(06-01-2016) ប៉ៃលិន៖ ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ គណៈបញ្ជាការឯកភាពស្រុកសាលាក្រៅ បានប្រជុំត្រួតពិនិត្យរបាយការណ៍នៃការអនុវត្តគោលនយោបាយ ភូមិឃុំ មានសុវត្ថភាពប្រចាំត្រីមាសទី៤ឆ្នាំ២០១៥ ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ សំបុណ្យ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ និងជាប្រធានលេខាធិការក្រុមការងារទី៧ ក្រុមការងារតាមដានការអនុវត្តគោលនយោបាយ ភូមិឃុំ មានសុវត្ថភាព ប្រចាំខេត្តប៉ៃលិន និងបាត់ដំបង។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកស្នងការរងនគរបាលខេត្ត សមត្ថកិច្ចប្រចាំច្រកទ្វាអន្តរជាតិព្រំដែនកម្ពុជា-ថៃ ខេត្តប៉ៃលិន អធិការនគរបាលស្រុក កងរាជអាវុធហត្ថស្រុក ផ្នែកសឹងរងស្រុក លោកមេឃុំ ស្មៀនឃុំ លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ព្រមទាំងមន្រ្តីរាជការមន្ទីរជំនាញមួយចំនួនទៀត។
គោលនយោបាយភូមិឃុំមានសុវត្ថភាពរបស់រាជរដ្ឋាភិបាលមានចំនួន៩ ចំនុច គឺ គ្មានចោលួច ចោប្លន់គ្រប់ប្រភេទ, គ្មានការជួញដូរមនុស្ស ជួញដូរស្រ្តី និងកុមារ និងគ្មានអំពើហឹង្សាក្នុងគ្រួសារ , គ្មានក្មេងទំនើង ,គ្មានការលេងល្បែងស៊ីសងគ្រប់ប្រភេទ, គ្មានការដាំ ការផលឹត ការចរាចរជួញដូរ ការប្រើប្រាស់គ្រឿងញៀន, គ្មានគ្រោះថ្នាក់ចរាចរណ៍ , គ្មានការត្រួតពិនិត្យខុសច្បាប់ , គ្មានការគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ , និងមានវិធានការឆ្លើយតបទាន់ពេលវេលាទៅនឹងគ្រោះធម្មជាតិ។
លោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅបានអោយដឹងថាៈ ស្រុកសាលាក្រៅមានផ្ទៃដី៤៧៥,៦០ (បួនរយ សែសិបប្រាំ ក្បៀស ហុកសិប) គីឡូម៉ែត្រក្រឡា មាន៤ឃុំ និងមានភូមិពេញសិទ្ធចំនួន ៤៣ ភូមិ និងភូមិឧបសម្ព៍ន្ធចំនួន៨ភូមិ និងមានប្រជាពលរដ្ឋសរុបចំនួន ៧៧៦៦គ្រួសារ មនុស្សរាយចំនួន ៣៣.១៩៩ (បីម៉ឺន បីពាន់ មួយរយ កៅសិប ប្រាំបួន) នាក់ , ស្រី ១៦.៥៥៦នាក់។ លោកបន្តថា ក្នុងត្រីមាសទី៤ ឆ្នាំ២០១៥ ស្រុកសាលាក្រៅ មានករណីឃាតកម្មបាញ់សម្លាប់១លើក ស្លាប់មនុស្សម្នាក់, លួចដោយប្រើហឹង្សា១លើក, លួចធុងបាញ់ថ្នាំ១លើក , ហឹង្សាដោយចេតនា១លើក បណ្តាលអោយមនុស្សរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ , ករណីក្មេងទំនើង១លើក , ករណីប្រទូសកេរ៍ខ្មាស១លើក, ករណីគ្រោះថ្នាក់ចរាចរ ៧លើក បណ្តាលអោយស្លាប់មនុស្ស៣នាក់ របួសធ្ងន់៧នាក់ របួសស្រាល៣នាក់, ល្បែងស៊ីសងជល់មាន់១ករណី ឃាត់ខ្លួនជនសង្ស័យ ៧នាក់ ។ លោកបានបន្តថា ក្រោមកិច្ចសហការពីគ្រប់ស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ បានធ្វើអោយការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថភាពរបស់រាជរដ្ឋាភិបាលទទួលបានលទ្ធផលកាន់តែល្អប្រសើឡើង រក្សាបាននូវសន្តិសុខ សុវត្ថភាព និងសណ្តាប់ធ្នាប់ល្អជូនប្រជាពលរដ្ឋយើង។ ប៉ុន្តែ ទោះជាយ៉ាងនោះក្តី បញ្ហា ក្មេងទំនើង,ចោរកម្ម ការលេងល្បែងស៊ីសង, អំពើហឹក្សាក្នុងគ្រួសារ, គ្រោះថ្នាក់ចរាចរ ,បញ្ហាគ្រឿងញៀន ជាដើម នៅតែបន្តកើតមាន នៅក្នុងស្រុកសាលាក្រៅ ដែលគណៈបញ្ជាការឯកភាពស្រុកត្រូវបន្តដោះស្រាយអោយបានល្អប្រសើជូនប្រជាពលរដ្ឋ។
