ការដោះស្រាយបញ្ហាលំបាក និងក្តីកង្វល់ចំពោះមុខរបស់ប្រជាពលរដ្ឋគឺជាការតព្វកិច្ចរបស់មន្រ្តីរាជការយើងដែលជាសេវ៉ារដ្ឋបំរើប្រជាជនគ្រប់ពេលវេលា


​(08-02-2016) ប៉ាំលិន៖ ថ្ងៃ​ទី៨​ខែកុម្ភៈ​ឆ្នាំ២០១៦ ​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ស្ថាន​ភាព​បង្ក​បង្កើន​ផល់​ស្រូវ​ប្រាំង​ និង​ពិនិត្យ​ស្ថានភាព​សាយ​ឡូ​ហាល​តំឡូង​មួយ​ចំនួន​ ដែល​បើក​អាជីវកម្ម​ទទួល​ទិញ​ពោត​តំឡូង​ពី​ប្រជា​ពល​រដ្ឋ ​និង​ចំការ​ដាំ​មៀន​ប៉ៃលិន​ទ្រង់ទ្រាយ​ធំ​១០០​ហិតា ​ នៅ​ស្រុក​សាលា​ក្រៅ ​ឯក​ឧត្តម​កើត​សុធា ​អភិបាល​ នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​ណែនាំ​ផ្ទាល់​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ​លោក​ប្រធាន​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត​ និង​លោក​ប្រធាន​មន្ទីរ​ធន​ធាន​ទឹក​ខេត្ត​ថា ​ ការ​ដោះស្រាយ​បញ្ហា​លំបាក​ និង​ក្តី​កង្វល់​ចំពោះ​មុខ​របស់​ប្រជា​ពល​រដ្ឋ ​ គឺ​ជាការតព្វ​កិច្ច​របស់​មន្រ្តី​រាជការ​យើង​ដែល​ជា​សេវ៉ា​រដ្ឋ​បំរើ​ប្រជា​ជន​គ្រប់​ពេល​វេលា ​។ ​ក្នុង​ដំណើរ​ចុះ​មើល​ស្ថាន​ភាព​បង្ក​បង្កើន​ផល​ស្រូវ​ប្រាំង​ជាក់​ស្តែង​នៅ​ភូមិ​ភ្នំ​កុយ​ឃុំ​សាលា​ក្រៅ​ ស្រុក​សាលា​ក្រៅ​ឯក​ឧត្តម​អភិបាល​ខេត្ត​បាន​ពិនិត្យ​ឃើញថា​  ស្រូវ​ប្រាំង​របស់​កសិករ​យើង​មួយ​ចំនួន​កំពុង​ជួប​បញ្ហា​ប្រឈម​រឿង​សត្វ​ល្អិត​បំផ្លាញ​ស្រូវ ​គឺ​កើត​បាតុ​ភាព​មាន​ដង្កូវ​ស៊ី​រូង​ដើម​ស្រូវ​ស្ទើ​ពេញ​ស្រែ​នីមួយ​ៗ​ធ្វើ​អោយ​ស្រូវ​ឡើង​ព៌ណ​ក្រហម​ព្រឿង ​ដាច់​ដង្ហើម​ងាប់​បណ្តូល​ដើម​ស្រូវ​ ។​ លោក​ សាយ​ សុផាត​ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាន​បញ្ជាក់​ថា ​បញ្ហា​ដង្កូវ​ស៊ីរូង​ដើម​ស្រូវ​នេះ​  គឺ​បណ្តាល​មក​ពី​មេ​អំបៅ​ម្យ៉ាង​ពង​ដាក់​ដើម​ស្រូវ​ហើយ​ញាស់​ជា​ដង្កូវ​ស៊ីរូង​ចូល​ទៅ​ក្នុង​ដើម​ស្រូវ​ធ្វើ​អោយ​ងាប់​ស្រូវ​តែម្តង​ ។​ លោក​សាយ ​សុផាត​បាន​ប្រាប់​វិធី​សាស្រ្ត​ដល់​ប្រជា​កសិករ​ថា ​យើង​មាន​វិធី​តែ​មួយ​គត់​ គឺ​កម្ចាត់​មេអំបៅ​ចង្រៃ​នេះ​អោយ​អស់​។ឯ​វិធី​កម្ចាត់​ងាយ​ស្រួល​ទេ ​គឺ​ពេល​យប់​ត្រូវ​ដាក់​អំពូល​ភ្លើង​អាគុយ​តាម​ភ្លឺស្រែ​ហើយ​ខាង​ក្រោម​អំពូល​ភ្លើង​ដាក់​ចាន​កាធុន​ទឹក​សាប៊ូ ​បញ្ឆោត​មេអំបៅ​អោយ​មក​លេង​ភ្លើង​ហើយ​ធ្លាក់​ចូល​ទឹក​សាប៊ូ​ស្លាប់​តែ​ម្តង​ ។​ វិធី​នេះ​ ប្រជា​កសិករ​យើង​ជា​ច្រើន​កន្លែង​ បាន​សាក​ល្បង​ធ្វើ​ហើយ​ទទួល​បាន​លទ្ឋ​ផល​យ៉ាង​ ល្អ​ប្រពៃ​គឺ​លែង​មាន​ដង្កូវ​ស៊ីរូង​ដើម​ស្រូវ​ទៀត​ ។​

