ផ្ទះ២ខ្នងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិតិ្តព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្រីក្រនៅក្នុងខេត្តប៉ៃលិន តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន


(22-12-2015) ប៉ៃលិន៖ ​នៅ​រសៀល ​ថ្ងៃទី​២២ ​ខែធ្នូ ​ឆ្នាំ​២០១៥ ​លោក​ជំទាវ​ បាន​ស្រីមុំ​ ប្រធាន​គណៈ​កម្មា​ធិការ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​ប៉ៃលិន​ បាន​ដឹក​នាំ​សមា​ជិក​ សមា​ជិកា​គណៈ​កម្មា​ធិការ​ សាខា អនុ​គណៈ​កម្ម​កា​សាខា​ស្រុក​សាលា​ក្រៅ ​ព្រម​ទាំង​ក្រុម​ការងារ​ អ្នក​ស្មគ្រ័​ចិត្ត​កាក​បាទ​ក្រហម ​ លោក​អភិ​បាល​ស្រុក​សាលា​ក្រៅ ​លោក​មេ​ភូមិ​ មេ​ឃុំ ​ចុះ​សាក​សួរ​សុខ​ទុក្ខ​ និង​ប្រគល់​ផ្ទះ​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​រ៉ានី ​ហ៊ុន ​សែន​ចំនួន​២ខ្នង​ ជូន​ប្រជា​ពល​រដ្ឋ​ក្រីក្រ​ក្នុង​ភូមិ​អណ្តូង​ថ្ម ​ឃុំ​ស្ទឹង​កាច់ ​ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន​ ព្រម​ទាំង​ផ្តល់​អំណោយ​មនុស្ស​ធម៌​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ជួប​ការ​លំបាក​ខ្វះ​ខាត​៣ភូមិ​ គឺ​ភូមិ​អណ្តូង​ថ្ម​មាន​ចំនួន​៩០​គ្រួសារ​ ភូមិ​វាល​ចែង​មាន​ចំនួន​៦០​គ្រួសារ​ និង​ភូមិ​ស្រះ​ពីរ​តា​ឈាន​មាន​ចំនួន​៥០​គ្រួសារ​ផង​ដែរ​។​

