមួយគ្នា ប្រកបដោយសុខដុមរមនា និងគ្មានការរើសអើងពូជសាន៍។ ឯកឧត្តម បានមានប្រសាសន៍បន្តថា ដើម្បីអោយខ្លឹមសារ និងចលនានៃទិវាវប្បធម៌ជាតិ ៣មិនា ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិបានជ្រួតជ្រាប ផុលផុសដល់ប្រជាជន មហាជន ពិសេសយុវជន ដែលជាទំពាំងស្នងឬស្សី មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវពង្រឹង ពង្រីក លើកកំពស់, បំផុសការចូលរួម, បង្កើតកម្មវិធីសិល្បៈវប្បធម៌ថ្មីៗ, ធ្វើអោយមានទំនើបកម្មទាន់សម័យ សកលភាវូបនីយកម្ម ក្នុងគោលបំណងចូលរួមពីប្រជាជន មហាជន ពិសេសយុវជន សម័យថ្មី ដើម្បីជម្រុញការអភិវឌ្ឍន៍វប្បធម៌ជាតិ អោយមានការរីកចំរើន ឈានទៅរកការលុបបំបាត់សកម្មភាពវប្បធម៌ពាលាអាវាសែ។ យើងទាំងអស់គ្នាត្រូវចូលរួមលើកកម្ពស់តម្លៃវប្បធម៌ សីលធម៌សង្គម តាមរយៈការលើកទឹកចិត្តដល់អ្នកមានស្នាដៃវប្បធម៌ ដូចជា វិរៈបុរស់សីល្បៈចាស់ៗ និងប្រជាជនមហាជន ជាពិសេសយុវជនសម័យថ្មី ដែលបាននឹងកំពុងចូលរួមក្នុងសកម្មភាពវប្បធម៌នាពេលបច្ចុប្បន្ន។ ជម្រុញការចូលរួមទប់ស្កាត់វប្បធម៌ពាលាអាវាសែ ដែលសង្គមស្អប់ខ្ពើម ចូលរួមបង្កើតស្នាដៃថ្មីៗ ធ្វើអោយទំនើប ជឿនលឿន សម្បូរបែប និងបន្តអភិរក្សបេតិកភ័ណ្ឌវប្បធម៌ជាតិដែលមានស្រាប់។
ឯកឧត្តម ឃឹម សារិទ្ធ រដ្ឋលេខាធិការក្រសួង វប្បធម៌ និងវិចិត្រសិល្បៈបានមានប្រសា សន៍ថា ប្រពៃណីវប្បធម៌របស់ជាតិយើងមានការអភិរក្ស និងមានការរីកចំរើន ក៏ប៉ុន្តែក៏មានវប្បធម៌បរទេសកំពុងមានការហូរចូលក្នុងសង្គមខ្មែរយើងផងដែរ ដែលវប្បធម៌ទាំងនោះខ្លះ គឺមិនល្អ ប៉ះពាល់ដល់វប្បធម៌ដ៏ល្អរបស់ខ្មែរយើង។ ឯកឧត្តមបន្តថា ប្រជាជន មហាជន យុវជនទាំងអស់ ពិសេសព្រះសង្ឃ គឺជាអ្នកថែរក្សា អភិរក្សនូវវប្បធម៌ជាតិយើង មិនមែនមានតែក្រសួង ឬមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈ នោះទេ។ ការសេពគ្រឿងញៀន អំពើរហឹង្សាក្នុងគ្រួសារ ក្មេងទំនើង អំពើរំលោភសេពសន្ទវៈ អំពើរចោរកម្មគ្រប់ប្រភេទ គឺជាទង្វើរដែលប៉ះពាល់ និងបំផ្លាញដល់វប្បធម៌របស់ជាតិយើង ដែលប្រជាពលរដ្ឋ មន្រ្តីរាជការ អាជ្ញាធរ សមត្ថកិច្ចគ្រប់ស្ថាប័ន ត្រូវរួមគ្នាទប់ស្កាត់អំពើទាំងអស់នេះ កុំអោយកើតមានក្នុងសង្គមរបស់យើង ។ យើងត្រូវតែចូលរួមអនុវត្ត អភិរក្សវប្បធម៌របស់យើង តាមរយៈការគាំទ្រ វិស័យសិល្បៈខ្មែរ មានចំរៀង, របាំង, ភាពយន្ត, ល្បែងប្រជាប្រិយខ្មែរ, ការស្លៀកពាក់ជាដើម។ ឯកឧត្តមបានបន្តទៀតថា អ្នកដែលថតចំលង ចែកចាយភាពយន្តបរទេស ឬ ភាពយន្ត,ចំរៀងដទៃទៀត គឺជាទង្វើមួយដែលបំផ្លាយវប្បធម៌របស់ជាតិ គិតតែពីផលចំណេញខ្លួនឯង មិនគិតពីវប្បធម៌របស់ជាតិឡើយ។មនុស្សទាំងអស់នេះត្រូវប្រឈមមុខនឹងការផ្តន្ទាទោស តាមច្បាប់ជាធរមាន។ ឯកឧត្តម បានណែនាំសូមអោយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ត្រូវខិតខំផ្សព្វផ្សាយវប្បធម៌ជាតិ អោយជ្រួតជ្រាបដល់ប្រជាជន មហាជន និងសហការជាមួយ អាជ្ញាធរ សមត្ថកិច្ច ប្រជាពលរដ្ឋទប់ស្កាត់វប្បធម៌បរទេស ពាលា អាវាសែ កុំអោយលុកលុយចូល ប៉ះពាល់ដល់វប្បធម៌របស់ជាតិយើង។
[youtube id= “esKF6tnaT0Q”]