ឯក​ឧត្តម ​កើត ​សុធា ​អភិ​បាល​ខេត្ត​បាន​បន្ត​ដឹកនាំ​មន្រ្តី​រាជការ​ជំនាញ​ទៅ ​ពិនិត្យ​មើល​ការ​ដាំ​មៀន​ប៉ៃលិន​ជា​ចំការ​ទ្រង់​ទ្រាយ​ធំ​១០០ហិតា​ ដែល​ជា​ការ​វិនិយោគ​ដ៏​ល្អ​មួយ​លើ​ផ្នែក​ដំណាំ​កសិកម្ម​ក្នុង​ខេត្ត ​។ ​ឯក​ឧត្តម​បាន​មាន​ប្រសាសន៏​ថា ​ថ្វី​ត្បិត​តែ​ផ្លែមៀន​ប៉ៃលិន​ឆ្នាំ​នេះ ​ហាក់​ដូច​ជា​ចុះ​តម្លៃ​ខ្លះ​ក៏​ពិតមែន​ ប៉ុន្តែ​តម្លៃ​ផ្លែមៀន​ល្អ​ប្រភេទ​លេខ១​នៅ​តែ​រក្សា​តម្លៃ​ទីផ្សា​ថេរ​នៅ​ឡើយ​ទេ ​ផ្លែមៀន​ប៉ៃលិន​មាន​សាច់​ក្រាស់​ គ្រាប់​តូច​ រស់​ជាតិ​ផ្អែម​ឈ្ងុយ​ ។​ ប្រជា​កសិករ​ប៉ៃលិន ​ដែល​មាន​ដី​ដាំដុះ​ច្រើន​ហិតា​ បាន​សម្លឹង​ឃើញ​ការ​ដាំដុះ​ដំណាំ​ឈើ​ហូប​ផ្លែ ​ដូច​ជា​ផ្លែ​មៀនប៉ៃលិន​នេះ ​ហើយ​បែង​ចែង​ដី​ធ្វើការ​ដាំដុះ​ជាបណ្តើៗ​ ព្រោះ​ជា​ដំណាំ​មាន​លក្ខណៈ​យុទ្ឋ​សាស្រ្ត ​និង​មាន​ប្រវត្តិ​ជា​ប្រពៃ​ណី​របស់​ខេត្ត​ប៉ៃលិន​យើង​តាំង​ពី​យូរ​លុង​មក​ហើយ ​។ ​ប៉ុន្តែ​ឯក​ឧត្តម​អភិបាល​ខេត្ត​បាន​អំពាវ​នាវ​ សូម​អោយ​អ្នក​ចំការ​ដាំ​ផ្លៃ​មៀន​ប៉ៃលិន​ទាំង​អស់​ ចង​ក្រង​គ្នា​នៅ​ក្នុង​សហ​គម​ន៏​ផ្លែ​មៀន​ប៉ៃលិន​ ដើម្បី​បាន​ចែករំ​លែក​បច្ចេក​ទេស​គ្នា​ទៅវិញ​ទៅមក​ មាន​ឥណ​ទាន​សហគមន៏​ជួយ​គ្នា ​ពង្រឹង​គុណ​ភាព​រស់​ជាតិ​ផ្លែមៀន​ប៉ៃលិន​ ដែល​មាន​រស់​ជាតិ​ឆ្ងាញ់​ពិសារ​ជាង​កន្លែង​ដ៏ទៃ​មិន​អាច​ប្រដូច​គ្នា​បាន​ឡើយ​ ហើយ​សំខាន់​បំផុត​នោះ​គឺ​រួមគ្នា​រក្សា​តម្លៃ​ទីផ្សា​អោយ​បាន​ថេរ​ និង​ធ្វើ​អោយ​កើន​តម្លៃ​ឡើង​ជា​លំដាប់​នៅទីផ្សា​បរទេស​ ។

