មន្ទីរកសិកម្មខេត្តប៉ៃលិនចុះអនុស្សារណៈយោគយល់ស្តីពីការលើកកម្ពស់ផលឹតកម្មគោតាមបច្ចេកទេសទំនើប ជាមួយសហគ្រាសឃ្លាំងមឿង


(29-12-2015) ប៉ៃលិន៖ ​ថ្ងៃ​ទី២៩ ​ខែធ្នូ ​ឆ្នាំ​២០១៥ ​មន្ទីរ​កសិ​កម្ម​ខេត្ត​ប៉ៃលិន​បាន​បើក​សិក្ខា​សាលា​ពិ​គ្រោះ​យោបល់​ និង​ចុះ​អនុ​ស្សា​រណៈ​យោគ​យល់​ស្តីពី​ការ​លើក​កម្ពស់​ផលឹត​កម្ម​គោ ​តាម​បច្ចេក​ទេស​ទំនើប ​ជា​មួយ​សហ​គ្រាស​ឃ្លាំង​មឿង ​ធានា​រាប់​រង​សត្វ​ពាហនៈ​។​ ពិធី​ចុះ​អនុ​ស្សា​រណៈ​នេះ​បាន​ធ្វើ​ឡើង​នៅ​មន្ទីរ​កសិ​កម្ម​ខេត្ត ​ក្រោម​អធិបតី​ភាព ​ឯក​ឧត្តម ​ធូ​ ភា ​អភិ​បាល​រង​ខេត្ត​ប៉ៃលិន ​និង​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ លោក ​លោក​ស្រី ​អភិ​បាល​រង​ក្រុង​ ស្រុក ​លោក​ប្រធាន​មន្ទីរ ​និង​ប្រជា​កសិករ​ជា​ច្រើន​នាក់​ទៀត​។​

​គោល​បំណង​នៃ​ការ​ចុះ​អនុ​ស្សារណៈ​នេះ​ គឺ​ដើម្បី​ឈាន​សម្រេច​ចក្ខុ​វិស័យ​រួម​ស្តី​ពី​ការ​ឆ្លើយ​តប​ចំពោះ​តម្រូវ​ការ​សាច់​គោ​ក្នុង​ទីផ្សារ​ក្នុង​ស្រុក ​និង​លទ្ធ​ភាព​ជ្រៀត​ចូល​ក្នុង​ទីផ្សារ​អន្តរ​ជាតិ​នៃ​សាច់​គោ​ខ្មែរ​មាន​កម្រិត​ស្តង់​ដា​ជីវ​សុវត្ថ​ភាព​ខ្ពស់​ស្រប​តាម​គោល​នយោ​បាយ ​របស់​ក្រសួង​កសិ​កម្ម ​រុក្ខា​ប្រម៉ាញ់ ​និង​នេសាទ ​ក្នុង​កម្ម​វិធី​ទី២ ​ដែល​ជម្រុញ​ផលឹត​កម្ម​សត្វ ​និង​សុខ​ភាព​សត្វ ​។​ តាម​អនុ​ស្សារណៈ​នេះ​សហ​គ្រាស​ឃ្លាំង​មឿង ​បំរើ​សេវា​ធានា​រាប់​រង​សត្វ​ពាហណៈ​រយៈ​ពេល​១ឆ្នាំ ​ឬ​ ៤ខែ​ ជូន​ប្រជា​កសិករ ​ដោយ​ទី១ ​កំណត់​អត្ត​សញ្ញាណ​សត្វ​ពា​ហនៈ​ ទី២​ សំលាប់​បរាសិត​ ក្នុង ​និង​ក្រៅ​ខ្លួន​សត្វ,​ ទី៣ ​ចាក់​វ៉ាក​សាំង​បង្ការ​ជម្ងឺ​អុត​ក្តាម ​និង​សារ​ទឹក​ , ​ទី៤ ​ព្យា​បាល​ជម្ងឺ​ទូទៅ ,​ ទី៥ ​ផ្តល់​សំណង​៣០% ​នៃ​តម្លៃ​សត្វ​ពាហនៈ ​ប្រសិន​បើ​វា​ងាប់​ដោយ​ជម្ងឺ​ណា​មួយ,​ទី៦ ​បណ្តុះ​បណ្តាល​បច្ចេក​ទេស​ដល់​កសិករ​ជា​សមា​ជិក ,​ និង​ទី៧ ​រក​ទីផ្សារ​សម្រាប់​សត្វ​ពាហណៈ​របស់​កសិ​ករ​។​

