សិក្ខាសាលាប្រចាំឆ្នាំស្តីពីការងារបញ្ជ្រាបយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តីតាមរយះកម្មវិធី ផអ៣ ប្រចាំឆ្នាំ២០១៥ របស់មន្ទីរកិច្ចការនារី


​(21-12-2015) ប៉ៃលិន៖ នៅ​ព្រឹក​ថ្ងៃ​ទី ​២១ ​ខែធ្នូ ​ឆ្នាំ​២០១៥ ​នៅ​សាលា​ខេត្ត​ប៉ៃលិន​ មាន​បើក​សិក្ខា​សាលា​ប្រចាំ​ឆ្នាំ​ ស្តីពី​ការងារ​បញ្ជ្រាប​យេន​ឌ័រ​ និង​ការ​បង្កើន​ភាព​អង់​អាច​ដល់​ស្រ្តី​តាម​រយះ​កម្ម​វិធី ​ផ​អ​៣ ​ប្រចាំ​ឆ្នាំ​២០១៥ ​របស់​មន្ទីរ​កិច្ច​ការ​នារី ​ក្រោម​អធិបតី​ភាព​លោក​ជំទាវ ​ជា ​លាភ ​អភិ​បាល​រង​ខេត្ត ​លោក​ស្រី ​ឡុង​ សុឃាវី​ ប្រធាន​មន្ទីរ​កិច្ច​ការ​នារី​ខេត្ត​ និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​អស់​លោក-​លោក​ស្រី ​បណ្តា​មន្ទីរ​វិស័យ ​ និង​ ជន​បង្គោល​យេន​ឌ័រ​មក​ពី​បណ្តា​អង្គភាព​ស្ថាប័ន​ពាក់​ព័ន្ធ​ក្នុង​ខេត្ត ​ក្រុង-​ស្រុក​ និង​ក្រុម​បឹក្សា​ឃុំ​សង្កាត់​ផង​ដែរ​។​

​លោក​ស្រី​ឡុង​ សុ​ឃាវី​ ប្រធាន​មន្ទីរ​កិច្ច​ការ​នារី​ខេត្ត​ប៉ៃលិន​ បាន​អោយ​ដឹង​ថា ​ការរៀប​ចំ​សិក្ខា​សាលា​នៅ​ពេល​នេះ​គឺ​ដើម្បី​ជំរុញ​ដល់ ​ការ​បញ្ជ្រាប​យេន​ឌ័រ​ឲ្យ​មាន​ភាព​ទូលំ​ទូលាយ​ជាង​មុន​ ហើយ​វា​ក៏​អាច​ឆ្លុះ​បញ្ចាំង​នូវ​ចំណុច​ខ្លាំង ​ចំណុច​ខ្សោយ ​ដើម្បី​មាន​ផែន​ការ​និង​ទិស​ដៅ ​សម្រាប់​ឆ្នាំ​ខាង​មុខ​ ។​ទន្ទឹម​នេះគឺ​ជា​ការ​អនុ​វត្តន៍​នូវ​ផែន​ការ​នារី​រតនៈ​លើក​ទី៤ ​ដំណាក់​កាល​ទី២ ​ បញ្ជ្រាប​នឹង​សម​ធម៌​សង្គម​អោយ​សម​ស្រប​ តាម​គោល​ការណ៍​របស់​ក្រសួង​កិច្ច​ការ​នារី​ដែល​ជា​បង្គោល​នៃ​មន្ទីរ​ជំនាញ​ក្រោម​ៗ​ ដែល​ ធ្វើ​យ៉ាង​ណា​អនុ​វត្តន៏​យុទ្ធ​សាស្រ្ត​ចតុ​កោណ​របស់​រាជ​រដ្ឋា​ភិបាល​ដំណាក់​កាល​ទី៣​អោយ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​។​

