(23-01-2016) ប៉ៃលិន៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនមានពិធីជួបសំណេះសំណាលជាមួយយុវជន និងបំពាក់ឯកសណ្ឋានដល់យុវជនបក្សក្រោមអធិបតីភាព ឯកឧត្តម កើត សុធា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ឯកឧត្តម ឡី ចាន់ឆាយ អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិកសមាជិការអចិន្រ្តៃយគណៈកម្មាធិការគណបក្សខេត្តផងដែរ។
លោក ស៊ុន យី អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បរយ៉ាខាបានអោយដឹងថា៖ សង្កាត់បយ៉ាខាមានយុវជនគណបក្សចំនួន១៥០នាក់ ដែលជាកំលាំងស្នូល។លោកបន្តថាៈ ក្រុមការងារចុះជួយសង្កាត់បយ៉ាខាកន្លងមកបានសហការគ្នាបំពាក់ឯកសណ្ឋានដល់យុវជនគណបក្សនិងប្រជាការពារភូមិ ដើម្បីជាការលើកទឹកចិត្តដល់យុវជនខិតខំធ្វើការងារពង្រឹងសមាជិកគណបក្សប្រជាជនកម្ពុជានៅក្នុងសង្កាត់អោយបានរឹងមាំ ពង្រឹងដល់យុវជនអោយចេះធ្វើការងារតាមតួនាទីនិងភារៈកិច្ច ជាពិសេសចូលរួមបំផុសចលនាយុវជនអោយគាំទ្រគណបក្សប្រជាជនកម្ពុជាយើង។
ឯកឧត្តម កើត សុធា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ការរៀបចំក្រុមយុវជនបក្សនៅទូទាំងខេត្តគឺជាការចាំបាច់ត្រូវតែរៀបចំចាត់តាំងអោយមានការឯកភាពគ្នា ព្រោះថាយុវជនគឺជាកម្លាំងរឹងមាំក្នុងការការពារកសាងប្រទេសជាតិ ។ ឯកឧត្តមបន្តថាៈ នៅពេលនេះ យុវជននៅសង្កាត់បរយ៉ាខា បានដើរមួយជំហានទៅមុខហើយដោយប្រធានក្រុមការងារចុះជួយសង្កាត់ បានពង្រឹងយុវជននៅតាមភូមិ អោយបានឯកភាពគ្នា ដើម្បីដំណើរការកសាងយុវជនអោយចេះធ្វើការងារបក្សត្រៀមយកប្រៀបឈ្នះនៅពេលខាងមុខ។ ឯកឧត្តមបន្តថាៈ ដើម្បីមានស្មារតីនិងមានគោលជំហររឹងមាំ គណៈចាត់តាំងត្រូវមានការអប់រំ ត្រូវមានការរៀនសូត្រនយោបាយនិងមានការចាត់តាំងក្រុមការងារនៅមូលដ្ឋានឲ្យមានសកម្មភាពការងារជាប្រចាំ ព្រោះថាការងារមូលដ្ឋានគឺជាការងារចំបងដែលកំណត់បានថាកត្តាឈ្នះចាញ់អាស្រ័យទៅលើមហាជនគាំទ្រ។ ដូច្នេះយុវជនត្រូវមានការយល់ដឹងខ្ពស់ពីព្រោះយុវជនគឺជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេនពីជំនាន់មួយទៅជំនាន់មួយ ហើយហ៊ានលះបង់ដើម្បីបុព្វហេតុជាតិប្រជាជននិងមានជំហររឹងមាំច្បាស់លាស់មិនចាញ់ការឃោសនារបស់អ្នកដទៃ។ ទទឹមនេះយុវជនបក្សនៅក្នុងភូមិត្រូវធ្វើជាគំរូល្អគឺជៀសវាងអំពើអបាយមុខទាំងឡាយដូចជាល្បែងស៊ីសងផឹកស៊ីសេពគ្រឿងញៀនជាដើម។ព្រមជាមួយនេះយុវជនត្រូវរហ័សវាងវៃក្តាប់បញ្ហាផ្តល់ព័ត៌មាននៅក្នុងមូលដ្ឋានដល់ក្រុមការងារបក្សឲ្យបានទាន់ពេលវេលា។ ឯកឧត្តម បានជំរុញឲ្យក្រុមយុវជនបក្សនិងសាខាបក្សមន្ទីរអង្គភាពត្រូវប្រជុំផ្សព្វផ្សាយគោលនយោបាយបក្សដើម្បីចងក្រងសាមគ្គីភាពឯកភាពផ្ទៃក្នុងនិងធ្វើរបាយការណ៍ប្រចាំខែជូនថ្នាក់លើ។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមផាន់ ចាន់ធុល ប្រធានក្រុមការងារបក្សចុះជួយសង្កាត់បយ៉ាខាដែលបានឧបត្ថម្ភអាវដល់ក្រុមយុវជននិងឯកសណ្ឋានប្រជាការពារភូមិផងដែរ៕
[youtube id= “PohuWgwKe3k”]