(10-12-2015) ប៉ៃលិន៖ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ ឯកឧត្តម ផាន់ ចាន់ថុល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បយ៉ាខា លោក ស៊ុន យី អនុប្រធានក្រុមការងារ និងសមាជិកក្រុមការងារមួយចំនួនទៀត បានជួបសំណេះសំណាលជាមួយ ប្រធានបក្សភូមិ បក្សសង្កាត់ ដើម្បី ពង្រឹងការងារគណៈបក្សនៅក្នុងសង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
បន្ទាប់ពីលោកប្រធានក្រុមបក្សភូមិបានរាយការណ៍ពីដំណើរការនៃការអនុវត្តការងារធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះសមាជិកគណៈបក្ស និងការពង្រឹងការងារបក្សនៅតាមភូមិ រួចមក ឯកឧត្តម ផាន់ ចាន់ថុល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បយ៉ាខា បានមានប្រសាសន៍ថា ការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះសមាជិកគណបក្សជាបញ្ហាសំខាន់ ដែលយើងត្រូវយកចិត្តទុកដាក់ចុះអនុវត្តអោយបានឆាប់រហ័ស។ ម្យ៉ាងទៀត ចំពោះសមាជិកណាដែល មិនទាន់មានសៀវភៅ គ្រួសារ សំបុត្រកំណើត និងអត្តសញ្ញាណប័ណ្ណ ត្រូវជំរុញអោយពួកគាត់មកធ្វើឯកសារទាំងអស់នេះ អោយបានគ្រប់ៗគ្នា។ឯកឧត្តមបានបន្តថា ប្រធានក្រុមបក្សភូមិ បក្សសង្កាត់ ត្រូវខិតខំយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ រក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងភូមិ និងផ្តល់សេវារដ្ឋបាលអោយបានល្អប្រសើជូនពួកគាត់ ក៏ដូចជាបង្ហាញណែនាំអោយពួកគាត់បានយល់ដឹងពីសមិទ្ធផលនានាដែលសមាជិកគណបក្សប្រជាជនកម្ពុជាសំរេចបាន ជូនជាតិ ប្រជាជន ដើម្បីទាក់ទាញសណ្តានចិត្តប្រជាពលរដ្ឋ អោយគាំទ្រដល់គណបក្សប្រជាជនកម្ពុជាយើង។ លោកបានបន្តទៀតថា ប្រធានក្រុមបក្សភូមិ បក្សសង្កាត់ ក៏ត្រូវមានការប្រជុំជីវភាពបក្សអោយបានទៀងទាត់ប្រចាំខែ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗដែលកើតមានឡើងក្នុងភូមិ សង្កាត់ ក៏ដូចជាការដោះស្រាយបញ្ហាសតិអារម្មណ៍នានាដែលអាចកើតមានឡើងក្នុងចំណោមសមាជិកគណបក្សប្រជាជនកម្ពុជាក្នុងសង្កាត់បយ៉ាខា។ ក្នុងឱកាសនោះ ក្រុមការងារគណកប្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ ក៏បានរៀបចំការពិសារបាយសាមគ្គីជាមួយ ប្រធានក្រុមបក្សភូមិ បក្សសង្កាត់ និងយុវជនបក្សភូមិ ដើម្បីអោយមានភាព រីករាយ ស្និទ្ធស្នាល នៅក្នុងជួរថ្នាក់ដឹកនាំ ក្រុមការងារ និងសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់បយ៉ាខាទាំងមូលផងដែរ៕
[youtube id= “QiM6ycZnl-w”]