(28-12-2015) ប៉ៃលិន៖ នៅសាលាខេត្តប៉ៃលិនព្រឹកថ្ងៃទី២៨ធ្នូ ឆ្នាំ២០១៥ បានរៀបចំសិក្ខាសាលាស្តីអំពីការប្រកាសច្បាប់ចរាចរណ៍ថ្មី ក្រោមអធិបតីភាព ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គភាពមន្ទីរ ស្ថាប័នជុំវិញខេត្ត អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំសង្កាត់ ព្រមទាំងលោកមេភូមិមកពីទូទាំងខេត្តប៉ៃលិនផងដែរ ។
លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិនបានអានសេចក្តីសម្រេចស្តីពីការបង្កើតលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន (គ.ស.ច.គ) និងបទបញ្ញត្តិសំខាន់នៃច្បាប់ចរាចរណ៍ថ្មីដែលមានសមភាពចំនួន១៧នាក់ ដើម្បីអនុវត្តផែនការផ្សព្វផ្សាយអប់រំ និងផែនការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅខេត្តប៉ៃលិន។ លោកបានអោយដឹងថាៈគ្រោះថ្នាក់ចរាចរណ៍សព្វថ្ងៃកើតឡើងដោយសារ កត្តាមនុស្ស កត្តាផ្លូវថ្នល់ កត្តាយាន្តយន្ត តែភាគច្រើនបង្កឡើងដោយកត្តាមនុស្សមិនគោរពច្បាប់ចរាចរណ៍។ចំពោះការអនុវត្តច្បាប់ថ្មីនេះមិនលើកលែងជាដាច់ខាតដោយសមត្ថកិច្ចអនុវត្តន៍ច្បាប់ម៉ឹងម៉ាត់គ្រប់ពេលវេលា ។
លោក ឌិន គឹម ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបានសំណូមពរដល់ ម្ចាស់យាន្តយន្តគ្រប់ប្រភេទត្រូវចូលខ្លួនមកមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តដើម្បីធ្វើការណែនាំ ក៏ដូចជាបំពេញបែបបទប្រឡងយកប័ណ្ណបើកបរដើម្បីកុំអោយមានបញ្ហាការផាកពិន័យផ្សេងៗក្នុងពេលពេលបើកបរ ។លោកបន្តថាៈ ចំពោះរថយន្តកែឆ្នៃដែលធ្វើមិនត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស ជាពិសេសភ្លើងផ្តល់សញ្ញាដែលជាកត្តាមួយកំពុងប្រឈមនិងព្រួយបារម្មណ៍ជាខ្លាំង ដែលអ្នកបើកបរភាគច្រើនពុំទាន់យល់ពីច្បាប់ចរាចរណ៍និងមានប័ណ្ណបើកបរត្រឹមត្រូវ។លោកបានជំរុញដល់អ្នកមានរថយន្តពុំទាន់បានកាត់ឈ្មោះ សូមមេត្តារួសរាន់មកកាត់ឈ្មោះ អោយដាច់ស្រេចជៀសវាងការរឹបអូសនិងខុសច្បាប់ផ្សេងៗជាដើម។
ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា ប្រទេសកម្ពុជាសព្វថ្ងៃមានអត្រាគ្រោះថ្នាក់ចរារណ៍កើតឡើងជារៀងរាល់ថ្ងៃ ដែលនេះជាកត្តាមួយកំពុងប្រឈមខ្លាំងក្នុងសង្គមកម្ពុជាយើងនិងពិភពលោកនាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនេះកំណើននៃការប្រើប្រាស់យាន្តជំនិះគ្រប់ប្រភេទមានសន្ទុះកើនឡើងគួរឲ្យកត់សំគាល់ រហូតធ្វើអោយអ្នកបើកបរមួយចំនួន មានការធ្វេសប្រហែសក្នុងការបញ្ជាយានយន្ត មិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក មិនយោគយល់អាធ្យាស្រ័យគ្នាទៅវិញទៅមក និងខ្លះទៀតពេលបើកបរមានផ្ទុកគ្រឿងស្រវឹង ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់ ខូចខាតទ្រព្យសម្បត្តិសាធារណៈ និងទ្រព្យសម្បត្តិឯកជន ព្រមទាំងធ្វើឲ្យមានអ្នកស្លាប់ អ្នករងរបួសជាច្រើនផងដែរ។ឯកឧត្តមបន្តថា អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ អង្គភាព មន្ទីរស្ថាប័ន ក្រុង ស្រុក ឃុំ សង្កាត់ កងកំលាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ សហគមន៍ ជាពិសេសស្ថានីយ៏វិទ្យុនិង ទូរទស្សន៍ខេត្តប៉ៃលិនត្រូវធ្វើការផ្សព្វផ្សាយនូវច្បាប់ចរាចរថ្មីនេះអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋ ព្រោះថាការអនុវត្តន៍ច្បាប់ចរាចរណ៍ថ្មីនេះចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី០១ មករា ឆ្នាំ២០១៦ខាងមុខនេះ ។ ឯកឧត្តមបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋត្រូវត្រៀមឯកសារអោយបានគ្រប់គ្រាន់រាល់ពេលបើកបរនិងធ្វើដំណើរ ត្រូវមានសីលធម៌ចាស់ទុំ ត្រូវមានចរិយាសម្បត្តិសុភាពរាបសារ អត់ធ្មត់ ការគោរពសិទ្ធគ្នាក្នុងការបើកបរ ត្រូវយល់ដឹងអំពីផ្លាកសញ្ញាសំខាន់ៗនៅតាមដងផ្លូវ យាន្តជំនិះគ្រប់ប្រភេទត្រូវបំពាក់កញ្ចក់ មួកសុវត្ថិភាពគ្រប់ពេលវេលា។ ចំពោះរថយន្តកែឆ្នៃ និងគោយន្ត ត្រូវមានភ្លើងផ្តល់សញ្ញាបំពាក់មុខក្រោយអោយបានត្រឹមត្រូវ ហើយប្រជាពលរដ្ឋនៅទូទាំងខេត្តប៉ៃលិនទាំងមូលត្រូវផ្អាកការកែឆ្នៃឡានបណ្តោះអាសន្នសិន ។
ឯកឧត្តមបានសំណូមពរដល់សមត្ថកិច្ចដែលចុះអនុវត្តច្បាប់ ត្រូវមានកាយវិការទន់ភ្លន់ សុភាពរាបសារ និងភាពថ្លៃថ្នូរគ្រប់ពេលវេលា គ្រប់ទីកន្លែង ។អាជ្ញាធរមូលដ្ឋាន ក្រុង-ស្រុក ឃុំ សង្កាត់ មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ ត្រូវមានសីលធម៌និងបង្កើតទំនាក់ទំនងជាមួយប្រជាពលរដ្ឋអោយបានល្អ កុំប្រើអំណាចឬខ្នងនិងពាក្យមិនសមរម្យទៅលើសមត្ថកិច្ចពេលចុះបំពេញការងារអនុវត្តន៍ច្បាប់ ដោយអនុវត្តន៍តាមគោលនយោបាយឈ្នះៗទាំងអស់គ្នា ។
[youtube id= “_VlQUSw0qEg”]