ដោយ៖ វួច ពឿន វិទ្យុជាតិខេត្តប៉ៃលិន
ប៉ៃលិន៖ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ព្រមទាំងក្រុមការងារចុះជួយ បានអញ្ជើញបន្តចុះសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ នៅតាមខ្នងផ្ទះ ព្រមទាំងឧបត្ថម្ភស្បៀង ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងសង្កាត់អូរតាវ៉ៅ និងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ចំនួន ១០៣គ្រួសារ បន្ទាប់ពីពួកគាត់រងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើងនៃជម្ងឺ Covid-19។
ឯកឧត្តម ផាន់ ចាន់ធុល ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា÷ ដោយសារការព្រួយបារម្ភជាខ្លាំង ចំពោះជម្ងឺកូវីត-១៩ ធ្វើឱ្យក្រុមហ៊ុន សហគ្រាស និងកន្លែងការងារមួយចំនួនត្រូវបានបិតទ្វារ បណ្តាលឱ្យប្រជាពលរដ្ឋខ្លះអត់ការងារធ្វើ ហើយពលរដ្ឋខ្លះទៀត ដែលធ្វើជាពលករនៅក្រៅប្រទេស ត្រូវបង្ខំចិត្តវិលត្រឡប់មកកាន់ស្រុកកំណើត និងលំនៅដ្ឋានវិញ ដូច្នេះធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្រុមគ្រួសាររបស់ពួកគាត់ ដូច្នេះជាក់ស្តែងនៅថ្ងៃនេះ ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្ត បាននាំយកអំណោយស្បៀងមកឧបត្ថម្ភដល់ពួកគាត់នៅតាមខ្នងផ្ទះ ព្រោះមិនអាចធ្វើការប្រមូលផ្តុំមនុស្សច្រើនបាន ហើយបើទោះបីជាអំណោយស្បៀងទាំងនេះមិនបានបំពេញតាមតំរូវការរបស់បងប្អូនក៍ពិតមែន តែក៍អាចដោះស្រាយបានមួយកំរិតផងដែរ ដូច្នេះសូមលោកតា លោកយាយ អ៊ុំពូមីង និងបងប្អូនទាំងអស់ ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិត និងបង្កបង្កើតផលដាំដំណាំឱ្យបានកាន់ច្រើន ដើម្បីបង្កើនជីវភាពឱ្យបានធូធាជាងមុន ជាពិសេសត្រូវរស់នៅស្អាត ហូបស្អាត មានអនាម័យ ដោយត្រូវពាក់ម៉ាស់នៅកន្លែងសាធារណៈ និងលាងសម្អាតដៃឱ្យបានជាប្រចាំ ក្នុងន័យចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺ កូវីត ១៩។
ឯកឧត្តមប្រធានបានមានប្រសាសន៍ឱ្យដឹងថា៖ ការជួយគ្នាក្នុងគ្រាលំបាកគឺជាវប្បធម៌របស់គណបក្សប្រជាជនកម្ពុជា ហើយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និង បានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ជាដើម ជាពិសេសបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដោយមិនបណ្តោយអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់អត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ ជាពិសេសគណបក្សប្រជាជនកម្ពុជា នៅជាមួយប្រជាជន និងរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់ពេលវេលា។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានមានប្រសាសន៍ក្រើនរំលឹកដល់អជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងក្រុមគ្រូពេទ្យជំនាញ ត្រូវបន្តធ្វើការផ្សព្វផ្សាយអប់រំ នៅតាមមូលដ្ឋាន ជាពិសេស នៅតាមទីប្រជុំជន និងទីសាធារណៈឲ្យបានផុលផុស អំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាល ជម្ងឺកូវីដ-១៩ផងដែរ។
សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងស្រុកសាលាក្រៅ ដែលបានទទួលអំណោយស្បៀងពីក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន មានចំនួន ១០៣គ្រួសារ ក្នុងនោះឃុំសាលាក្រៅ ចំនួន ២៧គ្រួសារ និងឃុំស្ទឹងត្រង់ ចំនួន ៧៦គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ និងទឹកត្រី ១យួរ ផងដែរ។