(20-01-2016) ប៉ៃលិន៖ នៅរសៀលថ្ងៃទី២០ខែមករា ឆ្នាំ២០១៥ ក្រុមការងារបច្ចេកទេសស្ពានថ្នល់ខេត្តប៉ៃលិននៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយលោក ឌិន គឹម ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត បានអញ្ជើញជួបជាមួយក្រុមការងារបច្ចេកទេស ស្ពានថ្នល់ខេត្តចាន់ថបូរី នៃព្រះរាជណាចក្រថៃ ដែលដឹកនាំដោយលោក អភិបាល ស្រុក ពោងណាំរ៉ន ដើម្បីពិភាក្សាការងារ លើកំណត់ប្លង់បច្ចេកទេសកសាងស្ពានឆ្លងកាត់អូរព្រំដែនកម្ពុជា-ថៃ រវាងច្រកទ្វារអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិននៃព្រះរាជាណាចក្រនិងច្រកអន្តរជាតិបានប៉ាកាដ ឃុំខ្លងយ៉ៃ ស្រុកពោងណាំរ៉នខេត្តចាន់ថបុរី នៃព្រះរាជាណាចក្រថៃ។
យោងតាមកិច្ចព្រមព្រៀងរវាងភាគីកម្ពុជានិងភាគីថៃកន្លងមកបានកំណត់ធ្វើស្ពានឆ្លងកាត់អូរព្រំដែននៅច្រកទ្វារអន្តរជាតិព្រំខេត្តប៉ៃលិននិងច្រកទ្វាអន្តរជាតិបានប៉ាកាដ ខេត្តចាន់ថបុរី ដើម្បីងាយស្រួលដល់ការធ្វើដំណើនិងដឹកទំនិញឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា ថៃ បានយ៉ាងឆាប់រហ័ស។ជាក់ស្តែងពេលនេះខាងភាគីថៃបានបង្ហាញប្លង់មេអំពីគម្រោងកសាងស្ពាននេះ ដោយភាគីថៃបានសម្រេចទទួលការសាងនិងចំណាយថវិកាសាងសង់ស្ពាននេះទាំងស្រុងដែលមានបណ្តោយប្រវែង ៤០ម៉ែត្រ ទទឹង ២១ម៉ែត្រ គ្រោងចំណាយថវិកាចំនួន ៣៧ម៉ឺនដុល្លារអាមេរិក និងចាប់ផ្តើមបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗនេះបើសិនមានការឯកភាពគ្នាទាំងស្រុងលើប្លង់សាងសង់។ ចំពោះសេចក្តីសម្រេចយ៉ាងណានោះថ្នាក់ដឹកនាំនៃខេត្តទាំងពីរគឺខេត្តប៉ៃលិន និងខេត្តចាន់ថបុរី ត្រូវជួបពិភាក្សាសម្រេចជាថ្មីម្តងទៀតនៅខេត្តចាន់ថបុរី ក្នុងអំឡុងពេលជួបប្រជុំពិភាក្សាការងារក្នុងចុងសប្តាហ៍នេះផងដែរ។
លោក ឌិន គឹម ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តប៉ៃលិន បានមានប្រសាសន៍ថា កន្លងមកក្រសួងសាធារណៈការនិងដឹកជញ្ជូន និងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា ថៃ ធ្លាប់ធ្វើការជួបពិភាក្សាគ្នា នៅប្រទេសម៉ាឡេស៊ី ដែលកាលនោះក្រសួងសាមីបានសម្រេចតាមកិច្ចព្រមព្រៀងហើយ នៅតែភាគីនៃខេត្តទាំងពីរមិនទាន់មានឱកាសជួបពិភាក្សា ទើបតែពេលនេះជាឱកាស មួយដែលភាគីប្រទេសទាំងពីរគឺខេត្តប៉ៃលិននៃព្រះរាជណាចក្រកម្ពុជា និងខេត្តចាន់ថបុរី នៃព្រះរាជាណាចក្រថៃ បានជួបគ្នាថ្នាក់ពិភាក្សាបន្ថែមលើកបច្ចេកទេដើម្បីសម្រេចនិងឯកភាពគ្នាលើប្លង់គម្រោងសាងសង់ស្ពានមិត្តភាពមួយនេះនាពេលឆាប់ៗខាងមុខ។លោក ឌិនគឹម បានបញ្ជាក់ថាៈចំពោះប្លង់គំរោងសាងសង់ស្ពាននេះក្នុងនាមជាមន្ត្រីជំនាញស្ពានថ្នល់ខេត្តប៉ៃលិនឯកភាពលើគំរោងនេះ ហើយលោកលើកយកបញ្ហានេះទៅរាយការណ៍ជូនថ្នាក់ដឹកនាំខេត្តដើម្បីសំរេចការងារនេះ។ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីថៃដែលបានសហការគ្នាល្អក្នុងការសាងសង់ស្ពានមិត្តភាពនៅច្រកអន្តរជាតិព្រំ ។នេះបានបង្ហាញពីកិច្ចសហប្រតិបត្តិការល្អរវាងថ្នាក់ដឹកនាំ ប្រជាពលរដ្ឋខេត្តប៉ៃលិន ជាមួយថ្នាក់ដឹកនាំ ប្រជាជនខេត្តចាន់ថបុរី បានកាន់តែល្អប្រសើរឡើង។
[youtube id= “ex2_wCMKhrs”]