(10-12-2015) ប៉ៃលិន៖ នៅរសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥នេះ កម្មវិធីដំណើរកម្សាន្តរបស់អតិថិជន Ford Adventure បានមកដល់ខេត្តប៉ៃលិន និងរៀបចំពិធីចែកអំណោយ ជូនដល់ប្រជាពលរដ្ឋក្រីក្រ ប្រមាណ២០០គ្រួសារ នៅខេត្តប៉ៃលិន។ ពិធីនេះចែកអំណោយមានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន និងតំណាងក្រុមហ៊ុន RMA Cambodia ដែលចែកចាយរថយន្ត Ford ។
តំណាងក្រុមហ៊ុនបានអោយដឹងថាៈដំណើរកម្សាន្ត Ford Adventure ឆ្នាំ២០១៥នេះ បានចេញដំណើរ នៅព្រឹកព្រលឹមថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៥នេះ ដោយក្បូនរថយន្ត Ford ចំនួន៥២គ្រឿង ដឹកអតិថិជន និងក្រុមការងារចំនួនជិត៣០០នាក់ បានចេញដំណើរពី Show Room របស់ក្រុមហ៊ុន Ford ផ្លូវមុនីវង្ស ឆ្ពោះតាមបណ្តាយផ្លូវជាតិលេខ៥ នៅកាន់ខេត្តបាត់ដំបង ប៉ៃលិន របស់កម្ពុជា និងឆ្លងទៅខេត្តចន្ទបូរី ប្រទេសថៃ។ ក្នុងដំណើរកំសាន្ដដ៏អស្ចារ្យនេះ មានរយៈពេល៤ថ្ងៃ ៣យប់ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ ដែលអ្នកចូលរួមនឹងរីករាយ ជាមួយ ទេសភាពព្រៃភ្នំនៅតាមដងផ្លូវ និងទឹកធ្លាក់ ដ៏ស្រស់ស្អាត ក្នុងទឹកដីខេត្ដប៉ៃលិន រួមជាមួយនឹងបទពិសោធន៍ បោះជំរុំដ៏រ៉ូមែនទិច នៅលើឆ្នេរសមុទ្រ យ៉ាងស្រស់ត្រកាល នៃខេត្ដចន្ទបុរី ប្រទេសថៃ។
ឯកឧត្តម កើតសុធា អភិបាលខេត្តបានមានប្រសាសន៍ថាៈខេត្តប៉ៃលិនមានសក្តានុពលទេសចរណ៏ វប្បធម៌ ធម្មជាតិល្អស្រស់បំព្រង ខ្យល់អាកាសល្អបរិសុទ្ធ ដែលមានភាពទាក់ទាញភ្ញៀវទេសចរណ៏ជាតិ អន្តរជាតិ មកកំសាន្ត ដូចជា តំបន់វប្បធម៌ ប្រវត្តិសាស្រ្ត ភ្នំយ៉ាត ភ្នំក្បាល់ដំរីតំបន់ធម្មជាតិទឹកធ្លាក់៧ជាន់ ក្បាលជ្រោះទឹកធ្លាក់អូរតាវ៉ៅភ្នំខៀវ រម្មណីយ៏ដ្ឋានធម្មជាតិស្ទឹងភ្នំដំបង រម្មណីយ៏ដ្ឋានធម្មជាតិទឹកធ្លាក់អូរអែម រម្មណីយ៏ដ្ឋានធម្មជាតិចំការខ្នុរស្ទឹងប៉ៃលិន អូរឈើក្រំ ដងស្ទឹងកុយ សុទ្ធតែសំបូរទៅដោយជីវៈចំរុះ និងមានចំនុចគោលដៅកំសាន្ត។ឯកឧត្តម កើត សុធា ក៏បានថ្លែងអំណគុណដល់ក្រុមហ៊ុន Ford ដែលបាន រៀបចំដំណើរកម្សាន្តនៅខេត្តប៉ៃលិនហើយបានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋខេត្តប៉ៃលិនផងដែរ។ អំណោយដែលចែកជូនប្រជាពលរដ្ឋទាំង២០០គ្រួសារក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេះ ទឹកត្រី១យួ មុង១ ភួយ១និងថវិកា មួយចំនួន ។
[youtube id= “jugvqig80kk”]