(04-02-2016) ប៉ៃលិន៖ នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តប៉ៃលិនមានកិច្ចប្រជុំរវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្តប៉ៃលិន និងរដ្ឋបាលខេត្តបាត់ដំបង ក្រោមការសម្របសម្រួលពីក្រសួងមហាផ្ទៃ ដើម្បីពិភាក្សាកំណត់ ព្រំប្រទល់ខេត្តទាំងពីរអោយបានច្បាស់លាស់ ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឡេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន ឯកឧត្តម អៀងវុធ អភិបាលរងខេត្តប៉ៃលិន ឯកឧត្តម សុខ គង់ អភិបាលរងខេត្តបាត់ដំបង និងថ្នាក់ដឹកនាំមន្រ្តីរាជការ ក្រុង ស្រុក ភូមិ ឃុំសង្កាត់ ដែលពាក់ព័ន្ធនៃខេត្តប៉ៃលិន និងខេត្តបាត់ដំបងផងដែរ។
ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន បានអោយដឹងថាកន្លងមករដ្ឋបាលខេត្តប៉ៃលិនបានគ្រប់គ្រងប្រជាពលរដ្ឋលើភូមិសាស្ត្រក្នុងភូមិក្រចាប់និងភូមិភ្នំដំបង ដែលមានព្រំប្រទល់ជាប់ជាមួយស្រុកសំឡូត ខេត្តបាត់ដំបងតាមស្ថានភាពជាក់ស្តែង ដែលប្រជាពលរដ្ឋពួកគាត់មករស់នៅតាំងពីក្រោយសមាហរណកម្មជាមួយរាជរដ្ឋាភិបាល ក្នុងនោះអាជ្ញាធរខេត្តប៉ៃលិន បានផ្តល់នូវសេវាសាធារណៈលើគ្រប់វិស័យ ដូចជាវិស័យអប់រំសេដ្ឋកិច្ច សង្គមកិច្ចសុខាភិបាល និងបានផ្តល់ឯកសារបញ្ចាក់អត្តសញ្ញាណជាដើម។ ប៉ុន្តែការគ្រប់គ្រងភូមិសាស្ត្រក្នុងតំបន់រស់នៅរបស់ប្រជាពលរដ្ឋមានការត្រួតស៊ីគ្នារវាងខេត្តប៉ៃលិន និងស្រុកសំឡូត ខេត្តបាត់ដំបង ដែលបញ្ហានេះអាជ្ញាធរខេត្តបានស្នើដល់ក្រសួងមហាផ្ទៃកំណត់ព្រំប្រទល់គ្រប់គ្រងរដ្ឋ បាលអោយបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងគ្រប់គ្រងប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានអោយបានរីកចំរើនឡើង ។
ឯកឧត្តម សុខ គង់ អភិបាលរងខេត្តបាត់ដំបងបានមានប្រសាសន៍ថាៈពាក់ព័ន្ធទៅនឹងតំបន់ត្រួតស៊ីគ្នានេះ អាជ្ញាធរខេត្តបាត់ដំបង មិនទាន់បានសម្រេចកំណត់ព្រំប្រទល់គ្រប់គ្រង នៅក្នុងដែនដីរបស់ខ្លួនជាមួយអាជ្ញាធរខេត្តប៉ៃលិននៅឡើយ ព្រោះកន្លងមកការគ្រប់គ្រងទៅតាមការមកតាំងទីលំនៅរបស់ប្រជាពលរដ្ឋរៀងៗខ្លួន ដូច្នេះសូមអោយថ្នាក់លើពិនិត្យ ពិចារណាលើការផ្តល់សេវាសាធារណៈដូចជា រដ្ឋបាល សន្តិសុខ សុខភាព និងអប់រំ តើអាជ្ញាធរខេត្តណាជិតជាងនឹងងាយស្រួលគ្រប់ជាងគេ ។
ឯកឧត្តម ឡេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ថាៈ ពាក់ព័ន្ធ
បញ្ហាខាងលើនេះ មិនទាន់មានសម្រេចកំណត់ដែនដីដែនដីត្រឹមណាដែលជាដែនរបស់ខេត្តបាត់ដំបងរឺខេត្តប៉ៃលិនគ្រប់គ្រងនៅឡើយទេ ត្រូវយកសំណើរនេះទៅថ្នាក់លើដើម្បីត្រួតពិនិត្យ ព្រោះខាងអាជ្ញាធរខេត្តបាត់ដំបង និងខេត្តប៉ៃលិនមិនទាន់ឯកភាពកំណត់ច្បាស់លាស់។ ឯកឧត្តមបន្តថាៈតែបើប្រជាពលរដ្ឋរស់នៅជិតខេត្តខាងណាជាង ងាយស្រួលក្នុងការធ្វើការទំនាក់ទំនងជាមួយអាជ្ញាធរខេត្តនោះ ខាងលើនឹងពិចារណាទៅលើបញ្ហានេះនៅពេលក្រោយបន្ថែមទៀត។
សូមបញ្ជាក់ផងដែរថាៈ ប្រជាពលរដ្ឋដែលរស់នៅ តំបន់គ្រប់គ្រងរដ្ឋបាលរវាង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន និង ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបងនិង ប្រជាពលរដ្ឋភូមិភ្នំកុយ ភូមិសំបូរ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ និងភូមិឡាក់៦២ ឃុំកំរៀង និងភូមិកំពង់ចម្លងក្រោម ឃុំតាគ្រៃ ស្រុកកំរៀង បានសំណូមពរដល់់អាជ្ញាធរខេត្តទាំងពីរខេត្តប៉ៃលិន និងខេត្តបាត់ដំបង ត្រូវដោះស្រាយដោយឈរលើផលប្រយោជន៍ប្រជាពលរដ្ឋជាធំ ហើយបានសំណូមពរ អោយរដ្ឋ បាលខេត្តទាំងពីរនេះ កំណត់ព្រំប្រទល់ការគ្រប់គ្រងរដ្ឋបាលសាធារណៈអោយបានច្បាស់លាស់ដើម្បីពួកគាត់ងាយស្រួលទំនាក់ទំនងទទួលយកសេវាសាធារណៈដែលនៅជិតមូលដ្ឋានរស់នៅបានឆាប់រហ័ស កុំអោយមានការចំណាយពេលវេលានិងថវិកាច្រើន ។
vv [youtube id= “Hq_ukuiJ-Ag”]