(22-01-2016) ប៉ៃលិន៖ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន រួមដំណើរលោក ជំទាវ ស៊ុំ ហៀង ប្រធានសភាពាណិជ្ជកម្មខេត្ត លោកជំទាវ ជាលាប អភិបាលរងខេត្តប៉ៃលិន លោក ឌិន គឹមប្រធានមន្ទីរសាធាណៈការ និងដឹកជញ្ជូនខេត្ត លោក សុខ សាវុធ ប្រធានច្រកអន្តរជាតិព្រំប៉ៃលិន ព្រមទាំងមន្ត្រីរាជការស្ថាប័នជុំវិញខេត្តមួយចំនួនទៀត បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុម សាក់បរិសុទ្ធថូ ហេមថានុន អភិបាលខេត្តច័ន្ទថបុរី និងមន្រ្តីរាជការស្ថាប័នពាក់ពន័្ធក្នុងខេត្តមួយចំនួនទៀត ដែលពិធីសំណេះសំណាលធ្វើឡើងនៅសាលាខេត្តចាន់ថបុរីនៃព្រះរាជាណាចក្រថៃ។
ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិនបានសំដែងនូវការរីករាយដែលបានដឹកនាំគណៈប្រតិភូខេត្តប៉ៃលិនមកជួបជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តច័ន្ទថបុរីដើម្បីពិភាក្សាការងារ និងពង្រឹងកិច្ចសហការនិងទំនាក់ទំនងល្អរវាងខេត្តប៉ៃលិន និងខេត្តចាន់ថបុរី។ឯកឧត្តមបន្តថាៈ ក្នុងកិច្ចពិភាក្សានេះថ្នាក់ដឹកនាំខេត្តប៉ៃលិនមានបំណងលើកយកសំនូមពរមួយចំនួនដាក់ជូន ស្ថាប័នពាក់ព័ន្ធនៅខេត្តចាន់ថបុរីនៃប្រទេសថៃដើម្បី ដោះស្រាយ និងធ្វើការងារជាមួយគ្នាអោយបានល្អ ក្នុងន័យបំរើប្រជាពលរដ្ឋប្រទេសទាំងពីរកម្ពុជា ថៃ អោយទទួលបានផលប្រយោជន៍ស្មើភាពគ្នា ជាពិសេសប្រជាពលរដ្ឋកម្ពុជាដែលមកធ្វើជាកម្មករ និងមកព្យាបាលជំងឺនៅប្រទេសថៃសូមជួយសម្រួល និងរក្សាការពារសន្តិសុខសុវត្តិភាពអោយបានល្អ។ ឯកឧត្តមបន្តទៀតថា៖ នៅឆ្នាំ២០១៥កន្លងទៅនេះខេត្តយើងទាំងពីរប៉ៃលិន និងចាន់ថបុរីមានកិច្ចសហប្រតិបត្តិការគ្នាល្អលើគ្រប់វិស័យ ជាពិសេសលើវិស័យសន្តិសុខសង្គម បានចូលរួមទប់ស្កាត់បទល្មើសឆ្លងដែននានាជាប្រចាំ ធ្វើអោយព្រំដែនមួយមានសុខសន្តិភាពនិងការអភិវឌ្ឍន៍ ។ដូច្នេះនៅឆ្នាំ២០១៦នេះខេត្តយើងទាំងពីរត្រូវបន្តកិច្ចសហប្រត្តិបតិការគ្នាអោយកាន់តែល្អបន្ថែមទៀត បើមានបញ្ហាអ្វីកើតឡើងយើងត្រូវនិយាយគ្នាដោយត្រង់ទៅត្រង់មក ហើយដោះស្រាយបញ្ហានៅនឹងកន្លែងតែម្តង។ ចំពោះគំរោងសាងសង់ស្ពានមិត្តភាពកម្ពុជា ថៃ នៅច្រកអន្តរជាតិព្រំប៉ៃលិន និងបានប៉ាកាដចាន់ថបុរី ឯកឧត្តម កើតសុធា ក៏បានឯកភាព ទៅតាមការសម្រេចរបស់រដ្ឋាភិបាលកម្ពុជានិងរាជរដ្ឋាភិបាលថៃ ដើម្បីអោយប្រជាពលរដ្ឋប្រទេសទាំងពីរធ្វើដំណើរឆ្លងកាត់ និងដឹកជញ្ជូនកសិផលអោយបានទាន់ពេលវេលា។ ឯកឧត្តម ក៏បានស្នើដល់អភិបាលច័ន្ទថបុរី បើកច្រកល្បៀងមួយទៀត និងបន្តជួយបន្ថែមអគ្គីសនីបញ្ជូនមកខេត្តប៉ៃលិនព្រោះប្រជាពលរដ្ឋតម្រូវការប្រើប្រាស់ច្រើន ។
