មន្ទីរបរិស្ថានខេត្តប៉ៃលិនប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០១៥


(03-12-2015) ប៉ៃលិន៖ ថ្ងៃ​ទី០៣​ខែធ្នូ​ ឆ្នាំ​២០១៥ ​នៅ​បរិវេណ​សាលា​ក្រុង​ប៉ៃលិន​មាន​រៀប​ចំ​ប្រារព្ធ​ទិវា​អនា​ម័យ ​បរិស្ថាន​ជាតិ​ ២៣​ វិច្ឆិកា​ ឆ្នាំ​២០១៥​ ដែល​ពិធី​នេះ​ប្រព្រឹត្តិ​ទៅ​ស្ថិត​ក្រោម​អធិ​បតី​ភាព ​ឯក​ឧត្តម​ ម៉ី ​មគ្គ​ អភិ​បាល​រង​ខេត្ត​ប៉ៃលិន ​លោក ​ស៊ុន ​យី ​អភិ​បាល​ក្រុង​ប៉ៃលិន ​លោក​ គឹម ​សុខា​ ប្រធាន​មន្ទីរ​បរិស្ថាន ​ព្រម​ទាំង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ មន្ត្រី​រាជ​ការ​ លោក​គ្រូ ​អ្នក​គ្រូ ​សិស្សា​នុសិស្ស​ជា​ច្រើន​នាក់​ផង​ដែរ​។​

​លោក​ គឹម​ សុខា ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​អោយ​ដឹង​ថា​៖​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន​បាន​តាម​ដាន​ និង​ចុះ​យក​កាក​សំណល់​ពី​គ្រប់​កន្លែង​មក​វិភាគ​ទិន្ន​ន័យ​ទាំង​អស់​មាន​រយៈ​ពេល​៦ឆ្នាំ​មក​ហើយ​​ ។​លោក​បន្ត​ថាៈ​ទិន្ន័យ​សំណល់​រឹង​បាន​កើន​ឡើង​ជា​លំដាប់​ ដោយ​ឆ្នាំ​២០១០ ​បរិមាណ​សំរាម​មាន​ចំនួន ​៨.៩​តោន​ក្នុង​មួយ​ថ្ងៃ​។​ឆ្នាំ​២០១១​ បរិមាណ​សំរាម​មាន​ចំនួន​១១.២​តោន​ក្នុង​មួយ​ថ្ងៃ ​ឆ្នាំ​២០១២​បរិមាណ​សំរាម​មាន​ចំនួន​១៦.៤០​តោន​ក្នុង​មួយ​ថ្ងៃ​ឆ្នាំ​២០១៣ ​បរិ​មាណ​សំរាម​មាន​ចំនួន​២៧.៤០​ តោន​ក្នុង​មួយ​ថ្ងៃ ​ឆ្នាំ​២០១៤ ​បរិមាណ​សំរាម​មាន​ចំនួន​២៨.៥០​ តោន​ក្នុង​មួយ​ថ្ងៃ ​ដោយ​ឡែក​ឆ្នាំ​២០១៥​នេះ​ បរិ​មាណ​សំរាម​សរុប​មាន​ចំនួន​៣០​តោន​ ក្នុង​មួយ​ថ្ងៃ​ស្មើ​និង​១០០%​ ក្នុង​នេះ​សំរាម​ដែល​អាច​ធ្វើ​កែ​ច្នៃ​ ប្រមូល​តាម​ភ្នាក់​ងារ​អេត​ចាយ​មាន​ចំនួន​៧តោន​ក្នុង​មួយ​ថ្ងៃ​ស្មើ​នឹង​២៣% ​សំរាម​ដែល​បាន​ដឹក​ជញ្ជូន​ចាក់​ចោល​មាន​ចំនួន​៣ទី​លាន​ ។ ​ចំនែក​ឯក​ជន​មាន​ចំនួន​១៧​តោន​ក្នុង​មួយ​ថ្ងៃ​ស្មើ​នឹង​៥៧%​ និង​បរិ​មាណ​សំរាម​ដែល​ប្រជា​ពល​រដ្ឋ​យក​ទៅ​ចាក់​ចោល​ខុស​ច្បាប់​មាន​ចំនួន​៦តោន​ក្នុង​មួយ​ថ្ងៃ​ស្មើ​នឹង​២៦%​។​

