(05-01-2016) ប៉ៃលិន៖ ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ គណៈបញ្ជាការឯកភាពក្រុងប៉ៃលិនបានប្រជុំត្រួតពិនិត្យរបាយការណ៍នៃការអនុវត្តគោលនយោបាយ ភូមិឃុំ មានសុវត្ថភាពប្រចាំត្រីមាសទី៤ឆ្នាំ២០១៥ ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ សំបុណ្យ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ និងជាប្រធានលេខាធិការក្រុមការងារទី៧ ប្រចាំខេត្តប៉ៃលិន និងបាត់ដំបង។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធានមន្ទីរសាធារណៈការ និងដឹងជញ្ជូន លោកស្នងការនគរបាលខេត្ត អធិការនគរបាលក្រុង កងរាជអាវុធហត្ថក្រុង ផ្នែកសឹងរងក្រុងប៉ៃលិនលោកចៅសង្កាត់ ស្មៀនសង្កាត់ មេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ ព្រមទាំងមន្រ្តីរាជការមន្ទីរជំនាញមួយចំនួនទៀត។
គោលនយោបាយភូមិឃុំមានសុវត្ថភាពរបស់រាជរដ្ឋាភិបាលមានចំនួន៩ ចំនុច គឺ គ្មានចោលួច ចោប្លន់គ្រប់ប្រភេទ,គ្មានអំពើហឹង្សាក្នុងគ្រួសារ , គ្មានក្មេងទំនើង ,គ្មានការលេងល្បែងស៊ីសងគ្រប់ប្រភេទ, គ្មានការជួញដូរមនុស្ស , គ្មានការចរាចរ ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន, គ្មានការត្រួតពិនិត្យខុសច្បាប់ , គ្មានការគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ , និងមានវិធានការឆ្លើយតបទាន់ពេលវេលាទៅនឹងគ្រោះធម្មជាតិ។
លោក ចាវ ខាន់ នាយករងរដ្ឋបាលសាលាខេត្តប៉ៃលិនបានមានប្រសាសន៍ថា សភាពការណ៍បទល្មើសក្នុងឆ្នាំ២០១៥ មានចំនួន៤៥លើក ប្រៀបនឹងឆ្នាំ២០១៤មានការថយចុះ២៦លើក ។ បទល្មើសឧក្រឹដ្ឋមានចំនួន១១លើក បណ្តាលអោយមនុស្សស្លាប់៤នាក់ របួសធ្ងន់២នាក់ របួសស្រាល ៧នាក់ ។ បទល្មើសមជ្ឈឹមមានចំនួន៣៤លើក បណ្តាលអោយស្លាប់មនុស្ស១នាក់ របួស២១នាក់ ។ ក្នុងនោះមានលួចមានស្ថានទំងន់ចំនួន១លើក ,ឃាតកម្ម៣លើក, រំលោភសេបសន្ថវៈ៧លើក ។ ករណីគ្រោះថ្នាក់ចរាចរចំនួន៥០លើក ស្លាប់មនុស្ស១៥នាក់ របួស ៩៣នាក់ ក្នុងនោះមានរបួសធ្ងន់៥៨នាក់។ គ្រោះថ្នាក់ដោយសារយោធភ័ណ្ឌមិនទាន់ផ្ទុះចំនួន៤លើក បណ្តាលអោយមនុស្សស្លាប់១នាក់ របួស៤នាក់។ គ្រោះមហន្តរាយកើតឡើងចំនួន១១លើក ក្នុងនោះមានករណីខ្យល់ព្យុះចំនួន៥លើក ខូចខាតផ្ទះ៧៦ខ្នង , ករណីទឹកជំនន់១លើក ខូចខាតផ្ទះចំនួន៣៥៨ខ្នង,ដំឡូង ៩៩២ហិចតា ,ពោត១៥៤ហិចតា មៀនប៉ៃលិន ១៧ហិចតា , ក្រូច១៨ហិចតា , ម្ទេស១ហិចតា , ល្ពៅ ១ហិចតា ។
លោក ស៊ុន យី អភិបាលក្រុងប៉ៃលិនបានមានប្រសាសន៍ថា ក្រោមកិច្ចសហការពីគ្រប់ស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ធ្វើអោយការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថភាពរបស់រាជរដ្ឋាភិបាលទទួលបានលទ្ធផលកាន់តែល្អប្រសើ រក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អជូនប្រជាពលរដ្ឋយើង។ លោកបន្តថា ទោះជាយ៉ាងនោះក្តី បញ្ហាសន្តិសុខសង្គម មានដូចជា ក្មេងទំនើង, ចោរកម្ម