ឯកឧត្តម ស៊ុមសាក់បរិសុទ្ធថូ ហេមថានុន អភិបាលខេត្តច័ន្ទថបុរីមានប្រសាសន៏កោតសរសើរនិងថ្លែអំណរគុណដល់ថ្នាក់ដឹកនាំមន្ត្រីរាជការខេត្តប៉ៃលិន ដែលបានដឹកនាំប្រតិភូអញ្ជើញមកខេត្តចាន់ថបុរី ដើម្បីជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងគ្នាលើគ្រប់វិស័យ និងលើកឡើងពីបញ្ហាប្រឈមនិង សំនូមពរផងដែរ។ ចំពោះសំណូមពររបស់អភិបាលខេត្តប៉ៃលិន ឯកឧត្តមអភិបាលខេត្តចាន់បុរីធ្វើការឆ្លើយតបគឺ ៖ទី១/ការសាងសង់ស្ពាននៅច្រកអន្តរជាតិព្រំប៉ៃលិននិងបានប៉ាកាដច័ន្ទបុរី ដែលមានគំរោងចំណាយជិត៤០ម៉ឺនដុល្លានោះ គឺភាគីថៃនិងកម្ពុជាសម្រេចកសាងនាពេលឆាប់ៗខាងមុខនេះ។ទី២/ការស្នើបើកច្រកល្បៀងមិនទាន់មានគោលការណ៍នោះទេ ព្រោះត្រូវធ្វើស្ពាន និងធ្វើផ្សា រួចសិន ទើបយកបញ្ហាបើច្រកនេះមកពិភាក្សាទៀត។ទី៣/ការខ្វះខាតភ្លើងអគ្គីសនីប្រើប្រាស់នៅខេត្តប៉ៃលិនសូម អោយស្ថាប័នពាក់ព័ន្ធយកទៅពិភាក្សាគ្នាបន្ថែមទៀត។ទី៤/ការងារទំនាក់ទំនងសន្តិសុខតាមបណ្តោយព្រំដែនប៉ៃលិននិងច័ន្ទថបុរី សូមអោយកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទនិងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវតែមានកិច្ចសហប្រតិបត្តិគ្នាល្អបន្ថែមទៀត និងពង្រឹងសន្តិសុខសណ្តាប់នៅតាមតំបន់ព្រំដែនអោយកាន់តែទ្វេថែមទៀត ដើម្បីបំរើសុខសន្តិភាពជូនប្រជាពលរដ្ឋប្រទេសជាតិទាំងពីរកម្ពុជា ថៃ។
តមកថ្ងៃដដែលនេះ ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន និងគណៈប្រតិភូខេត្តប៉ៃលិនក៏បានអញ្ជើញជួបសំណេះសំណាលនិង ពិភាក្សាការងារជាមួយ លោក វិរៈនាវាឯក ជើងទឹក ថ្វី វ៉ុងវ៉ាន មេបញ្ជាការប្រតិបត្តិការសឹករងខេត្តចាន់ថបុរី នៅទីបញ្ជាការតំបន់ប្រតិបត្តការសិករងខេត្តចាន់ថបុរី។
ក្នុងជំនួបជាមួយមេបញ្ជាការតំបន់ប្រតិបត្តិការរងខេត្តចាន់បុថរី ឯកឧត្តមកើត សុធា អភិបាលខេត្តប៉ៃលិន បានពិភាក្សាគ្នាដោយផ្តោតលើពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធកម្ពុជា និងកងកម្លាំងប្រដាប់អាវុធថៃ ក្នុងកិច្ចសហការការពារសន្តិសុខសុវត្តិភាពជូនប្រជាពលរដ្ឋប្រទេសទាំងពីរដែលរស់នៅតាមបណ្តោយព្រំដែន និង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែន ជាពិសេសបន្តពង្រឹងកិច្ចសហការសាមគ្គីភាពមិត្តភាពអោយកាន់តែល្អប្រសើរឡើង ដើម្បីអោយព្រំដែនប្រទេសយើងទាំងពីរប្រែក្លាយជាព្រំដែនសុខសន្តិភាព និងមានកសាងអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ លើកកំពស់ជីវភាពរស់នៅប្រជាពលរដ្ឋអោយប្រសើរឡើង។
[youtube id= “K_72gyd8e7U”]