​ឯក​ឧត្តម ​ម៉ី ​មគ្គ ​អភិ​បាល​រង​ខេត្ត​ប៉ៃលិន​មាន​ប្រសាសន៏​ថា​៖​ការ​ប្រារព្ធ​ទិវា​អនា​ម័យ​បរិស្ថាន​ជាតិ​២៣ ​វិច្ឆិកា​ពេល​នេះ​ក្នុង​គោល​បំណង ​ដើម្បី​បំផុស​ចលនា​ប្រជា​ជន ​សិស្ស​ និស្សិត​ កង​កំលាំង​ប្រដាប់​អាវុធ​ មន្ត្រី​រាជ​ការ​ គ្រប់​ជាន់​ថ្នាក់​ ព្រម​ទាំង​អាជីវ​ករ ​អោយ​ចូល​រួម​ចំនែក​ទាំង​ស្មារតី ​សំភារៈ​ និង​កំលាំង​ចិត្ត ​កំលាំង​កាយ​ក្នុង​ទិស​ដៅ​លុប​បំបាត់​ភាព​កង្វក់​ មាន​អនា​ម័យ ​គ្មាន​សំរាម ​គ្មាន​ថង់​ផ្លា​ស្ទិច​ គ្មាន​ការ​ក៏​ស្ទះ​លូ​ ដើម្បី​ប្រែ​ក្លាយ​ខេត្ត​ប៉ៃលិន​ អោយ​ស្អាត​ផូផង់​រួម​ចំណែក​លើក​ស្ទួយ​កិត្យា​នុភាព​ជាតិ ​និង​លើក​កំពស់​សុខុ​មាល​ភាព​ ប្រជា​ជន​អោយ​កាន់​តែ​ល្អ​ប្រសើរ​ និង​ដើម្បី​ប្រឡង​ប្រ​ណាំង​ទីក្រុង​ស្អាត​ផង​ដែរ​។​ឯក​ឧត្តម​មាន​ប្រសាសន៏​បន្ត​ថា​៖​ថ្នាក់​ដឹក​នាំ​ខេត្ត​ប៉ៃលិន​កំពុង​តែ​យក​ចិត្ត​ទុក​ដាក់​រៀប​ចំ​អនា​ម័យ​សោ​ភ័ណ្ឌ​ភាព​ទី​ក្រុង​ដូច​ជា​តាម​សួន​ច្បារ ​ទី​ប្រ​ជុំ​ជន ​រង្វង់​មូល​វិមាន​ឯក​រាជ្យ ​នៅ​តាម​មាត់​ស្ទឹង ​តាម​គេហ​ដ្ឋាន ​រចនា​សម័ន្ធ​នានា​ជា​ច្រើន​ គ្រប់​ទី​កន្លែង​កំសាន្ត​ គ្រប់​រមណី​ដ្ឋាន​ ជា​ពិសេស​តំបន់​ជាប់​ព្រំ​ប្រទល់​ដែន​កម្ពុជា ​ថៃ ​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរណ៏​ជាតិ​និង​អន្តរ​ជាតិ​ មក​លេង​កំសាន្ត ​។ ​ដូច្នេះ​សូម​អោយ​ថ្នាក់​ដឹក​នាំ ​មន្ត្រី​រាជ​ការ ​សិស្សា​នុសិស្ស​ ប្រជា​ពល​រដ្ឋ​ទាំង​អស់​ត្រូវ​ចូល​រួម​ការ​សំអាត​ អនា​ម័យ ​រៀប​ចំ​សណ្តាប់​ធ្នាប់​អោយ​បាន​ល្អ ​ជៀស​វាង​ការ​ចោល​សំរាម​ពាស​វាល​ពាស​កាល​ដែល​ធ្វើ​អោយ​អាប់​កិត្តិ​យស​ដល់​ខេត្ត​ទាំង​មូល​និង​ប្រទេស​ជាតិ​ផង​ដែរ​។​

​ក្នុង​ឱកាស​ទិវា​អនា​ម័យ​បរិ​ស្ថាន​ជាតិ ​២៣​ វិច្ឆិកា​ ឆ្នាំ​២០១៥ ​នេះ ​មន្ទីរ​បរិ​ស្ថាន ​និង​កង​ កំលាំង​ប្រដាប់​អាវុធ​ ព្រម​ទាំង​សិស្សា​នុសិស្ស​ ប្រជា​ពល​រដ្ឋ​ក៏​បាន​ដង្ហែ​ក្បួន​ ចាប់​ពី​ចំណុច​សាលា​ក្រុង​ប៉ៃលិន​ឆ្ពោះ​ទៅ​វិមាន​ឯក​រាជ្យ​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​មហា​ជន​អោយ​បាន​យល់​ដឹង​និង​ចូល​រួម​សំអាត​ទី​ក្រុង​ និង​បាន​រើស​សំរាម​នៅ​តាម​ដង​ផ្លូវ​ជាតិ​៥៧​ផង​ដែរ​។

cpp-03-12-2015-011 cpp-03-12-2015-012 cpp-03-12-2015-013 cpp-03-12-2015-014 cpp-03-12-2015-015 cpp-03-12-2015-016vv

[youtube id= “bAnHNGU_Drc”]