(15-01-2016) ប៉ៃលិន៖ ថ្ងៃទី១៥មករាឆ្នាំ២០១៦ ឯកឧត្តម ឡេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃរួមដំណើរដោយមន្ត្រីសាលាខេត្ត ស្រុក ក្រុង លោកមេឃុំ ចៅសង្កាត់ និងលោកមេភូមិពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យនិងស្រង់ទិន្និន័យភូមិឧប្បសម្ព័ន្ធ នៅក្រុងប៉ៃលិន និង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ការចុះត្រួតពិនិត្យនេះ ក្នុងគោលបំណង ដើម្បីពិនិត្យមើលស្ថានភាពភូមិសាស្រ្តជាក់ស្តែង និងចំនួនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឧប្បសម្ព័ន្ធ តើមានមានលក្ខណ:សមស្រប តាមលក្ខ័ណរបស់ក្រសួងមហាផ្ទៃ ដែលអាចបង្កើតឲ្យទៅជាភូមិផ្លូវការ នៅពេលខាងមុខនេះបានឬយ៉ាងណា។
លោក សោ សុវណ្ណ នាយករងរដ្ឋបាលសាលាខេត្តប៉ៃលិនបានអោយដឹងថាៈភូមិឧប្បសម្ព័ន្ធដែលស្នើសុំគោលការត្រូវបង្កើតទៅជាភូមិផ្លូវការនេះមាននៅក្នុងក្រុងប៉ៃលិន ចំនួន៩ភូមិគឺៈភូមិទឹកផុស, ភូមិពេជ្រគីរី, ស្ថិតក្នុងសង្កាត់ប៉ៃលិន។ ភូមិអូរសួស្តី, ភូមិប៉ាងរលឹម, ភូមិអូរខ្ទីង ,ភូមិព្រៃមង្គល ,ភូមិភ្នំរាំង និងក្រចាប់លើ ក្នុងសង្កាត់អូរតាវ៉ៅ ។ ចំណែកនៅស្រុកសាលាក្រៅ មានចំនួន៩ភូមិ គឺភូមិស្រះពីរ, ភូមិអូរទឹកភ្លាវ, ភូមិអូរ៧៥, ភូមិវាលចែង ស្ថិតក្នុងឃុំអូរអណ្តូង។ភូមិអណ្តូងថ្ម ,ភូមិស្រង់មានជ័យ និងភូមិផ្សាព្រំជើង ស្ថិតក្នុងឃុំស្ទឹងកាច់ និងភូមិសំបូរ ស្ថិតក្នុងឃុំ សាលាក្រៅ។ លោកបានបន្តថា ភូមិឧប្បសម្ព័ន្ធ ទាំងអស់នេះ គឺប្រជាពលរដ្ឋបានមកតាំងទីលំនៅ ប្រកបមុខរបររកស៊ីដាំដំណាំ ធ្វើចំការ តាំងពីមុនខេត្តប៉ៃលិន ប្រកាសជាផ្លូវការមកម្ល៉េះ ដោយពួកគាត់រស់នៅជាក្រុមៗ ហើយពួកគាត់ ទទួលបានការដោះស្រាយផ្គត់ផ្គង់គ្រប់យ៉ាងជាបន្តបន្ទាប់ពីអាជ្ញាធរខេត្តប៉ៃលិនគ្រប់វិស័យ ទាំងវិស័យរដ្ឋបាលសាធារណៈ វិស័យអប់រំសេដ្ឋកិច្ច សង្គមកិច្ច សុខាភិបាល សន្តិសុខ និងបានផ្តល់ឯកសារបញ្ចាក់អត្តសញ្ញាណជាដើម។ តែបច្ចុប្បន្នប្រជាពលរដ្ឋរស់នៅក្នុងភូមិទាំងអស់មានកំណើនកើនឡើង ដែលចាំបាច់រដ្ឋបាលខេត្តលើកគោលការណ៏ស្នើសុំក្រសួងមហាផ្ទៃបង្កើតភូមិទាំងអស់ឲ្យទៅជាភូមិផ្លូវការនៅពេលខាងមុខនេះ។
បន្ទាប់ពីចុះពិនិត្យដល់ភូមិសាស្ត្រដែលប្រជាពលរដ្ឋតាំងទីលំនៅរស់នៅជាក់ស្តែង នៅក្នុងឃុំ /សង្កាត់នីមួយៗរួចមក ឯកឧត្តម ឡេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ថាៈការចុះពិនិត្យពេលនេះគឺដើម្បីប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ និងស្រង់ទិន្និន័យអោយបានច្បាស់លាស់ពីចំនួនភូមិនិងចំនួនគ្រួសារប្រជាពលរដ្ឋរស់នៅជាក់ស្តែង ហើយឯកឧត្តម និងធ្វើការរបាយការណ៍ទៅថ្នាក់លើ ដើម្បីធ្វើការវិន្និច្ឆ័យកំណត់បង្កើតភូមិឧប្បសម្ព័ន្ធខាងលើនេះជាផ្លូវការនាពេលខាងមុខ។
[youtube id= “BuMm89REQU4”]