(22-02-2016) ប៉ៃលិន៖ ល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ថ្នាក់ដឹកនាំខេត្តប៉ៃលិន និងមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជិតឆ្ងាយជាច្រើននាក់ បានអញ្ជើញចូលរួមពិធីមាឃបូជា ។ពិធីនេះប្រារព្ធធ្វើឡើងនៅវត្តរតនសោភ័ណ(ហៅវត្តកោង កាង) មានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិន លោកជំទាវ ជា លាប អភិបាលរងខេត្តប៉ៃលិន លោកជំទាវគង់ ស្តី កើត សុធា។
បន្ទាប់ពីឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិន ព្រមទាំងមន្ត្រីក្រោមឱវាទ ប្រជាពលរដ្ឋបានបូជាទៀនធូប និងនមស្សការព្រះរតនត្រៃសង្ខេប ព្រមទាំងសមាទាននិច្ចសីលរួចមក លោក សំ សាវឿន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន បានអានប្រវត្តិពិធីបុណ្យមាឃបូជាថា ៖បុណ្យមាឃបូជានេះជាពិធីបុណ្យមួយដែលមានសារៈសំខាន់ណាស់
នៅក្នុងព្រះពុទ្ធសាសនា ប្រារព្ធឡើងក្នុងគោលបំណងរំលឹកនឹកដល់ព្រឹត្តិការណ៏សំខាន់២គឺដូចជា៖ទី១/រំលឹកដល់ថ្ងៃចតុរង្គសន្និបាត នៃព្រះភិក្ខុសង្ឃទាំង១២៥០អង្គមកជួបជុំគ្នាដោយមិនមានការព្រៀងទុក ឫនិមន្តទុកឡើយ ហើយព្រះសង្ឃទាំងអស់នោះសុទ្ធតែជាព្រះខីណាស្រទាំងអស់។ជាងនោះទៅទៀត ព្រះអង្គក៏បានប្រកាសតាំង ព្រះសារីបុត្រ និងព្រះមោគលាន ជាសាវ័ក ឆ្វេងស្តាំ នាថ្ងៃ១៥កើត ខែមាឃ នៅវត្តវេឡុវ័ន ឋិតនៅក្នុងក្រុងរាជគ្រឹះ សព្វថ្ងៃនេះនៅប្រទេសឥណ្ឌា។ទី២/រំលឹកនឹកដល់ថ្ងៃព្រះសម្មាសម្ពុទ្ធទ្រង់ដាក់ព្រះជន្មាយុ សង្ខារ។ហើយជាងនេះទៅទៀតជាថ្ងៃរំលឹកដល់ព្រះសារីបុត្របានសម្រេចជាព្រះអរហន្តផងដែរ។
ឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៏ថា៖ក្នុងពិធីមាឃបូជានេះ ពិតជាមានមោទនៈភាពទឹកចិត្ត រីករាយណាស់ដោយបានឃើញបងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ លោកយាយជី ព្រះសង្ឃ ដែលមានសន្តានចិត្តជ្រះថ្លាជឿជាក់ព្រះពុទ្ធសាសនាហើយបានលះបង់កម្លាំងកាយចិត្តបូជាចំពោះព្រះរតនត្រ័យ និងបានជួយអប់រំកូនចៅអោយប្រតិបត្តិតែអំពើល្អ ដែលជាការរូមចំណែកកសាងធនធានមនុស្សល្អសំរាប់សង្គម។ ទទឹមនេះក្នុងនាមថ្នាក់ដឹកនាំខេត្តប៉ៃលិនក៏គោរពសិទ្ធិសេរីភាពខាងជំនឿ និងសាសនា លើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបង្កើនលក្ខណៈសម្បត្តិដ៏ល្អដល់សកម្មភាពសាសនាផ្សេងៗទៀត ដោយផ្អែកទៅលើមូលដ្ឋានថែរក្សាសាមគ្គីរវាងប្រជាពលរដ្ឋ អោយស្ថិតស្ថេរនិងរក្សាសណ្តាប់ធ្នាប់សង្គម ដោយមិនរើសអើងបែងចែកឋានៈ ពូជសាសន៏ ពណ៏សំបុល និងភាពខុសគ្នាខាងជំនឿសាសនាទេ។ឯកឧត្តម អៀង វុធ បានផ្តាំផ្ញើរដល់មន្ត្រីធម្មការនិង សាសនាខេត្តត្រូវពង្រឹងនូវវិស័យសាសនាបន្ថែមទៀតអោយមានសុខដុមរម្មណីកម្មសាសនា អោយបានស្ថិតស្ថេរដើម្បីអោយប្រជាពលរដ្ឋគោរពប្រតិបត្តិបានល្អប្រសើរនិងយូអង្វែង ។
[youtube id= “AiR1_T2WcLs”]