​លោក​សូ ​កង ​នាយក​ប្រតិ​បត្តិ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​ប៉ៃលិន​បាន​អោយ​ដឹង​ថា​៖​ផ្ទះ​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន ​រ៉ានី ​ហ៊ុន​សែន​ ប្រធាន​​កាក​បាទ​ក្រហម​កម្ពុជា​  តាម​រយៈ​លោក​ជំទាវ​ បាន​ស្រីមុំ​ ប្រធាន​គណៈ​កម្មា​ធិការ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​ប៉ៃលិន ​បាន​បន្ត​ប្រគល់​ជូន​ប្រជា​ពល​រដ្ឋ​ក្រីក្រ​ក្នុង​ខេត្ត​ប៉ៃលិន​មាន​ចំនួន​២ខ្នង​ផ្ទះ​ទៀត​ហើយ​។​ ផ្ទះ​ទី១​ បាន​ប្រគល់​ជូន​លោក​យាយ​ព្រំ ​ហុក​ អាយុ​៩០ឆ្នាំ​ ទី​ទ័ល​ក្រលំ​បាក ​ដែល​សព្វ​ថ្ងៃ​លោក​យាយ​រស់​នៅ​តែ​ជា​មួយ​កូន​ប្រុស​ពិកា​ដៃ​រក​ស៊ី​ធ្វើ​សំណង់​ និង​ស៊ី​ឈ្នួល​គេ ​ចិញ្ជឹម​ដោយ​លោក​យាយ​តែ​ប៉ុណ្ណោះ ​។​ ផ្ទះ​ទី២ ​បាន​ប្រគល់​ជូន​ លោក​ ខាត់​ ជេម​អាយុ​៤០ឆ្នាំ ​ដែល​មាន​ជីវ​ភាព​ទី​ទ័ល​ក្រ​លំបាក ​។ ​លោក​ សូ ​កង​ បាន​បញ្ជាក់​ថា ​ទន្ទឹម​នឹង​ទទួល​បាន​ផ្ទះ ​លោក​យាយ​ព្រំ​ហុក ​និង​លោក​ពូ​ខាត់​ ជេម​ ក៏​នៅ​ទទួល​បាន​អង្គ​៥០គីឡូ​ក្រាម​ មី១កេះ​ ត្រី​ខ១​ឡូរ៏​ ទឹក​ត្រី១​យួរ ​ទឹក​ស៊ីអ៊ីវ​១យួ ​ប្រេង​ឆា១​ដប​ ប៉ិស​ចេង​១គីឡូ ​ឆ្នាំង​បាយ​សម្ល​២ ​ខ្ទះ​ឆា១​ ចាន​បាយ​សម្លរ​១២ ​ស្លាប​ព្រា​១០ ​វែក​បាយ​សម្លរ​២ ​វែក​ឆា១​ ឃីត​២​កញ្ចប់​(​សារុង​ ក្រមា ​ភួយ​ មុង​)​ កន្ទេល​ជ័រ​១​ និង​ថវិកា​៦០ម៉ឺន​រៀល​ដែល​ជា​អំណោយ​របស់​ឯក​ឧត្តម​ អ៊ី ​ឈាន​ ប្រធាន​កិត្តិ​យស​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​ប៉ៃលិន​ផង​ដែរ​ ។​  ចំណែក​ប្រជា​ពល​រដ្ឋ​ចំនួន​២០០​គ្រួសារ​មក​ពី​បី​ភូមិ​ក្នុង​ឃុំ​ស្ទឹង​កាច់​ស្រុក​សាលា​ក្រៅ ​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​ ក៏​បាន​ទទួល​នូវ​អំណោយ​ពី​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​ប៉ៃលិន​ផង​ដែរ​ ដោយ​ក្នុង​មួយ​គ្រួសា​ទទួល​បាន​អង្គ​២៥​គីឡូ​ក្រាម​ មី១កេះ ​ត្រីខ​១ឡូរ៏​ ទឹកត្រី​១យួ ​ ប្រេង​ឆា​១ដប​ ឃីត​២​កញ្ជប់​(​សារុង​ ក្រមា ​ភួយ​ មុង​)​ និង​ថវិការ​៣ម៉ឺន​រៀល​។​