​ពេល​ចុះ​ពិនិត្យ​មើល​សាយ​ឡូ​ហាល​តំឡូង​មីធំ​ៗ​២កន្លែង​នៅ​ស្រុក​សាលា​ក្រៅ​ ឯក​ឧត្តម ​កើត ​សុធា ​បាន​ក្តាប់​បាន​នូវ​សំណូមពរ​របស់​ម្ចាស់​សាយ​ឡូ​មួយ​ចំនួន​អំពី​តម្លៃ​ហាង​ឆេង​តំឡូង​ស្រស់ ​តំឡូង​ហាល​ស្ងួត​ដែល​កំពុង​ដំណើរ​ការ​ទីញ​ចូល​ និង​លក់​ចេញ​ទៅ​កាន់​ទីផ្សា​ប្រទេស​ថៃ ​និង​លក់​ទៅ​កាន់​រោង​ចក្រ​ផលិត​ចំណី​សត្វ​ស៊ី​ភី​ប៉ៃលិន​ និង​ស៊ី​ភី​នៅ​ភ្នំពេញ​ ។ ​លោក ​សា​ចំរើន ​ម្ចាស់​សាយ​ឡូ​មួយ​កន្លែង​នៅ​ស្រុក​សាលា​ក្រៅ​បាន​បញ្ចាក់​ថា ​តម្លៃ​តំឡូង​ស្រស់​ថិត​នៅ​លើ​មើម​តំឡូង​ចាស់​មាន​ម្សៅ​ឫ​ក៏​តំឡូង​ខ្ចី​មាន​ម្សៅ​តិច​ ។​ រយៈ​ពេល​កន្លង​មក​នេះ ​ប្រជា​ពល​រដ្ឋ​នាំគ្នា​ដក​តំឡូង​ខ្ចី​មិន​ទាន់​គ្រប់​អាយុ​ខែ​ដាំ​នៅ​ឡើយ​ យក​មក​លក់​អោយ​សាយ​ឡូ ​។ ​តំឡូង​ប្រភេទ​នេះ​មាន​ម្សៅ​តិច​ ហើយ​បើ​ហាល​ស្ងួត​ធ្វើ​អោយ​បាត់​គីឡូ​ច្រើន​មែន​ទែន​ ។​ លោក​សារ​ចំរើន ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​ដែល​ប្រជា​ពល​រដ្ឋ​ត្រូវ​ប្រឈម​ក្នុង​ការ​ប្រញ៉ាប់​ដក​តំឡូង​លក់​ទាំង​មិន​ទាន់​គ្រប់​អាយុ​របស់​វា​នេះ​ គឺ​1/​-លក់​តំឡូង​បាន​តម្លៃ​ថោក​ 2/-​ដើម​តំឡូង​ដែល​ដក​មើម​ហើយ​ចង​បាច់​រក្សា​ទុក​ដាំ​វិញ​ មាន​រយៈ​ពេល​រស់​យ៉ាង​យូរ​តែ​៥០ទៅ​៦០​ថ្ងៃ​ប៉ុណ្ណោះ​។​ ដូច្នេះ​ពួក​គាត់​នឹង​ខ្វះ​ដើម​តំឡូង ​ហើយ​ត្រូវ​ទិញ​ដើម​តំឡូង​គេ ​ធ្វើ​អោយ​កើន​តម្លៃ​ផលិកម្ម​មិន​តុល្យ​ភាព​ពេល​លក់​តំឡូង​ឆ្នាំ​ក្រោយ​ បើ​តំឡូង​តម្លៃ​ទាប​ធ្វើ​អោយ​ពួក​គាត់​ខាត​រឹត​តែ​ច្រើន​។ ​លោក​សារ​ចំរើន​បាន​បញ្ជាក់​ថា​ តម្លៃ​តំឡូង​ល្អ​ស្រប​ទីផ្សា​ គឺ​តំឡូង​ដែល​ចំណាស់​អាយុ​ខែ​ដាំ​ត្រឹម​ត្រូវ​ គឺ​មើម​តំឡូង​ដែល​មាន​ម្សៅ​គ្រប់​ស្តង់​ដា ​។​

​ក្រោយ​បញ្ចប់​ដំណើរ​ចុះ​ពិនិត្យ​ស្ថាន​ភាព​ស្រូវ​ប្រាំង ​ចំការ​ដាំ​មៀន​ប៉ៃលិន​និង​សាយ​ឡូ​ហាល​តំឡូង​នៅ​ស្រុក​សាលា​ក្រៅ​រួច​មក ​ឯក​ឧត្តម​ កើត​សុធា ​អភិបាល​នៃ​គណអភិ​បាល​ខេត្ត​ប៉ៃលិន​បាន​ប្រសាសន៏​ថា​៖​ (​ ឃ្លីប​សម្លេង​ )

cpp-08-02-2016-007 cpp-08-02-2016-008 cpp-08-02-2016-009 cpp-08-02-2016-010 cpp-08-02-2016-011 cpp-08-02-2016-012 cpp-08-02-2016-013 cpp-08-02-2016-014vv

[youtube id= “9fD9JKTddVM”]​