​លោក​សាយ ​សុ​ផាត​ ប្រធាន​មន្ទីរ​កសិ​កម្ម​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍​ថា ​ការ​ចុះ​អនុ​ស្សា​រណៈ​យោគ​យល់​ស្តីពី​ការ​លើក​កម្ពស់​ផលឹត​កម្ម​គោ ​តាម​បច្ចេក​ទេស​ទំនើប​នេះ​ពិត​ជា​មាន​ប្រយោជន៍​ណាស់​សម្រាប់​ប្រជា​កសិករ​យើង ​ក្នុង​ការ​លើក​កំពស់​ជីវ​ភាព​គ្រួសារ​អោយ​សម្បូរ​រុង​រឿង ​តាម​រយៈ​ការ​ចិញ្ចឹម​សត្វ​គោ​បែប​ទំនើប​។ ​តាម​អនុ​ស្សា​រណៈ​នេះ​ ខាង​សហ​គ្រាស​ឃ្លាំង​មឿង​ នឹង​ជួយ​បណ្តុះ​បណ្តាល​បច្ចេក​ទេស​ចិញ្ចឹម​គោ​ដល់​កសិករ​សមា​ជិក ​មាន​ដូច​ជា ​ការ​ដាំ​ស្មៅ​ដែល​មាន​ជាតិ​ប្រូតេ​អ៊ីន​ខ្ពស់​សំរាប់​គោ​ស៊ី ​, ​ការ​កែច្នៃ​ចម្បើង ​សំណល់​ដំឡូង​មី ​កាក​អំពៅ ​សំរាប់​ធ្វើ​ចំណី​គោ ​, ​ការ​ជួយ​បង្កាត់​ពូជ​តាម​បែប​សុប្ប​និម្មិត​ ,​ ការ​ជួយ​ទំលាក់​សុក​សត្វ​ពាហនៈ ​, ការ​ចាក់​ថ្នាំ​ពន្លឿន​ការ​រក​ឈ្មោល​ជា​ដើម​។ ​អនុវត្ត​តាម​អនុ​ស្សា​រណៈ​នេះ ​ប្រជា​កសិករ​មាន​ដី​ត្រឹម​តែ​១រ៉ៃ ​ដាំ​ស្មៅ ​អាច​ចិញ្ចឹម​សត្វ​គោ​បាន​១០ក្បាល  ​គោ​ឆាប់​ធំ​ធាត់​ទទួល​បាន​ទិន្ន​ផល​ខ្ពស់  ​និង​មិន​ប្រឈម​នឹង​ការ​ខាត​បង់​ឡើយ​។ ​លោក​បាន​បន្ត​ថា ​ការ​ចិញ្ចឹម​គោ​តាម​បែប​បច្ចេក​ទេស​ទំនើប​នេះ ​សាច់​គោ​មាន​ជីវ​ជាតិ​ខ្ពស់ ​មាន​គុណ​ភាព​ល្អ ​ដែល​ខុស​ពី​គោ​ដែល​ចិញ្ចឹម​តាម​បែប​បុរាណ ​ដែល​សាច់​គោ​របស់​ខ្មែរ​យើង​មិន​ទាន់​មាន​គុណ​ភាព​ល្អ​នៅ​ឡើយ ​ដោយ​កសិករ​ខ្មែរ​យើង​មិន​មាន​ការ​ថែទាំ ​ការ​ធ្វើ​អានា​ម័យ ​ការ​ទំលាក់​បរា​សិត​ក្នុង ​និង​ក្រៅ​ខ្លួន ​សត្វ​គោ​នៅ​ឡើយ​ទេ ​។​

