សាលាបឋមសិក្សា ស ខេង អូរតាវ៉ៅ ប្រកួតកីឡាមហាជនដើម្បីអបអរសាទរទិវា៧មករា លើកទី៣៧ឆ្នាំ២០១៦និងសម្ភោធដាក់អោយប្រើប្រាស់ទីលានបាល់ទាត់


(06-01-2016) ប៉ៃលិន៖ នៅ​សាលា​បឋម​សិក្សា ​ស ​ខេង​ អូរតា​វ៉ៅ ​ស្ថិត​ក្នុង​ភូមិ​អូរ​តាវ៉ៅ ​សង្កាត់​អូរ​តាវ៉ៅ ​ក្រុង​ប៉ៃលិន ​ខេត្ត​ប៉ៃលិន ​នាល្ងាច​ថ្ងៃ​ទី០៦ ​ ខែ​មករា ​ឆ្នាំ​២០១៦ ​មាន​រៀប​ចំ​ពិធី​បើក​ការ​ប្រកួត​កីឡា​មហា​ជន​ដើម្បី​អប​អរ​សាទរ​ខួប​អនុស្សាវ​រីយ៏​លើក​ទី៣៧ ​នៃ​ទិវា​ជ័យ​ជំនះ ​០៧ ​មករា ​និង​សម្ពោធ​ដាក់​អោយ​ប្រើ​ប្រាស់​ទីលាន​បាល់​ទាត់​ ដែល​ពិធី​នេះ​ប្រព្រឹត្តិ​ទៅ​ក្រោម​វត្ត​មាន ​ឯក​ឧត្តម ​ផាន់ ​ចាន់​ធុល ​អភិ​បាល​រង​ខេត្ត​ប៉ៃលិន​។​

​លោក ​តង់ ​ធារ៉ា ​ប្រធាន​មន្ទីរ​អប់រំ​យុវ​ជន ​និង​កីឡា​ខេត្ត​បាន​ឲ្យ​ដឹង​ថា ​ដោយ​អនុវត្ត​តាម​កម្ម​វិធី​ប្រចាំ ​ឆ្នាំ​របស់​ក្រសួង​ អប់រំ​យុវ​ជន ​និង​ កីឡា ​មន្ទីរ​អប់រំ​ខេត្ត​បាន​ពង្រឹង​ការ​អបរំ​វិស័យ​កីឡា ​ដើម្បី​អោយ​យុវ​ជន​យើង​មាន​ភាព​ឈាន​មុខ​ទាំង​សិក្សា​និង​កីឡា ​។​លោក​បន្ត​ថា​ការ​ប្រកួត​កីឡា​បាល់​ទាត់​នា​ពេល​នេះ​គឺ ​ដើម្បី​ចូល​រួម​អបអរ​ខួប​អនុស្សាវ​រីយ៏​លើក​ទី៣៧ ​នៃ​ទិវា​ជ័យ​ជំនះ ​០៧ ​មករា​ផង ​និង​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ទីលាន​បាល់​ទាត់​សាលា​បឋម​សិក្សា​ស ​ខេង ​អូរ​តា​វ៉ៅ​ជា​ផ្លូវ​ការ​ផង​។ ​គណៈ​កម្មការ​រៀប​ចំការ​ប្រកួត​កីឡា​ខេត្ត​ប៉ៃលិន ​បាន​រៀប​ចំ​ឲ្យ​កីឡាករ​មក​ពី​មធ្យម​សិក្សា ​និង​កីឡា​មហា​ជន​ មក​ចូល​រួម​ប្រកួត​ដណ្តើម​យក​ជើង​ឯក​ប្រចាំ​ខេត្ត ​ ហើយ​មាន​សមាស​ភាព​កីឡា​ករ​ជើង​ឯក​ចំនួន ​០៤​ក្រុម ​ចូល​រួម​ក្នុង​នោះ​មាន​ក្រុម​ប៊ូ​ចន្ថា ​ក្រុម​វិទ្យា​ល័យ​ក្រុង​ទេព​និម្មិត​ ហ៊ុន​សែន​ប៉ៃលិន ​ក្រុម​វិទ្យា​ល័យ​ហ៊ុន​សែន​សាលា​ក្រៅ ​និង​ក្រុម​លីរ៉ា​ស្ពត​ក្លឹប​។ ​ដែល​ការ​ប្រកួត​នៅ​ពេល​នេះ​ គឺ​ដើម្បី​ជម្រើស​ជើង​ឯក​ទៅ​ប្រកួត​ដណ្តើម​ពាន​សម្តេច​តេជោ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​។​

