(16-01-2016) ប៉ៃលិន៖ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ ឯកឧត្តម ធូ ភា និងលោកជំទាវជាលាភ អភិបាលរងខេត្តប៉ៃលិន ព្រះគ្រូធម្មកដ្ឋាធិរាជ សាន់ លី ព្រះមេគុណ គណៈធម្មយុត្តិករនិកាយខេត្តប៉ៃលិន រួមដំណើរដោយ ឯកឧត្តម នួន សាវុធ ទីប្រឹក្សាសម្តេចសង្ឃរាជ ងួនង៉ែត លោក ឌិន គឹម ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត លោកស្រីសោ មុន្នីរ័ត្ន លោកស្រី សាន់ សាវឿន លោកស្រីឡុង សុឃាវី ព្រមទាំង មន្រ្តីរាជការមួយចំនួនទៀតបានអញ្ជើញនិងនិមន្តចុះសាកសួរសុខទុក្ខ អនុរក្សពន្ធនាគារ និងផ្សព្វផ្សាយព្រះធម៌ដល់អ្នកទោសក្នុងពន្ធនាគារខេត្តប៉ៃលិន ដែលមានទីតាំងស្ថិតក្នុងភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ព្រះគ្រូធម្មកដ្ឋាធិរាជ សាន់ លី ព្រះមេគណ គណៈធម្មយុត្តិករនិកាយខេត្តប៉ៃលិន បានសម្តែងធម៌ទេសនា អំពីទ្រឹស្តី សីលទាំង៥ របស់ព្រះសាម្មាសម្ពុទ្ធ សំរាប់អោយទណ្ឌិតគោរពប្រតិបត្តិ ដើម្បីទទួលបាននូវសេចក្តីសុខ ចំរុងចំរើន ក្នុងនោះមាន ទី១-បាណាតិបាត វេរមណី គឺវៀរចាកការសម្លាប់សត្វ។ ទី២-អទិន្នាទានា វេរមណី វៀរចាកនូវការលួចទ្រព្យគេ ។ ទី៣-កាមេសុមិច្ឆាចារា វេរមណី វៀរចាកការប្រព្រឹត្តខុសក្នុងកាមទាំងឡាយ គឺការមិលលួចប្រពន្ធ កូនអ្នកដទៃ ។ ទី៤-មុសាវាទា វេរមណី វៀរចាកការពោលពាក្យមិនពិត គឺពាក្យកុហក និងទី ៥-សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី វៀរចាកការសេពនូវទឹកស្រវឹងគឺសុរា និងមេរ័យ។
ឯកឧត្តម ធូ ភា អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថា ទ្រឹស្តីសីល៥ របស់ព្រះសម្មាសម្ពុទ្ធនេះ ពុទ្ធបរិស័ទគ្រប់រូបត្រូវយកទៅប្រតិបត្តិអោយបានត្រឹមត្រូវ ដើម្បីសេចក្តីសុខសាន្ត សុភមង្គលក្នុងក្រុមគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល។ ទណ្ឌិតទាំងអស់ត្រូវយកទ្រឹស្តីនេះទៅគិតពិចារណា និងយកមកអនុវត្តនៅក្នុងការរស់នៅប្រចាំថ្ងៃ ពិសេសនៅពេលដែលត្រូវបានដោះលែងអោយមានសេរីភាពពីពន្ធនាគារ មករស់នៅក្នុងសង្គមគ្រួសារ វិញ។ ឯកឧត្តមបន្តថា កន្លងមកយើងធ្វើខុសនឹងទ្រឹស្តីសីល៥ នេះហើយទើបយើងមានទោស ដូចជាការលួច ឆក់ប្លន់ ការកាប់សំលាប់មនុស្ស ការជួញដូរគ្រឿងញៀននេះជាដើម។ ជាការពិតណាស់យើងលក់គ្រឿងញៀន យើងបានលុយ តែទង្វើរបស់យើងនេះបានធ្វើអោយក្រុមគ្រួសារដែលមានកូន មានចៅ សមាជិកគ្រួសារសេពគ្រឿងញៀន ជួបនូវភាពវឹកវរ ភាពអន្តរាយក្នុងគ្រួសារ បង្ករអំពើហឹង្សារ អំពើចោរកម្ម ដែលជាបន្ទុករបស់អាជ្ញាធរ និងរាជរដ្ឋាភិបាលទៀតផង។ ឯកឧត្តមបាន ណែនាំសូមអោយទណ្ឌិតទាំងអស់ត្រូវមានស្មារតីភ្ញាក់រលឹកចេះកែខ្លួន ឈប់ប្រព្រឹត្តនូវអំពើខុសឆ្គងដូចកាលកន្លងទៅ ព្រោះថា បើយើងធ្វើខុសយើងនឹងទទួលទោស ទទួលកម្មពារដែលយើងបានសាង មិនអាចគេចផុតឡើយទាំងបច្ចុប្បន្នជាតិ និងអនាគតជាតិ។
ក្នុងឱកាសនោះដែលព្រះគ្រូធម្មកដ្ឋាធិរាជ សាន់ លី ព្រះមេគណ គណៈធម្មយុត្តិកៈនិកាយខេត្តប៉ៃលិនបានផ្តល់នូវអាហារមួយពេល សំរាប់អ្នកទោសទាំងអស់ក្នុងពន្ធនាគារខេត្ត ហើយឯកឧត្តម លោកជំទាវអភិបាលរងខេត្តបាន ឧបត្ថម្ភថវិកាដល់អង្គភាពពន្ធនាគារខេត្តចំនួន៤០ម៉ឺនរៀល និងឧបត្ថម្ភដល់បុគ្គលិកពន្ធនាគារម្នាក់ ២០០០០រៀល ចំណែកលោក ឌិន គឹម ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្ត និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ទួលល្វា បានជួយកសាងផ្ទះបាយមួយ ជូនអង្គភាពពន្ធនាគារ និងជួយស័ង្កសីប្រក់ដំបូលផ្ទះបាយអ្នកទោសផងដែរ។
[youtube id= “iv87hKgNw9Y”]