អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនប្រជុំផ្សព្វផ្សាយកម្មវិធីបង្ការមេរោគអេដស៍ និងគ្រឿងញៀន ក្នុងចំណោមស្រ្តីធ្វើការតាមសេវាកម្សាន្តនានា


​(22-12-2015) ប៉ៃលិន៖ ថ្ងៃ​ទី២២​ ខែធ្នូ ​ឆ្នាំ​២០១៥ ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន​បាន​ប្រជុំ​ផ្សព្វ​ផ្សាយ​កម្ម​វិធី​បង្ការ​មេរោគ​អេដស៍ ​និង​គ្រឿង​ញៀន​នៅ​កម្ពុជា ​ដោយ​ផ្តោត​សំខាន់​ក្នុង​ចំណោម​ស្រ្តី​ធ្វើ​ការ​តាម​សេវា​កម្សាន្ត​នានា​។​ កិច្ច​នេះ​បាន​ធ្វើ​ឡើង​នៅ​សាលា​ខេត្ត​ប៉ៃលិន ​ក្រោម​អធិបតី​ភាព ​ឯក​ឧត្តម​ នាក់ ​យុទ្ធា​ អគ្គ​លេខា​ធិការ​រង​ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន ​លោក​ជំទាវ ​ជា​លាភ​ អភិ​បាល​រង​ខេត្ត​ប៉ៃលិន ​និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​តំណាង​ក្រសួង​សុខា​ភិបាល ​មន្ទីរ​សុខា​ភិបាល​ខេត្ត​ប៉ៃលិន ​កង​កំលាំង​មាន​សមត្ថ​កិច្ច​ អង្គ​ការ​ Fhi​ 360​ និង​អង្គ​ការ​សមាគ​មន៍​ស្រ្តី​ខេត្ត​ប៉ៃលិន​។​

កម្ម​វិធី​បង្ការ​មេរោគ​អេដស៍ ​និង​គ្រឿង​ញៀន​នេះ ​មាន​រយៈ​ពេល​១៨ខែ​ ដោយ​ផ្តោត​សំខាន់​លើ​ស្រ្តី​ធ្វើ​ការ​តាម​សេវា​កម្សាន្ត​ក្នុង​ប្រទេស​កម្ពុជា ​និង​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ​ ដោយ​ផ្ទាល់​និង​ដោយ​​ប្រយោល​ ដែល​ជា​អ្នក​ប្រឈម​នឹង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ក្នុង​គោល​បំណង​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ និង​ភាព​ប្រឈម​នឹង​មេរោគ​អេដស៍​ ។​កម្ម​វិធី​បង្ការ​មេ​រោគ ​ អេដស៍ ​និង​គ្រឿង​ញៀន​ ឬ​ ហៅថា​ C​I​P​I​ មាន​កម្ម​វិធី ​ផ្តល់​ប្រាក់​លើក​ទឹក​ចិត្ត​ដោយ​មាន​លក្ខណៈ​ និង​មាន​កម្ម​វិធី​ផ្តល់​ប្រាក់​កម្ចី​សំរាប់​ការ​ប្រកប​មុខ​របរ​ខ្នាត​តូច​ ចំពោះ​ស្រ្តី​ធ្វើ​ការ​តាម​សេវា​កម្សាន្ត​ក្នុង​ប្រទេស​កម្ពុជា ​និង​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ​ដែល​ស្ម័គ្រ​ចិត្ត​ចូល​រួម​ក្នុង​កម្ម​វិធី​បង្ការ​មេរោគ​អេដស៍​ និង​គ្រឿង​ញៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​លោក​ជំទាវ​ ជា ​លាភ ​អភិបាល​រង​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍​ថា​ នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ​ត្រូវ​បាន​ប្រមូល​ផ្តុំ​នៅ​ចំនុច​ ផ្សារថ្មី​ ក្នុង​ភូមិ​អូរ​ច្រា​លើ ​សង្កាត់​ទួល​ល្វា ​ក្រុង​ប៉ៃលិន​។ ​កន្លង​មក​ នៅ​ចំនុច​ផ្សា​ថ្មី​នេះ ​ក៏​ជា​ចំនុច​នៃ​ការ​សេព​គ្រឿង​ញៀន​ និង​ជួញ​ដូរ​គ្រឿង​ញៀន​ផង​ដែរ​ ក្នុង​ចំណោម​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ​ទាំង​នោះ​។​ លោក​ជំទាវ​បន្ត​ថា ​កម្ម​វិធី​បង្ការ​មេរោគ​អេដស៍ ​និង​គ្រឿង​ញៀន​ នេះ​ នឹង​អោយ​ស្រ្តី​នៅ​ក្នុង​ចំនុច​ផ្សារ​ថ្មី​ និង​នៅ​កន្លែង​កំសាន្ត​មួយ​ចំនួន​ទៀត​ក្នុង​ខេត្ត​ប៉ៃលិន ​ ធ្វើ​ការ​ផ្លាស់​ប្តូរ​ឥរិយា​បទ​ដែល​មិន​ល្អ​ចេញ​ ចាប់​យក​របៀប ​របប​រស់​នៅ​ថ្មី​ដែល​ជៀស​ផុស​ពី​គ្រឿង​ញៀន ​និង​ការ​ឆ្លង​ជំងឺ​អេដស៍​។​

​ឯក​ឧត្តម ​នាក់ ​យុទ្ធា​ អគ្គ​លេខា​ធិការ​រង​ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន​បាន​មាន​ប្រសាសន៍​ថា​ តាម​គោល​នយោ​បាយ​របស់​រាជ​រដ្ឋាភិ​បាល​ គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​កុំ​អោយ​មាន​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​ថ្មី​ហើយ​ចំពោះ​អ្នក​ដែល​កំពុង​ញៀន​ត្រូវ​មាន​វិធាន​ការ​បញ្ឈប់​ និង​ទៅ​ព្យាបាល​បន្សាប​គ្រឿង​ញៀន​។​ ឯក​ឧត្តម​បន្ត​ថា ​ជា​ការ​ពិត​ការ​ព្យាបាល​អ្នក​ញៀន​ថ្នាំ​មាន​ការ​លំបាក​ និង​ចំណាយ​ពេល​វេលា​ច្រើន​ តែ​យើង​ត្រូវ​អនុ​វត្ត​អោយ​បាន​ម៉ត​ចត់​ដើម្បី​អោយ​ពួក​គេ​រួច​ផុត​ពី​ញៀន​ថ្នាំ។​ នៅ​ឆ្នាំ​២០១៦​ រដ្ឋា​ភិបាល​នឹង​បង្កើត​អោយ​មាន​កម្ម​វិធី​ព្យាបាល​អ្នក​ញៀន​ថ្នាំ​ញៀន​នៅ​តាម​សហ​គមន៍​ ដូច​ជា​នៅ​តាម​មន្ទីរ​ពេទ្យ​បង្អែក​ និង​មណ្ឌល​សុខ​ភាព​ និង​បំផុស​អោយ​អ្នក​ញៀន​ថ្នាំ​ទាំង​ឡាយ​ទៅ​ទទួល​ការ​ព្យាបាល​ដោយ​ស្ម័គ្រ​ចិត្ត​។​

cpp-22-12-2015-001 cpp-22-12-2015-002 cpp-22-12-2015-003 cpp-22-12-2015-004vv

[youtube id= “u7T7B9KqV4o”]