(27-12-2015) ប៉ៃលិន៖ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំពង្រឹងការងារប្រចាំខែរបស់បក្ស និងការងារចុះមូលដ្ឋានរបស់សមាជិកបក្សនៅទូទាំងខេត្តប៉ៃលិន ដើម្បីតម្រង់ទិសធ្វើយ៉ាងណាអោយការងារកាន់តែរឹងមាំថែមទៀតសម្រាប់ឆ្នាំថ្មីខាងមុខ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម កើត សុធា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ឯកឧត្តម ប៉ាន់ សូរស័ក្ក ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសមាជិកសមាជិកាគណបក្សខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៅទូទាំងខេត្តប៉ៃលិនជាច្រើនអ្នកទៀត។
ប៉ៃលិន ឯកឧត្តម ប៉ាន់ សូរស័ក្ក ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តប៉ៃលិន បានលើកឡើងថា៖ ខេត្តប៉ៃលិនជាខេត្តមួយដែលមានការអភិវឌ្ឍន៍គួរអោយកត់សំគាល់ទាំងហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច ទីផ្សារ និងបរិស្ថានមានភាពស្រស់បំព្រងល្អ ដែលទាំងនេះធ្វើអោយខេត្តមួយនេះមានភាពលេចធ្លោផងដែរ។ ហើយចំពោះនយោបាយក្នុងខេត្តមួយនេះវិញ គឺសង្កេតឃើញថាមានភាពល្អប្រសើរច្រើននិងមានសាមគ្គីភាពល្អ ដែលទាំងនេះគឺដោយសារកិច្ចសហប្រតិបត្តិការរបស់មន្រ្តីគ្រប់ជាន់ថ្នាក់ របស់សមាជិកសមាជិកាបក្សប្រជាជនខេត្តប៉ៃលិន ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងសកម្មរបស់ ឯកឧត្តម កើត សុធា ប្រធានគណៈកម្មាធិការបក្សប្រជាជន ដែលនេះជាការជម្រុញនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អោយកាន់តែមានប្រជាប្រិយភាពនិងទទួលបានការគាំទ្រថែមទៀតពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ឯកឧត្តមក៏បានជម្រុញអោយសមាជិកសមាជិកាបក្សទាំងអស់ ត្រូវចេះក្តាប់នូវព័ត៌មាននៅតាមមូលដ្ឋានរៀងៗខ្លួនអោយបានច្បាស់លាស់នូវភាពអវិជ្ជមានណាមួយពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដើម្បីយើងមានវិធានដោះស្រាយ អោយបានទាន់ពេលវេលា។
ឯកឧត្តម កើត សុធា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តប៉ៃលិនមានប្រសាសន៍ថា៖ កិច្ចប្រជុំបូកសរុបការងារប្រចាំខែរបស់បក្សគឺ ពិភាក្សាដើម្បីកែលំអរនូវចំណុចអវិជ្ជមានមួយចំនួនរបស់សមាជិកបក្សក៏ដូចជាការពង្រឹងសមាសភាពគណៈប្រចាំការ ដែលសមាជិកសមាជិកាបក្សត្រូវយកចិត្តទុកដាក់ខ្លាំង លើសពីនោះការពង្រឹងលើគណៈទាំង៥ ធ្វើយ៉ាងណាអោយមានសកម្មភាពប្រចាំការដើម្បីគ្រប់គ្រងព័ត៌មានច្បាស់លាស់ និងការត្រួតពិនិត្យផ្សេងៗជាពិសេសពង្រឹងសមាសភាពក្រុមការងារចុះជួយឃុំ-សង្កាត់ទាំង៨ នៅទូទាំងខេត្តប៉ៃលិន ហើយនឹងការពង្រឹងការងារប្រជុំជីវភាពរបស់បក្ស មន្ទីរអង្គភាព ប្រចាំខែ និងការធ្វើរបាយការណ៍អោយបានសមស្រប ការបូកសរុបបញ្ជីតាមក្រុង-ស្រុក ឃុំ-សង្កាត់ ដើម្បីត្រៀមសន្និបាតក្នុងពេលឆ្នាំថ្មីខាងមុខ។ ទន្ទឹមនឹងនេះចំពោះការងាររដ្ឋបាលក៏ស្នើអោយមន្រ្តីយើងគ្រប់ថ្នាក់ត្រូវយកចិត្តទុកដាក់អនុវត្តន៍តួនាទីនិងភារៈកិច្ចអោយបានសកម្មនិងច្បាស់លាស់ ដូចជាការផ្តល់សេវារបស់នគរបាលអន្តោប្រវេសន៍ តុលាការ ប៉ូលីសចរាចរណ៍ អត្រានុកូលដ្ឋាន និងការធ្វើអត្តសញ្ញាណប័ណ្ណត្រូវផ្តល់ជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលាត្រូវមានក្រមសីលធម៌ អាកប្បកិរិយា ការនិយាយស្តីអោយបានសមរម្យទៅលើអ្នកទទួលសេវាដើម្បីកុំអោយមានការរិះគន់ពីប្រជាពលរដ្ឋ។ ចំណែកផ្នែកសន្តិសុខសណ្តាប់ធ្នាប់វិញត្រូវពង្រឹងការងារលើភូមិឃុំមានសុវត្ថិភាពតាមមូលដ្ឋានសុំអោយមានសកម្មភាពជាប្រចាំ ។ ចំពោះការងារចុះឈ្មោះបោះឆ្នោតសុំអោយអាជ្ញាធរមូលដ្ឋាន ត្រូវចុះជាប់ជាមួយការងារនេះ ក្នុងនាមបក្សនិងក្នុងនាមអាជ្ញាធរដើម្បីផ្តល់ទំនុកចិត្តខ្ពស់ដល់ប្រជាពលរដ្ឋ ហើយឯកឧត្តមបានផ្តាំផ្ញើរដល់សមត្ថកិច្ចគ្រប់ថ្នាក់ត្រូវផ្សព្វផ្សាយអំពីច្បាប់ចរចរណ៍ថ្មីដល់បងប្អូនប្រជាពលរដ្ឋអោយបានយល់ដឹងច្បាស់លាស់ដើម្បីសុវត្ថិភាពអាយុជីវិតយើងទាំងអស់គ្នា។
[youtube id= “5oDiaeAqTiQ”]