(08-12-2015) ប៉ៃលិន៖ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិន បានបើកកិច្ចប្រជុំស្តីពីការបិទបញ្ជីចំណូល-ចំណាយ និងការធ្វើរបាយការណ៍បូកសរុបទូទាត់ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិប្រចាំឆ្នាំ២០១៥ ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព លោក សៅ សារ៉ាត់ អភិបាលរងខេត្តប៉ៃលិន និងលោក រាម សុមាន ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមសំណាក់អស់លោក លោកស្រី អាជ្ញាធរក្រុង ស្រុក ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ និងស្មៀនឃុំមួយចំនួនផងដែរ។
លោក រាម សុមាន ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអានសារាចរណែនាំស្តីពីពីការបិទបញ្ជីចំណូល-ចំណាយ និងការធ្វើរបាយការណ៍បូកសរុបទូទាត់ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិប្រចាំឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមសេចក្តីប្រកាសលេខ ០១៦ សហវ ចុះថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ដើម្បីអោយមន្រ្តីជំនាញទាំងអស់បានយល់និងអនុវត្តន៍សម្រាប់ការធ្វើរបាយការណ៍ឆ្នាំ២០១៦ ខាងមុខអោយស្របតាមគោលការណ៍ដែលក្រសួងដាក់ចេញមកនោះ។ លើសពីនេះនីតិវិធីច្បាប់នៃរបាយការណ៍ហិរញ្ញវត្ថុ គេបានកំណត់ច្បាស់លាស់អំពីពេលវេលាមិនអាចមានភាពយឺតយ៉ាវបានឡើយ ហើយចំពោះឃុំ-សង្កាត់ ដែលរកចំណូលបាន លើសពី ២លានរៀល មិនអាចរក្សាទុកនិងចាយវាយបានឡើយត្រូវយកទៅបង់ចូលរតនាគាខេត្តជាកំហិត ដើម្បីបញ្ចៀសបញ្ហាអវិជ្ជមាននៃថវិកាណាមួយកើតឡើងជាយថាហេតុ។ ចំពោះការប្រៀបធៀបរបាយការណ៍ក្នុងឆ្នាំ ២០១៤-២០១៥ គឺសង្កេតឃើញថាក្នុងឆ្នាំ២០១៥ នេះមានភាពល្អប្រសើរជាងឆ្នាំ ២០១៤ ដូចនេះបណ្តាក្រុង ស្រុក ឃុំ សង្កាត់ ត្រូវប្រឹងប្រែងបង្កើនសមត្ថភាពបន្ថែមទៀតដើម្បីអោយការងាររបស់យើងកាន់តែមានភាពប្រសិទ្ធភាព។
លោក សុទ្ធ ឃុនថាល់ ប្រធានរតនាគារខេត្តបានអោយលើកឡើងថាការទូទាត់របាយការណ៍រាល់បណ្តាមន្ទីរជំនាញនៅជុំវិញខេត្តចំពោះការទូទាត់គ្រប់អណត្តិដែលបានចូលខាងរតនាគាររៀងរាល់ឆ្នាំអោយតែដល់ចុងឆ្នាំគឺរបាយការណ៍អាណត្តិចុងឆ្នាំអត់ទាន់ពេលវេលាមានភាពយឺតយ៉ាវច្រើន ហើយលោកបានសង្កត់ធ្ងន់ថារាល់បណ្តា ក្រុង ស្រុក ឃុំ សង្កាត់ បើធ្វើរបាយការណ៍បុរេប្រទានមិនទាន់នោះគឺត្រូវយកថវិកាទៅទូទាត់រតនាគារវិញអោយគ្រប់ចំនួនជាកំហិតនៅបំណាច់ឆ្នាំ ដែលនេះជាចំណុចមួយដ៏ល្អសម្រាប់ការអនុវត្តន៍តួនាទីនិងថវិកាជាតិប្រកបដោយតម្លាភាពនិងប្រសិទ្ធភាពខ្ពស់។ លើសពីនេះរាល់បណ្តាក្រុង ស្រុក ឃុំ សង្កាត់ ទាំងអស់ បើមិនយល់ចំពោះកិច្ចការងារការធ្វើរបាយការណ៍ហិរញ្ញវត្ថុផ្សេងៗ អាចមកសួរនាំពិភាក្សាអំពីបញ្ហាការធ្វើរបាយការណ៍មករតនាគារបានគ្រប់ពេលវេលាផងដែរ។
លោក សៅ សារ៉ាត់ អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថាការងារថវិកាវាជារឿងសំខាន់ណាស់សម្រាប់ការងារប្រចាំថ្ងៃនៅតាម ក្រុង ស្រុក ឃុំ សង្កាត់ ទាំងអស់ ដូចនេះបើថវិកាមានបញ្ហាយើងទាំងអស់គ្នាក៏មិនអាចដំណើរការការងារផ្សេងៗបានងាយស្រួលឡើយ។លើសពីនេះលោក ក៏បានស្នើសុំអោយលោក មេឃុំ-ចៅសង្កាត់ ស្មៀន និងមន្រ្តីជំនាញ គ្រប់ឃុំស្រុកខេត្តទាំងអស់ សូមយកចិត្តត្រងត្រាប់ស្តាប់អំពីខ្លឹមសារណែនាំសំខាន់ៗក្នុងកិច្ចប្រជុំទាំងអស់នេះ ដើម្បីមានចំណេះដឹងការងារថ្មីៗបន្ថែមទៀត ដែលធ្វើអោយយើងយល់កាន់តែច្បាស់អំពីការងារដើម្បីអោយការរៀបចំការងារមានភាពងាយស្រួលនិងរហ័ស ចំណេញពេលវេលាផងដែរ និងការអនុវត្តន៍ការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។លោកក៏បានបញ្ជាក់ផងដែរថា ម្យ៉ាងវិញទៀតការងារហិរញ្ញវត្ថុ ការបិទបញ្ជីចំណូល-ចំណាយ និងការធ្វើរបាយការណ៍បូកសរុបទូទាត់ថវិការរបស់ថ្នាក់រដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងអស់នេះវាជាការងារចាស់ដដែលៗមិនមែនជាការងារថ្មីនោះទេ គ្រាន់តែមានការកែសម្រួលខ្លះៗ ប៉ុន្តែវាជាការងារចាំបាច់បំផុតសម្រាប់ដំណើរការការងាររដ្ឋបាលនិងក្រុង ស្រុក ឃុំ សង្កាត់អោយរលូននិងអភិវឌ្ឍន៍បានល្អប្រសើរនោះ ៕
[youtube id= “5ia5xwqx1N8”]