(02-01-2016) ប៉ៃលិន៖ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦ថ្មីៗកន្លងទៅនេះ នៅវត្តសន្តិមារាម ហៅវត្តអូច្រារ ស្ថិតក្នុងភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានប្រារព្វទិវា បួងសួង និងសកម្មភាពភាពសាសនាដើម្បីកុមារ ក្រោមប្រធានបទ បញ្ឈប់អំពើហឹង្សាលើកុមារ។ ទិវានេះមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន លោកជំទាវ ស៊ុំ ហៀង ប្រធានសភាពាណិជ្ជកម្មខេត្ត ព្រះគ្រូធម្មកដ្ឋាធិរាជ សាន់ លី ព្រះមេគណ គណៈធម្មយុត្តិកនិកាយ ខេត្តប៉ៃលិន ព្រះគ្រូរតនមុនី ចាន់ គង់ ព្រះមេគណ គណៈមហានិកាយខេត្តប៉ៃលិន លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាច្រើននាក់ទៀត។
ទិវាបួងសួង និងសកម្មភាពសាសនាដើម្បីកុមារត្រូវបាន សាសនាទាំងអស់ក្នុងប្រទេសកម្ពុជា បានប្រារព្វធ្វើឡើង ក្នុងនោះមានព្រះពុទ្ធសាសនា គ្រិសសាសនា និង អ៊ីស្លាមសាសនា។ ការប្រារព្វទិវាបួងសួង និងសកម្មភាពសាសនាដើម្បីកុមារ នៅវត្តសន្តិមារាម ហៅវត្តអូច្រារ នេះគឺធ្វើឡើងដោយព្រះពុទ្ធសាសនា គណៈធម្មយុត្តិកនិកាយខេត្តប៉ៃលិន ក្នុងគោលបំណងរំលឹងសកម្មភាពរបស់សាសនា ក្នុងកិច្ចការពារកុមារ។
ព្រះគ្រូធម្មកដ្ឋាធិរាជ សាន់ លី ព្រះមេគណ គណៈធម្មយុត្តិកនិកាយ ខេត្តប៉ៃលិនបានមានថេរដីការថា មាតាបិតាត្រូវមានអាកប្បកិរិយា អហឹង្សាក្នុងគ្រួសារ ដើម្បីធ្វើជាគំរូល្អដល់ កូនៗរបស់ខ្លួន ព្រោះថាអាកប្បកិរិយារបស់មាតាបិតា បានប៉ះពាល់ផ្ទាល់ដល់កុមារ ហើយពួកគេបានឃើញ និងធ្វើតាមនូវអ្វីដែលឪពុកម្តាយរបស់ពួកគេបានធ្វើ។ ម្យ៉ាងទៀត ឪពុកម្តាយត្រូវចិញ្ចឹមបីបាច់កូនចៅរបស់ខ្លួន ដោយសេចក្តីស្រឡាញ់ គ្មានអំពើហឹង្សា ទាំងផ្លូវកាយ និងផ្លូវចិត្តព្រោះទង្វើរ និងអាកប្បកិរិយា របស់ឪពុកម្តាយបែបណា មាយាទរបស់កូនក៏បែបនោះដែរ។ ព្រះគ្រូបានបន្តថា ទាំងព្រះសង្ឃក្នុងព្រះពុទ្ធសាសនា ក៏ដូចជាសាសនិកជនដទៃទៀត ត្រូវផ្សព្វផ្សាយធម៌អហិង្សាដល់មាតា បិតា លោកគ្រូ អ្នកគ្រូក្នុងសហគមន៍ អប់រំចិត្ត ជៀសផុតពីអំពើហឹង្សាលើកុមារទាំងឡាយ។
លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថា កុមារជាទំពាំងស្នងឬស្សីដែលត្រូវបន្តវេណពីមនុស្សចាស់។ ទង្វើទាំងឡាយរបស់មនុស្សចាស់បានដិតជាប់ជានិច្ចក្នុងអារម្មណ៍ ការគិត ការយល់ របស់កុមារទាំងឡាយ ហើយពួកគេនឹងធ្វើតាមនូវទង្វើរបស់មនុស្សចាស់ដែលនៅជុំវិញខ្លួន ពិសេសគឺឪពុកម្តាយ របស់ពួកគេផ្ទាល់តែម្តង។ ដូច្នេះឪពុកម្តាយ ត្រូវធ្វើជាគំរូល្អដល់កូនចៅរបស់ខ្លួន ត្រូវអប់រំណែនាំអោយពួកគេស្គាល់ពីសីលធម៌ គុណធម៌ ជាមនុស្សល្អក្នុងសង្គម ។ តែមិនត្រូវប្រើអំពើហឹង្សាក្នុងគ្រួសារ បង្ករការវាយតប់គ្នា ការជេប្រមាថគ្នាក្នុងក្រុមគ្រួសារ ការលែងល្បែងស៊ីសង ឬផឹកស្រាស្រវឹងបង្ករឿង ដែលធ្វើអោយកូនរបស់ខ្លួនយកតម្រាប់តាមឡើយ។ លោកជំទាវបានបន្តថា ប្រជាពលរដ្ឋយើងមួយចំនួនតូច ចូលចិត្តដើរលែងល្បែង និងសេពគ្រឿងស្រវឹង ហើយត្រលប់មកបង្កអំពើហឹង្សាក្នុងគ្រួសារនៅឯផ្ទះ ដែលជាគំរូដ៏អាក្រក់ដល់កូនចៅរបស់ខ្លួន ។ ដូច្នេះសូមអោយសូម អោយឪពុកម្តាយដែលចូលចិត្តប្រើអំពើហឹង្សាក្នុងគ្រួសារ ចូលចិត្តលេងល្បែងស៊ីសង សេពគ្រឿងស្រវឹងទាំងនោះ ត្រូវឈប់ធ្វើសកម្មភាពទាំងអស់នេះដើម្បីអនាគត់របស់កូនចៅជំនាន់ក្រោយរបស់ខ្លួន៕
[youtube id= “ofhF0H2tFno”]