(29-01-2016) ប៉ៃលិន៖ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ មន្ទីរអប់រំនិងកីឡាខេត្តប៉ៃលិនធ្វើសន្និបាតបូកសរុបការងារអប់រំយុវជននិងកីឡា ឆ្នាំសិក្សា២០១៤-២០១៥និងលើកទិសដៅសំរាប់ ឆ្នាំសិក្សា២០១៥-២០១៦ ក្រោមអធិបតី ភាព ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត លោកលោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ និង អង្គការដៃគូរផងដែរ។
លោកតង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តប៉ៃលិនបានឲ្យដឹងថាៈឆ្នាំសិក្សា២០១៤-២០១៥កន្លងទៅនេះលោកគ្រូអ្នកគ្រូនិងមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់បានសហការជាមួយសហគមន៍ចុះបំពេញការងារតាមតួនាទីនិងភារកិច្ចយ៉ាងសកម្មនិងពុះពារគ្រប់ឧបសគ្គធ្វើអោយការសិក្សាអប់រំទទួលបានលទ្ធផលល្អប្រសើរ។ជាក់ស្តែងមន្ត្រីអប់រំទាំងអស់បានខិតខំប្រឹងប្រែងអនុវត្តនិងរិះរកវិធានការណ៍ល្អៗដើម្បីឲ្យស្របតាមគោលនយោបាយដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការយុទ្ធសាស្រ្តវិស័យអប់រំ២០១៣-២០១៨ជាមួយ និងផែនការសកម្មភាពប្រចាំឆ្នាំរបស់មន្ទីរអប់រំយុវជន និងកីឡាខេត្តប៉ៃលិន ។លោកបន្តថាៈក្នុងរយះពេល១ថ្ងៃនេះ អង្គសន្និបាតបានធ្វើការពិភាក្សាលើប្រធានបទជាច្រើនចំណុចក្នុងគោលបំណង ការពិនិត្យឡើងវិញពី វឌ្ឍនភាពនៃការអនុវត្តផែនការទិសដៅដែលអង្គសន្និបាតឆ្នាំកន្លងមកបានអនុម័ត ។ការពិនិត្យលើការប្រែប្រួលរីកចំរើនថ្មីលើការកែលំអគុណភាពនិងពិនិត្យប្រសិទ្ធភាពអប់រំ និងបង្រៀននៅលើគ្រប់ផ្នែកនិងគ្រប់ភូមិសិក្សា។ពិនិត្យឡើងវិញពីប្រសិទ្ធិភាពនៃការគ្រប់គ្រងនិងប្រើប្រាស់ថវិកា និងដាក់ចេញអនុសាសន៍និងវិធានការណ៍ជាយុទ្ធសាស្ត្រសំរាប់អនុវត្តបន្តនៅឆ្នាំខាងមុខទៀត។
ឯកឧត្តមកើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានថ្លែងការកោតសរសើរដល់លោកគ្រូ អ្នកគ្រូ និងមន្រ្តីនៃមន្ទីរអប់រំយុវជននិងកីឡា សហគមន៍ ដែលកន្លងមកបានបំពេញតួនាទីនិងភារកិច្ចយ៉ាងសកម្មពុះពារគ្រប់ឧបសគ្គខិតខំយកចិត្តទុកដាក់បណ្តុះបណ្តាលធនធានមនុស្សដល់កូនចៅប្រជាពលរដ្ឋបានល្អប្រសើរ។ ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកវិស័យអប់រំជាវិស័យអទិភាពដោយបានកសាងសាលារៀននៅគ្រប់ច្រកល្ហករហូតដល់ភូមិដាច់ស្រយ៉ាលក្នុងគោលដៅបង្ខិតសាលារៀនឲ្យជិតលំនៅដ្ឋានប្រជាពលរដ្ឋដើម្បីបង្កឱកាសកាន់តែងាយស្រួលថែមទៀតដល់ការសិក្សា ពិសេសសិស្សនារី ។ ឯកឧត្តមបានផ្តាំផ្ញើដល់លោកគ្រូអ្នកគ្រូ និងមន្ត្រីអប់រំទាំងអស់ត្រូវយកអនុសាសន៍ល្អៗដែលអង្គសន្និបាតលើកឡើងសំរាប់អនុវត្តទិសដៅការងារអប់រំឆ្នាំ២០១៥-២០១៦នេះឲ្យមានប្រសិទ្ធិភាពផង និងឆ្នាំបន្តបន្ទាប់ឲ្យកាន់តែល្អប្រសើរ ព្រោះថាការអប់រំត្រូវធ្វើជាប្រចាំនិងបន្តពីជំនាន់មួយទៅជំនាន់មួយទៀត។ ពិសេសត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អដើម្បីបំពេញ ការងារបន្តលើវិស័យអប់រំឲ្យទទួលបានជោគជ័យ។ឯកឧត្តមបានបន្ថែមទៀតថា៖សុំអោយលោកគ្រូអ្នកគ្រូប្រើវិធីសាស្រ្តបង្រៀនគឺត្រូវយកចិត្តទុកដាក់លើការបណ្តុះបណ្តាលកុមារតូចដែលជាចំណុចចាប់ផ្តើមនៃផ្នត់គំនិតនិងការចងចាំបានល្អពីតូចរហូតដល់ធំ។ទទឹមនឹងនេះលោកគ្រូអ្នកគ្រូត្រូវផ្សព្វផ្សាយដល់សិស្សអោយចេះចូលរួមថែរក្សាបរិស្ថាន គោរពច្បាប់ចរាចរណ៏ ជាពិសេសជៀសវៀងអោយឆ្ងាយពីគ្រឿងញៀន។
[youtube id= “Z4lkSdBsQ_A”]