​ក្នុង​ពិធី​ប្រគល់​ផ្ទះ ​និង​ជួប​សំណេះ​សំណាល​ជា​មួយ​ប្រជា​ពល​រដ្ឋ​ លោក​ ជំទាវ​បាន​ស្រីមុំ​ ប្រធាន​គណៈ​កម្មា​ធិ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​ប៉ៃលិន ​​បាន​​ពាំ​នាំ​នូវ​​ប្រសាសន៍​ផ្តាំ​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ​ពី​សំណាក់ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន ​រ៉ានី ​ហ៊ុន ​សែន ​ប្រធាន​កាក​បាទ​ក្រហម​​កម្ពុជា​  ដែល​សម្តេច​​តែង​តែ​បាន​គិត​គូរ​​ព្រួយ​បារម្ភ​ជាប់​ជា​និច្ច​ចំពោះ​សុខ​ទុក្ខ ​និង​ការ​លំបាក​ក្នុង​ជីវ​ភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​បង​ប្អូន ​ប្រជា​ពល​រដ្ឋ​យើង​នៅ​ទូរទាំង​ប្រទេស​  ដោយ​ឡែក​ជា​ពិសេស​ គឺ​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​តាម​មូល​ដ្ឋាន​ជន​បទ​ដាច់​ឆ្ងាយ​ពី​រាជ​ធានី ​ដូច​ជា​ខេត្ត​ប៉ៃលិន​ជា​ដើម ​។​លោក​ជំទាវ​បាន​មាន​ប្រសាសន៍​ ៖​  ផ្តល់​កម្លាំង​ចិត្ត​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ ​អោយ​បន្ត​ខិត​ខំ​ប្រកប​មុខ​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ដោយ​សុច្ច​រិត​ ទៀង​ត្រង់​ខិត​ខំ​ដាំ​ដុះ​បង្ករ​បង្កើន​ផល​អោយ​អស់​លទ្ឋ​ភាព​ និង​សមត្ថ​ភាព ​ដើម្បី​កែ​ប្រែ​សេដ្ឋ​កិច្ច​ជីវ​ភាព​ក្រុម​គ្រួសារ​ខ្លួន​អោយ​ល្អ​ប្រសើរ​ឡើង​  ព្រោះ​ប្រទេស​ជាតិ​យើង​មាន​សុខ​សន្តិ​ភាព​ពេញ​លេញ​បរិបូរណ៏ ​ដូច្នេះ​យើង​មាន​ឳកាស​ច្រើន​ណាស់​ ។​ លោក​ជំទាវ​បាន​មាន​ប្រសាសន៏​ថា​ ទន្ទឹម​នឹង​ភាព​សុខ​ដម​រម្យនា​ក្នុង​បរិយា​កាស​សុខ​សន្តិ​ភាព ​សុំ​កុំ​អោយ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​យើង​ភ្លេច​ខ្លួន​អោយ​សោះ ​ ត្រូវ​សាម​គ្គី​គ្នា​ចូល​រួម​ការងារ​ភូមិ​ឃុំ​មាន​សុវត្តិ​ភាព ​ ការពារ​កុំ​អោយ​ពួក​ជន​ខិល​ខូច​ឆក់​ឳកាស​លួច​ប្លន់​យើង​បាន​ ។​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​សុខ​ភាព​ ដោយ​ទទួល​ទាន​ទឹក​ស្អាត​ទឹក​ឆ្អិន​ម្ហូប​អាហារ​មាន​អានា​ម័យ ​។ ​ត្រូវ​ត្រៀម​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះ​មហន្ត​រាយ​ធម្ម​ជាតិ ​ជា​យថា​ហេតុ​ជា​និច្ច ​។​ ដើម្បី​ជាស​វាង​ពី​គ្រោះ​ថ្នាក់​ចររាចរ​បាន​  ក្នុង​ការ​ធ្វើ​ដំណើរ​បើក​បរ​យាន​យន្ត​ត្រូវ​តែ​គោរព​ច្បាប់​ចររាចរ ​។​ សំរាប់​យុវ​ជន​ សុំ​ជាស​វាង​អោយ​ឆ្ងាយ​ពី​គ្រឿង​ញៀន ​ ត្រូវ​ចាត់​ទុក​គ្រឿង​ញៀន​ជា​សត្រូវ​ស្លាប់​រស់​របស់​ជីវិត​យុវ​ជន​យើង​  ដើម្បី​ធានា​បាន ​លោក​ជំទាវ​បាន​សុំ​អោយ​មាតា​បិតា​អាណា​ព្យាបាល​ យក​ចិត្ត​ទុក​ដាក់​តាម​ដាន​ណែនាំ​កូន​ចៅ​អោយ​ជាប់​ជា​ប្រចាំ​ក្នុង​រឿង​គ្រឿង​ញៀន​នេះ ​។​  លោក​ជំទាវ​បាន​ស្រី​មុំ ​បាន​បញ្ជាក់​ថា ​ទីណា​មាន​ការ​លំបាក ​ ទីនោះ​គឺ​មាន​កាក​បាទ​ក្រហម​កម្ពុជា​  កាក​បាទ​ក្រហម​កម្ពុជា​មិន​ប្រកាន់​ជាតិ​សាសន៏​ មិន​ប្រកាន់​វណ្ណៈ ​មិន​រើស​អើង​ពណ៌​សម្បុរ​និន្នា​ការ​នយោ​បាយ​អ្វី​ទាំង​អស់ ​ ប្រជា​ពល​រដ្ឋ​យើង​ដែល​ជួប​ការ​លំបាក​ខ្វះ​ខាត ​ ជួប​គ្រោះ​មហន្ត​រាយ​ទាំង​ឡាយ​ នឹង​ទទួល​បាន​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​ស្មើ​ៗ​គ្នា ​។​

cpp-22-12-2015-011 cpp-22-12-2015-012 cpp-22-12-2015-013 cpp-22-12-2015-014 cpp-22-12-2015-015 cpp-22-12-2015-016 cpp-22-12-2015-017 cpp-22-12-2015-018 cpp-22-12-2015-019 cpp-22-12-2015-020vv

[youtube id= “9d6u-fNkx3c”]