ការលេងល្បែងស៊ីសង, អំពើហឹក្សាក្នុងគ្រួសារ, គ្រោះថ្នាក់ចរាចរ ,បញ្ហាគ្រឿងញៀន ជាដើម នៅតែបន្តកើតមាន ក្នុងសង្គម ដែលយើងត្រូវបន្តដោះស្រាយអោយបានល្អប្រសើជូនប្រជាពលរដ្ឋ។ លោកបានបន្តទៀតថា នៅក្នុងឆ្នាំ២០១៦នេះ គណបញ្ជាការឯកភាពក្រុងប៉ៃលិននឹងត្រូវអនុវត្តនូវផែនការសកម្មភាពសំខាន់ៗមួយចំនួនទៀតដូចជា បន្តខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថភាពអោយកាន់តែមានប្រសិទ្ធភាព ។ រឹតបណ្តឹងការអនុវត្តច្បាប់ចរាចរផ្លូវគោកថ្មីអោយទទួលបានលទ្ធផលល្អ , ទប់ស្កាត់ ប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ , និងចូលរួមទប់ស្កាត់បទល្មើសព្រៃឈើ ។
ឯកឧត្តម ម៉ៅ សំបុណ្យ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ បានមានប្រសាសន៍ថា កិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍នៃការអនុវត្តគោលនយោបាយ ភូមិឃុំ មានសុវត្ថភាពនេះធ្វើឡើងក្នុងគោលបំណងក្តាប់អោយបាននូវចំណុចខ្លាំង និងចំនុចខ្សោយ និងសំណូមពររបស់សមត្ថកិច្ចសង្កាត់ សមត្ថកិច្ចក្រុង និងសមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំដែនកម្ពុជា-ថៃ ខេត្តប៉ៃលិន លើកកិច្ចការងារភូមិឃុំមានសុវត្ថភាព ដើម្បីយកទៅគោរពជម្រាបជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តាមរយៈឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន ដែលបានយកចិត្តទុកដាក់គិតគូពីទុក្ខ កង្វល់ ការលំបាក និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ និងបង្កលក្ខណៈល្អ ដល់កិច្ចការងារភូមិឃុំមានសុវត្ថភាពនេះ ។ ឯកឧត្តមបានបន្តថា សម្តេចបានផ្តល់អនុសាសន៍ផ្តាំផ្ញើរដល់កម្លាំងអនុវត្តច្បាប់ អាជ្ញាធរមានសមត្ថកិច្ចធ្វើយ៉ាងណាជៀសវាង កុំអោយមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។ ឯកឧត្តមបានបន្តទៀតថា គណៈបញ្ជាការឯកភាពក្រុង ត្រូវមានកិច្ចប្រជុំអោយបានទៀងទាត់ដើម្បីវាយតម្លៃពីលទ្ធផល និងបញ្ហាប្រឈមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថភាព និងដាក់ចេញនូវវិធានការ ផែនការសកម្មភាពតាមតំណាក់កាលនីមួយៗ ។ ឯកឧត្តមក៏បាននែនាំអោយគណបញ្ជាការឯកភាពក្រុងប៉ៃលិន ត្រូវចុះពិនិត្យ តាមប៉ុស្តិ៍នគរបាលដែលជាប៉ុស្តិ៍ខ្លាំង និងជាប៉ុស្តិ៍ខ្សោយ ដើម្បីដកពិសោធការងារ។បន្តពង្រឹងវិធានការរក្សាសន្តិសុខជាតិ សន្តិសុខ សណ្តាប់ធ្នាប់សង្គមនិងបង្ក្រាបទប់ស្កាត់ការប្រឆាំងតវ៉ាទាមទាពីបញ្ហាផ្សេងៗដែលខុស នឹងច្បាប់រដ្ឋ , អំពើភាវរកម្ម និងឧក្រឹដ្ឋកម្មឆ្លង ដែន ។ ជំរុញផ្សព្វផ្សាយ , រឹតបណ្តឹងការអនុវត្តច្បាប់ចរាចរ អោយបានជាប្រចាំ។ ជំរុញបំផុសអោយមានចលនាប្រលងប្រណាំង បង្កើតស្នាដៃការងារ សំដៅស្វែងរកអោយឃើញនូវបុគ្គល ឬអង្គភាពដែលខិតខំព្យាយាមបំពេញភារកិច្ចរបស់ខ្លួនបានល្អ សំរាប់ធ្វើជាគំរូ ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថភាពរបស់រាជរដ្ឋាភិបាល។
[youtube id= “5Qp7zKT6PuM”]