​ឯក​ឧត្តម ​ផាន់ ​ចាន់​ធុល ​អភិ​បាល​រង​ខេត្ត​ប៉ៃលិន​បាន​កោត​សរសើរ​ដល់​ថ្នាក់​ដឹក​នាំ​មន្ទីរ​អប់រំ​យុវ​ជន​ និង​កីឡា​ខេត្ត​ដែល​តែង​តែ​រៀប​ចំ​ការ​ប្រកួត​កីឡា​គ្រប់​ប្រភេទ ​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​គោល​បំ​ណង​លើក​ស្ទួយ​វិស័យ​កីឡា​នៅ​ខេត្ត​ប៉ៃលិន​ឲ្យ​បាន​រីក​ចំរើន​ឡើង​និង​ផ្តល់​ឱកាស​អោយ​កីឡា​ករ​ទៅ​ចូល​រួម​ប្រកួត​នៅ​ថ្នាក់​ជាតិ​។​ ឯក​ឧត្តម​បាន​បន្ត​ថា ​កាល​ពី​មុន​យើង​មាន​ទីលាន​តែ​មួយ​គត់ ​គឺ​នៅ​វិទ្យា​ល័យ ​ហ៊ុន​សែន ​ក្រុង​ទេព​និម្មិត​ប៉ៃលិន ​ដែល​ទទួល​គ្រប់​ការ​ប្រកួត​អស់​រយះ​ពេល​១៨ឆ្នាំ​មក ​តែ​នៅ​ឆ្នាំ​២០១៥​មន្ទីរ​បាន​កសាង​ទីលាន​បាល់​ទាត់​ចំនួន​ ០៣​កន្លែង​បន្ថែម​ទៀត ​គឺ​ ទីមួយ-​ទីលាន​បាល់​ទាត់​សាលា​បឋម​សិក្សា ​ស ​ខេង​ អូរតាវ៉ៅ​ ទីពីរ​-ទី​លាន​បាល់​ទាត់​អនុ​វិទ្យា​ល័យ​ភ្នំយ៉ាត​ និង​ទីបី-​ពហុ​កីឡា​ដ្ឋាន​ខេត្ត​តែ​ម្តង​។ ​ទាំង​នេះ​បង្ហាញ​អោយ​ឃើញ​ថា​វិស័យ​កីឡា​បាន​នឹង​កំពុង​រីក​ដុះ​ដាល​យ៉ាង​គំហុក​ តាម​គោល​នយោ​បាយ​ចតុកោណ​ដំណាក់​កាល​ទី៣​ របស់​រាជ​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ​ហ៊ុន​ សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។ ​កីឡា​ក៏​ជា​លំហាត់​ប្រាណ​មួយ​ដើម្បី​ផា​សុខ​ភាព​ និង​មិត្ត​ភាព ​ជៀស​វៀង​នូវ​ការ​សេព​នូវ​គ្រឿង​ញៀន​ ល្បែង​ស៊ីសង​ និង​អំពើ​អបាយ​មុខ​ផ្សេង​ៗ ​ដែល​ធ្វើ​អោយ​បាត់​បង់​អនា​គត​ជា​ដើម​ ។​

ចំពោះ​ការ​ប្រកួត​នា​ពេល​នេះ​គឺ​ ក្រុម​លីរ៉ា​ស្ពត​ក្លឹប​ ប៉ះ​ជា​មួយ​ ក្រុម​មក​ពី​វិទ្យា​ល័យ​ហ៊ុន​សែន ​ក្រុង​ទេព​និម្មិត​ ជា​លទ្ធ​ផល​ក្រុម​លីរ៉ា​ស្ពត​ក្លឹប​បាន ​៤ ​ទល់​នឹង ​០ ​។​ចំណែក​ឯ ​ក្រុម​វិទ្យា​ល័យ ​ហ៊ុន​សែន​សាលា​ក្រៅ ​ ប៉ះ​ជា​មួយ​នឹង​ក្រុម​ប៊ូចន្ថា ​ ជា​លទ្ធ​ផល​ក្រុម​ក្រុម​ប៊ូ​ចន្ថា​បាន ​១ទល់​នឹង​ ០​ ។​ ហើយ​ចំណាត់​ថ្នាក់​លេខ១​ បាន​ទៅ​លើ​ក្រុម​កីឡា ​ប៊ូចន្ថា​  ចំណាត់​ថ្នាក់​លេខ ​២បាន​ទៅ​លើ​ក្រុម​វិទ្យា​ល័យ​ហ៊ុន​សែន​សាលា​ក្រៅ ​ចំណាត់​ថ្នាក់​លេខ៣​ ​បាន​ទៅ​លើ​ក្រុម ​លីរ៉ា​ស្ពត​ក្លឹប ​និង​ចំណាត់​ថ្នាក់​លេខ ​៤បាន​ទៅ​លើ ​ក្រុម​វិទ្យា​ល័យ​ហ៊ុន​សែន​ ក្រុង​ទេព​និម្មិត​ ។​ ហើយ​ក្រុម​កីឡាករ​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ១ ​ទទួល​បាន​ថវិកា ​៧០ម៉ឺន​រៀល​និង​បាល់​ទាត់​ចំនួន​ពីរ​លេខ២​ ទទួល​បាន​ថវិកា​ ៥០ម៉ឺន​រៀល​បាល់​ទាត់​ចំនួន​ពីរ​លេខ​៣ទទួល​បាន​ថវិកា ​៤០ម៉ឺន​រៀល ​បាល់​ទាត់​ចំនួន​ពីរ​ និង​លេខ​៤ ​ទទួល​បាន​ថវិកា ​៤០ម៉ឺន​រៀល​បាល់​ទាត់​ចំនួន​ពីរ​ ផង​ដែរ​។​ក្នុង​ឱកាស​នោះ​ឯក​ឧត្តម ​ផាន់​ ចាន់​ថុល ​ក៏​បាន​ប្រគល់​បាល់​ទាត់​ជូន​ដល់​កីឡា​ករ​ជា​និមិត្ត​រូប​នៃ​ការ​ប្រកួត​កីឡា​មហា​ជន​សម្ភោធ​ទីលាន​បាល់​ទាត់​ និង​កាត់​ខ្សែបូ​ក្នុង​ការ​បើក​ការ​សម្ភោធ​ចាប់​ពី​ពេល​នេះ​ត​ទៅ​។​

cpp-06-01-2016-011 cpp-06-01-2016-012 cpp-06-01-2016-013 cpp-06-01-2016-014 cpp-06-01-2016-015 cpp-06-01-2016-016vv

[youtube id= “365i6CFvOuM”]