​នៅ​ក្នុង​សិក្ខា​សិលា​នា​ពេល​នោះ​ក៏​មាន​បែង​ចែក​ជា​ក្រុម​ពិភាក្សា​ទៅ​តាម​ក្រុម​ជំនាញ​នីមួយ​ៗ​ ដោយ​ក្រុម​នីមួយ​ៗ​មាន​ការ​ធ្វើ​បទ​បង្ហាញ​អំពី​ចំណុច​សកម្ម​ភាព​ការងារ​ដែល​កំពុង​អភិវឌ្ឍន៍​ ការ​លំបាក​និង​បញ្ហា​ដែល​កំពុង​ប្រឈម​ខ្លាំង​ ក៏​ដូច​ជា​អនុ​សាសន៍​ផ្សេង​ៗ​ឬ​ដំណោះ​ស្រាយ​ក្នុង​កិច្ច​ការពាក់​ព័ន្ធ​ និង​អ្នក​ទទួល​ខុស​ត្រូវ​នៃ​បណ្តា​ថ្នាក់​ដឹក​នាំ​រឺ​អង្គភាព​ដែល​ពាក់​ព័ន្ធ​ទាំង​ឡាយ ​និង​ គោល​បំណង​ដែល​ចង់​បាន​ខ្លាំង​បំផុត​គឺ​ជំរុញ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ លើក​កម្ពស់​សម​ភាព​យេន​ឌ័រ​ និង​បង្កើន​ភាព​អង់​អាច​ដល់​ស្រ្តី​នៅ​គ្រប់​ដំណាក់​កាល​ រួម​មាន​៖​ ការ​ចូល​រួម ​និង​ការ​ទទួល​បាន​ធន​ធាន​ សេវា​កម្ម ​ព្រម​ទាំង​តួនាទី​ជា​អ្នក​ដឹក​នាំ​ដោយ​ស្មើភាព​រវាង​ស្ត្រី​និង​បុរស​ជា​ដើម​។​

​លោក​ជំទាវ​ ជា ​លាភ ​អភិ​បាល​រង​ខេត្ត​ប៉ៃលិន​ បាន​មាន​ប្រសាសន៍​ថា ​ការ​បង្កើន​សមា​សភាព​ស្រ្តី​នៅ​ក្នុង​តួនាទី​ធ្វើ​សេចក្តី​សម្រេច​នៅ​គ្រប់​លំដាប់​ថ្នាក់​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ ហើយ​ការងារ​បញ្ជ្រាប​យេន​ឌ័រ​ និង​ការ​បង្កើន​ភាព​អង់​អាច​ដល់​ស្រ្តី ​គឺ​ជា​កិច្ច​ការ​អន្តរ​វិស័យ​ដែល​យើង​ទាំង​អស់​គ្នា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ មាន​ន័យ​ថា​មិន​មាន​ស្ថាប័ន ​ឬ​ក្រសួង​ណា​មួយ​ជា​អ្នក​ទទួល​ខុស​ត្រូវ​តែ​ឯង​នោះ​ទេ។​ លោក​ជំទាវ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ​ដើម្បី​ឲ្យ​កិច្ច​ការ​នេះ​ទទួល​បាន​ជោគ​ជ័យ​ អ្នក​ទទួល​បន្ទុក​លើ​កិច្ច​ការងារ​នេះ ​ក៏​ដូច​ជា​មន្ទីរ​កិច្ច​ការ​នារី​គណៈ​កម្មា​ធិការ​ពិគ្រោះ​យោបល់​កិច្ច​ការ​ស្រ្តី​និង​កុមារ​ជា​ដើម​ ត្រូវ​មាន​ឆន្ទះ​ខ្ពស់​ សម​ត្ថភាព​ និង​ភាព​ប៉ិន​ប្រសព្វ​ក្នុង​ការ​ស្វែង​រក​ការ​គាំ​ទ្រ​មតិ ​ចរចា​ ទំនាក់​ទំនង ​និង​សម្រប​សម្រួល ​ដើម្បី​ឲ្យ​ថ្នាក់​ដឹក​នាំ​និង​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​បាន​យល់​ពី​បញ្ហា​និង​សារៈ​សំខាន់​ក្នុង​ការ​ឆ្លើយ​តប​លើ​បញ្ហា​ទាំង​អស់​នោះ​ ដើម្បី​ធ្វើ​អោយ​ការ​ផ្សព្វ​ផ្សាយ​ផែន​ការ​យុទ្ធ​សាស្រ្ត​សម​ភាព​យេន​ឌ័រ​និង​ការ​បង្កើន​ភាព​អង់​អាច​ដល់​ស្រ្តី​ (​ឆ្នាំ​២០១៤​ ដល់ ​២០១៨ ​របស់​ផែន​ការ​ផ​អ​៣​ )​ ប្រកប​ដោយ​ប្រសិទ្ធ​ភាព​និង​ទទួល​បាន​លទ្ធ​ផល​តាម​ការ​រំពឹង​ទុក​។​

cpp-21-12-2015-001 cpp-21-12-2015-002 cpp-21-12-2015-003 cpp-21-12-2015-004vv

[youtube id= “cOrqa74h0x4”]