(28-01-2016) ប៉ៃលិន៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ រដ្ឋបាលខេត្តប៉ៃលិនបានធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៥ និងលើកទិសដៅការងារបន្តឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុង សាម៉ី អនុរដ្ឋលេខាធិការនិងជាតំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ប្រធានអនុប្រធានមន្ទីរ អភិបាល អភិបាលរងក្រុង/ស្រុក ក្រុមប្រឹក្សាឃុំ/សង្កាត់ និងអង្គការនានាផងដែរ។
មានប្រសាសន៏ក្នុងអង្គសន្និបាត ឯកឧត្តម កើត សុធា បានថ្លែងថា៖ អង្គសន្និបាតថ្ងៃនេះគឺជាវេទិការមួយដ៏មានសារៈសំខាន់ដើម្បីបូកសរុបរាល់សមិទ្ធិផលទាំងឡាយដែលយើងសំម្រេចបាននាពេលកន្លងមក ដើម្បីដកបទពិសោធល្អៗនិងរកឲ្យឃើញនូវបញ្ហាប្រឈមនានា ព្រមទាំងប្រមូលផ្តុំមតិយោបល់ផ្សេងៗចងក្រងសំរាប់ជាទិសដៅក្នុងការអនុវត្តការងារឆ្នាំ២០១៦របស់រដ្ឋបាលខេត្តក្នុងការអភិវឌ្ឍន៍ខេត្តអោយមានការរីកចំរើនបន្តទៀត ស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទីបីរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេច តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបន្តថា៖ ក្នុងអាណត្តិទី២របស់ក្រុមប្រឹក្សាខេត្ត អភិបាលខេត្តប៉ៃលិនក៏ដូចជារាជធានីខេត្តទូទាំងប្រទេស បានបន្តអនុវត្តគោលនយោបាយវិមជ្ឍការ និងសហវមជ្ឈការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី/ខេត្ត/ក្រុង/ស្រុក/ខណ្ឌ និងលិខិតបទដ្ឋានថ្នាក់ជាតិនានាដើម្បីអោយរដ្ឋបាលខេត្ត ជារដ្ឋបាលឯកភាព និងលើកកម្ពស់ការអនុវត្តតាមបែបប្រជាធិបតេយ្យ លើកស្ទួយសមធម៌សង្គមនិងលើកស្ទួយជីវភាពការរស់នៅរបស់ប្រជាពលរដ្ឋអោយប្រសើរឡើង។ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាអនុវត្ត កំណែទម្រង់ស៊ីជំរៅលើគ្រប់វិស័យ និងគ្រប់លំដាប់ថ្នាក់ ក្នុងនោះកំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់វិមជ្ឍការ និងសហវិមជ្ឍការពិតជាបាននិងកំពុងឆ្លើយតបយ៉ាងឆាប់រហ័សតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ ក៏ប៉ុន្តែយើងនៅមានបញ្ហាប្រឈមមួយចំនួនទៀតដែលត្រូវដោះស្រាយជូនប្រជាពលរដ្ឋអោយបានក្នុងឆ្នាំ២០១៦នេះ។
បន្ទាប់ពីអង្គសន្និបាតស្តាប់របាយការណ៍បូកសរុបការងារឆ្នាំ២០១៥ និងលើកទិសដៅឆ្នាំ២០១៦រួចមក អស់ចូលរួមសន្និបាតបានពិភាក្សាផ្លាស់ប្តូរយោបល់និងលើកឡើងពី បញ្ហាប្រឈមជាច្រើនដាក់ជូនអង្គសន្និបាត ដើម្បីរួមគ្នាដោះស្រាយរួមមានៈ បញ្ហាទប់ស្កាត់បទល្មើស ចោរលួច ចោរប្លន់ ល្បែងស៊ីសង ការជួញដូរប្រើប្រាស់គ្រឿងញៀន បញ្ហាបរិស្ថានទឹកស្អុយ ការកាប់បំផ្លាញព្រៃឈើ ការធ្វើសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ប្រជាពលរដ្ឋកែតម្រូវឈ្មោះលើសៀវភៅគ្រួសារ អត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ នៅតុលាការអស់លុយច្រើន ។ល។
មានប្រសាសន៍បិទអង្គសន្និបាត ឯកឧត្តម អ៊ុង សាម៉ី អនុរដ្ឋលេខាធិការនិងជាតំណាង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលថ្នាក់ដឹកនាំមន្ត្រីរាជការខេត្តប៉ៃលិនសំរេចបាននាពេលកន្លងមក។ឯកឧត្តមបន្តថា៖នៅក្នុងឆ្នាំ២០១៥ ក្រោមកិច្ចសហការជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋក្នុងខេត្តបានធ្វើអោយខេត្តប៉ៃលិនមានការរីកចំរើនគួរ អោយកត់សំគាល់ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្នែកសន្តិសុខ សង្គម និង សេដ្ឋកិច្ចមានភាពល្អប្រសើរនិងសកម្មភាពបំរើប្រជាពលរដ្ឋទាំងថ្នាក់ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដែលបានអនុវត្តតួនាទីភារៈកិច្ចក្នុងវិស័យភូមិឃុំមានសុវត្ថិភាព ជាពិសេសការនាំកសិផលទៅប្រទេសជិតខាងមានកំណើនកើនជាលំដាប់ផងដែរ។ ឯកឧត្តមក៏បានសំនូមពរដល់ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ កងកំលាំង ប្រដាប់អាវុធគ្រប់ស្ថាប័នត្រូវបន្តខិតខំបំពេញភារកិច្ចរបស់ខ្លូនអោយបានល្អ ជាពិសេសត្រូវពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងបំរើប្រជាពលរដ្ឋបន្តទៀតតាមគោលនយោបាយចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះក៏មានបំពាក់មេដាយការងារដល់ថ្នាក់ដឹកនាំមន្ត្រីរដ្ឋបាលខេត្តដែលមានស្នាដៃបំរើការងារល្អកន្លងមក។
[youtube id= “cF2Us9cVz-A”]