ឯកឧត្តម ម៉ៅ សំបុណ្យ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ បានមានប្រសាសន៍ថា កិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍នៃការអនុវត្តគោលនយោបាយ ភូមិឃុំ មានសុវត្ថភាពនេះធ្វើឡើងក្នុងគោលបំណងក្តាប់អោយបាននូវចំណុចខ្លាំង និងចំនុចខ្សោយ និងសំណូមពររបស់សមត្ថកិច្ចឃុំ សមត្ថកិច្ចស្រុក និងសមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំដែនកម្ពុជា-ថៃ ខេត្តប៉ៃលិនលើកិច្ចការងារភូមិឃុំមានសុវត្ថភាពដើម្បីរាយការណ៍ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តាមរយៈឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន ដែលសម្តេចតែងតែយកចិត្តទុកដាក់គិតគូពីទុក្ខ កង្វល់ ការលំបាក និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានបន្តថា សន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជាកត្តាគន្លិះដែលផ្តល់ភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀត អោយមានការរីកចំរើនស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ តំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ។ ហេតុនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកគោលនយោបាយភូមិ ឃុំមានសុវត្ថភាព ដើម្បីលើកកំពស់ និងជំរុញចលនាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅគ្រប់ពេល និងគ្រប់ច្រកល្ហក នៅទូទាំងប្រទេស។ ឯកឧត្តម ក៏បានណែនាំដល់គណបញ្ជាការឯកភាពស្រុកសាលាក្រៅ ត្រូវមានកិច្ចប្រជុំអោយបានទៀងទាត់ដើម្បីវាយតម្លៃពីលទ្ធផល និងបញ្ហាប្រឈមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថភាព និងដាក់ចេញនូវវិធានការ ផែនការសកម្មភាពតាមតំណាក់កាលនីមួយៗ ។ ត្រូវចុះពិនិត្យដោយចៃដន្យតាមប៉ុស្តិ៍នគរបាល រកចំនុចខ្លាំង និងចំនុចខ្សោយ ដើម្បីប្រជុំដកពិសោធការងារ។ បន្តពង្រឹងវិធានការរក្សាសន្តិសុខជាតិ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបង្ក្រាបទប់ស្កាត់ការប្រឆាំងតវ៉ាទាមទាពីបញ្ហាផ្សេងៗដែល ខុសនឹងច្បាប់រដ្ឋ , អំពើភាវរកម្ម និងឧក្រឹដ្ឋកម្មឆ្លងដែន ។ ជំរុញផ្សព្វផ្សាយ , រឹតបណ្តឹងការអនុវត្តច្បាប់ចរាចរ អោយបានជាប្រចាំ។ ជំរុញបំផុសអោយមានចលនាប្រលងប្រណាំង បង្កើតស្នាដៃការងារ សំដៅស្វែងរកអោយឃើញនូវបុគ្គល ឬអង្គភាពដែលខិតខំព្យាយាមបំពេញភារកិច្ចរបស់ខ្លួនបានល្អ សំរាប់ធ្វើជាគំរូ ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថភាពរបស់រាជរដ្ឋាភិបាល។
[youtube id= “xsYVLk6hrw8”]