(03-12-2015) ប៉ៃលិន៖ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥សាលាខេត្តប៉ៃលិនបានប្រជុំផ្សព្វផ្សាយសេចក្តីសំរេច របស់អន្តរក្រសួង ស្តីពី ការផ្តល់រង្វាន់លើកទឹកចិត្ត លើការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកិច្ចប្រជុំនេះបាន ធ្វើឡើងនៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាល ខេត្តប៉ៃលិននិងដោយមានការអញ្ជើញចូលរួមពីមន្រ្តីរាជការសាលាខេត្តប៉ៃលិន មន្រ្តីរាជការសាលាក្រុង ប៉ៃលិនសាលាស្រុកសាលាក្រៅ និងលោកមេឃុំ ចៅសង្កាត់ផងដែរ។
តាមប្រការ ១ និងប្រការ២ នៃសេចក្តីសំរេចអន្តរក្រសួងនេះ ត្រូវបានផ្តល់រង្វាន់លើកទឹកចិត្តជូនរដ្ឋបាលថ្នាក់ក្រោមជាតិអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីខេត្ត សំរាប់ឧបត្ថម្ភជូនដល់មន្រ្តីដែលបំពេញភារកិច្ចផ្ទាល់ និងមន្រ្តីផ្សេងទៀត លើការផ្តល់សេវារដ្ឋបាល ព្រមទាំងសម្រាប់ពង្រឹងយន្តការប្រមូលចំណូល។ អនុញ្ញាតិអោយរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ កាត់ទុកជាមុននូវចំណែកប្រាក់រង្វាន់ដោយដកយកពីប្រាក់ចំណូលដែលប្រមូលបានពីការយកកំរ៉ៃសេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ការកាត់ទុកជាមុននូវនូវចំណែកប្រាក់រង្វាន់នេះ ត្រូវបានចាត់ទុកថា ជាថវិកាជាតិ បានបើកផ្តល់ជាប្រាក់បុរេប្រទានជូនរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ សម្រាប់ចំណាយឧបត្ថម្ភជូនមន្រ្តី និងពង្រឹងយន្តការប្រមូលចំណូល។
ឯកឧត្តម កើត សុធា អភិបាល នៃគណអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា ការ ប្រជុំផ្សព្វផ្សាយសេចក្តីសំរេចរបស់អន្តរក្រសួងស្តីពីការផ្តល់រង្វាន់លើកទឹកចិត្តលើការផ្តល់សេវារដ្ឋបាល របស់រដ្ឋបាលថ្នាក់ក្រោមជាតិ នាពេលនេះនឹងផ្តល់ឱកាសដល់មន្រ្តីរាជការសំរាប់ពង្រឹងសមត្ថភាពអនុវត្តការងារ តាមគោលដៅនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ឯកឧត្តមបានបន្តថា ការផ្តល់សេវាសាធារណៈគឺជាកាតព្វកិច្ចរបស់អាជ្ញាធរ ដែលត្រូវផ្តល់ជូនដល់ប្រជាពលរដ្ឋជាចាំបាច់ ។ តាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈកា សេវាសាធារណៈត្រូវបានផ្ទេរ និងធ្វើប្រតិភូកម្ម ជូនរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងគោលបំណងបង្ខិតសេវាទាំងនោះ អោយកាន់តែខិតចូលជិតដល់ប្រជាពលរដ្ឋ នៅថ្នាក់មូលដ្ឋាន។ ឯកឧត្តមក៏បានណែនាំសូមអោយ មន្រ្តីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធ្វើការប្រជុំកំណត់តម្លៃសេវារដ្ឋបាលអោយបានសមរម្យ ស្របទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ ចំណែកប្រាក់ឧបត្ថម្ភដែលត្រូវបែងចែកជូនដល់មន្រ្តីក្រោមឱវាទ ក៏ត្រូវធ្វើអោយបានត្រឹមត្រូវ មានសមធម៌ ។ ម្យ៉ាងទៀតមន្រ្តីរាជការត្រូវតែខិតខំបំពេញការងារជំនាញរបស់ខ្លួនអោយបានល្អ មានការទទួលខុសត្រូវខ្ពស់ និងឈរលើស្មារតីសាមគ្គីភាព ឯកភាពគ្នាអោយបានល្អ៕
[youtube id= “CZv_wVeKC5A”]