(25-12-2015) ប៉ៃលិន៖ ក្នុងសិក្ខាសាលាអនុម័ត្តចម្ការមីនសំរាប់ផែនការបោសសំអាតឆ្នាំ២០១៦ ដែលបានធ្វើឡើងនៅសាលាខេត្តប៉ៃលិន កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ក្រោមអធិបតីភាពឯកឧត្តម កើត សុធា អភិបាល នៃគណអភិបាលខេត្តប៉ៃលិន , មានផ្ទៃដីចំនួន៥២៦ហិចតា ត្រូវបានប្រតិប័ត្តករដោះមីនក្នុងខេត្តប៉ៃលិន ចុះហត្ថលេខាទទួលយកទៅបញ្ចូលក្នុងផែនការដោះមីនប្រចាំឆ្នាំ២០១៦របស់ខ្លួន ដែលចំនួននេះមានការថយចុះចំនួន៣៨% បើប្រៀបនឹងឆ្នាំ២០១៥ ដែលមានទំហំដីចំនួនជាង៨៤៦ ហិចតា។
លោក ឈិម សម្បត្ត ប្រធាន អង្គភាព MAPU ខេត្តប៉ៃលិនបានអោយដឹងថា អង្គភាពប្រតិប័ត្តករដែលបានទទួលយកផែនការបោសសំអាតមីនប្រចាំឆ្នាំ២០១៦នេះមានចំនួន ៤អង្គភាព ក្នុងនោះមាន CMAC ចំនួន៥ ចំការមីន មានទំហំដីចំនួន៦២,៨៥ ហិចតា , MAG ចំនួន ២៥ ចំការមីន មានទំហំដីចំនួន ១០៩,០៥ ហិចតា, HALO TRUST ចំនួន ២៩ ចំការមីន មានទំហំដីចំនួន ៩៦,៨៥ ហិចតា UNDP ចំនួន២៧ ចំការមីន មានទំហំដីចំនួន ២៥៧,១៥ ហិចតា។ លោកបានបន្តថា ក្នុងឆ្នាំ២០១៥ មានជនរងគ្រោះដោយសារមីនចំនួន៨នាក់ ស្មើនឹង ៨ករណី ដែលធ្វើអោយមនុស្សស្លាប់ម្នាក់ និងរបួស៧នាក់។ សកម្មភាពផ្ទុះទាំងនោះមានដូចជា ការចូលព្រៃបេះផ្លែសោម , សកម្មភាពបោកត្រី, ដំកិប និងក្បាលគ្រាប់ និងសកម្មភាពកាប់ព្រៃដាំដំឡូង។
ឯកឧត្តម កើត សុធា អភិបាល នៃគណអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើដល់អង្គភាពប្រតិប័ត្តករទាំងអស់ ដែលបានសហការគ្នាបានល្អជាមួយអាជ្ញាធរ ក៏ដូចជាអង្គភាពផ្សេងៗទៀត ព្រមទាំងបានខិតខំទាំងកំលាំងកាយ និងប្រាជ្ញាដើម្បីសកម្មភាពភាពដោះមីននៅក្នុងខេត្តប៉ៃលិន ជួយសង្គ្រោះ អាយុជីវិត ប្រជាពលរដ្ឋយើង។ឯកឧត្តមបានមានប្រសាសន៍ថា គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ នៅតែជាឃាតករលាក់មុខ ដែលនៅតែគំរាមកំហែងដល់អាយុជីវិតរបស់ប្រជាពលរដ្ឋខេត្តប៉ៃលិន។ ជារៀងរាល់ឆ្នាំមានប្រជាពលរដ្ឋច្រើននាក់បានរងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ហើយចំនួននេះមិនទាន់មានការថយចុះនៅឡើយទេ ដោយសារក្នុងឆ្នាំខ្លះមានការកើនឡើង ឆ្នាំខ្លះមានការថយចុះ មិនទៀងទាត់។ ឯកឧត្តម បានអំពាវនាវសូមអោយបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្តចំពោះគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនេះ ដោយមិនត្រូវចូលក្នុងព្រៃណាដែលយើងមិនច្បាស់ថាមានមីន ដោយប្រថុនប្រថាននោះទេ ហើយម្យ៉ាងទៀតក៏មិនត្រូវយកក្រាប់ទៅច្នៃ ដើម្បីយកទៅបំរើក្នុងសកម្មភាពផ្សេងៗដូចជាបោកត្រីជាដើម ដែលនាំអោយគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ។
[youtube id= “AM7FD-32_yU”]