​ឯក​ឧត្តម ​ធូ ​ភា ​អភិ​បាល​រង​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍​ថា ​មន្ទីរ​កសិ​កម្ម​ខេត្ត​កំពុង​ជម្រុញ​ចំគោល​ដៅ ​ដោយ​មាន​ការ​ធានា​សុខ​ភាព​សត្វ​បាន​ត្រឹម​ត្រូវ​ពី​ដៃ​គូ ​ ពិសេស​ជំរុញ​ការ​ចិញ្ចឹម​សត្វ​គោ​ប្រកប​ដោយ​គុណ​ភាព ​ស្រប​ពេល​ដែល​ប្រទេស​យើង​ឈាន​ចូល​សហ​គមន៍​សេដ្ឋ​កិច្ច​អាស៊ាន ​នៅ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។​ ឯក​ឧត្តម​បាន​បន្ត​ថា ​ខេត្ត​ប៉ៃលិន​មាន​ការ​ខ្វះ​ខាត​ច្រើន​លើ​បច្ចេក​ទេស​ក្នុង​អនុ​វិស័យ​សត្វ​ពាហណៈ​ដូច​ជា ​ អវត្ត​មាន​វិធាន​ការ​សំលាប់​បរា​សិត ​មាន​ព្រូន ​តេញ្ញា ​ចៃ ​ដង្កែ ​និង​អង្គែ​ជា​ដើម​។ ​ធន​ធាន​របស់​រដ្ឋ​នៅ​មាន​កម្រិត ​លើ​ការ​ចាក់​ថ្នាំ​ការ​ពារ​ជម្ងឺ ​និង​ការ​ព្យា​បាល​ជម្ងឺ​សត្វ​ពាហណៈ ​ តួ​យ៉ាង​សត្វ​គោ ​ក្របី ​ត្រូវ​ចាក់​វ៉ាក​សាំង​ការ​ពារ​ជម្ងឺ​អុត​ក្តាម ​និង​សារ​ទឹក ​ប៉ុន្តែ​រដ្ឋ​បាន​ផ្តល់​តែ​វ៉ាក​សាំង​សាទឹក​បាន​លើក​គោ ​ក្របី​តិច​ជាង ​៣០% ​ប៉ុណ្ណោះ ​ ឯ​វ៉ាក់​សាំង​អុត​ក្តាម​ គឺ​អត់​ទាំង​ស្រុង ​ហើយ​សត្វ​គោ ​ក្របី​របស់​ប្រជា​ពល​រដ្ឋ​ជិត ​៧០%​ បាន​កើត​ជំងឺ​នេះ ​ដោយ​ត្រូវ​ចំណាយ​ប្រាក់​ពី៣​ទៅ​៥ម៉ឺន​រៀល ​សំរាប់​ព្យា​បាល ​ហើយ​មាន​សត្វ​គោ ​ក្របី​ស្លាប់​ក្នុង​ចំណោម​ប្រជា​កសិករ​២៥%​។ ​ឯក​ឧត្តម ​ក៏​បាន​ណែនាំ​អោយ​មន្ទីរ​កសិកម្ម​ត្រូវ​សហ​ការ​ចិញ្ចឹម​គោ​បង្ហាញ​ ដោយ​អនុ​វត្ត​តាម​បទ​ដ្ឋាន​បច្ចេក​ទេស​ទំនើប ​នៅ​កសិ​ដ្ឋាន​គម្រូ ​និង ​ត្រូវ​បំផុស​ចលនា​ចិញ្ចឹម​គោ​នៅ​គ្រប់​សហ​គមន៍​កសិ​កម្ម ​និង​តាម​គ្រួសារ ​ តាម​បច្ចេក​ទេស​ជីវ​សុវត្ថ​ភាពនៅ​ទូទាំង​ខេត្ត​។​

cpp-29-12-2015-001 cpp-29-12-2015-002vv

[youtube id= “dqqGT9SwB4E”]