អភិបាលខេត្តប៉ៃលិនជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនិងមន្រ្តីសុខាភិបាលទាំងអស់ត្រូវមានវិធានការតឹងរឹងដើម្បីទប់ស្កាត់ជំងឺកូវិដ១៩


ដោយ៖ វួច ពឿន វិទ្យុជាតិខេត្តប៉ៃលិន

មានប្រសាសន៍យ៉ាងដូច្នេះក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធិផលការងារសុខាភិបាល​ប្រចាំឆ្នាំ២០១៩ លើកទី១៦ និងការកំណត់ទិសដៅជាអទិភាពសម្រាប់ឆ្នាំ២០២០ និងឆ្នាំបន្ត របស់មន្ទីរសុខាភិបាលខេត្ត នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំសា​លាខេត្តប៉ៃលិន ឯកឧត្តម ផាន់ ចាន់ធុល អភិ បាលខេត្ត បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនិងមន្រ្តីសុខាភិបាលទាំងអស់ត្រូវមានវិធានការតឹងរឹងដើម្បីទប់ស្កាត់ជំងឺកូវិដ១៩ ព្រោះជំងឺនេះជាក្តីព្រួយបារម្មណ៍យ៉ាងខ្លាំងរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសក៏ដូចជាបងប្អូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនផងដែរ។ ឯកឧត្តមបានបន្តថា៖ ទោះបីនៅក្នុងខេត្តប៉ៃលិនយើងនេះមិនទាន់មានឃើញបងប្អូនប្រជាពលរដ្ឋណាម្នាក់មានវិជ្ជ​មានជំងឺកូវីដ១៩ក៏ដោយ សូមអោយមន្ទីរសុខាភិបាលខេត្ត ត្រៀមលក្ខណៈនិងឧបករណ៍អោយបានគ្រប់គ្រាន់ដូចជាឧបករណ៍វាស់កម្តៅ សម្រាប់ដាក់នៅតាមចក្រទ្វារអន្តរជាតិព្រំ ដើម្បីវាស់កម្តៅដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ និងបងប្អូនអជីវករ និងពលករដែលធ្វើដំណើរចេញចូលតាមច្រកទ្វាព្រុំដែនជាប្រចាំ។ ជាពិសេសមន្ទីរសុខាភិបាលត្រូវអប់រំផ្សព្វផ្សាយអំពីវិធានការណ៍បង្ការ ការចម្លងវិរុសកូរ៉ូណាប្រភេទថ្មីនេះអោយបានទូលំទូលាយទៅដល់បងប្អូនប្រជាពលរដ្ឋបានយល់ដឹងអំពីវិធីការការពារកុំឆ្លងជំងឺកូវិដ១៩ ។ ឯកឧត្តមក៏បានបានកោតសរសើរនិងវាយតំលៃខ្ពស់ចំពោះថ្នាក់ដឹកនាំនិងមន្រ្តីបុគ្គលិកសុខាភិបាលទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារធ្វើអោយលទ្ធផលនៃការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋទទួលបាននូវភាពរីកចម្រើន ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល បានផ្តល់អនុសាសន៍សំខាន់​ៗ៥​ចំនុច​ដល់អង្គសន្និបាតទាំងមូលដើម្បីបម្រើសេវាវិស័យសុខាភិបាលឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់រួមមាន៖ ១)ត្រូវសាមគ្គីភាពផ្ទៃក្នុងនិងពង្រឹងរចនាសម្ព័ន្ធ ដើម្បីអភិវឌ្ឍន៍សមត្ថភាពស្ថាប័នសុខាភិបាលទាំងប៉ុស្ត៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកគ្រប់ប្រភេទ និងមន្ទីរពេទ្យនានាដើម្បីឲ្យមានគុណភាពខ្ពស់។ លើកកម្ពស់អប់រំសតិអារម្មណ៍ មន្ត្រីបុគ្គលិក សុខាភិបាល ប្រតិបត្តិល្អតាមក្រម​សីលធម៍វិជ្ជាជីវៈ និងឥរិយាបទសមរម្យជាមួយប្រជាពលរដ្ឋ។ ២)ត្រូវយកចិត្តទុកដាក់ពង្រឹងផ្នែកធនធានមនុស្សក្នុងវិស័យសុខាភិបាលតាមនីតិវិធីអនុវត្ត​ការ​ងារ និងប្រព័ន្ធគ្រប់គ្រងដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ស្ថាប័នដោយ​បង្កើនផលិតភាពនៃការផ្តល់សេវាទាំងបរិមាណនិងគុណភាព ខណៈដែលរាជរដ្ឋា​ភិបាល​បាន​ផ្តល់នូវអត្ថប្រយោជន៍បន្ថែមដល់មន្ត្រីសាធារណៈដោយរាប់បញ្ចូលទាំងមន្ត្រីសុខាភិបាលដូចជាការ បង្កើនបៀវត្ស បង្កើនប្រាក់ឧបត្ថមដល់មន្ត្រី សាធារណៈជាស្ត្រីពេលសម្រាលកូន និងការផ្តល់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពជាដើម។ ៣)ត្រូវពង្រឹងសមត្ថភាពនិយ័តកម្មរបស់អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងអង្គភាពរដ្ឋបាល។ ៤)ដើម្បីទទួលបាននូវការងារនិយ័តកម្មនេះគឺត្រូវធានាថាសេវាសុខភាពដែលផ្តល់ដោយផ្នែកសុខាភិបាល ជូនប្រជាពលរដ្ឋត្រូវឈរលើនិយាមសមត្ថភាពបច្ចេកទេស ស្តង់ដារគុណភាព និងក្រមសីលធម៌ខ្ពស់​។ ដូចច្នេះត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងចាំបាច់ត្រូវពង្រឹកយន្តការត្រួតពិនិត្យ និងវាយតំលៃមួយជាក់លាក់ដើម្បីធានាឲ្យប្រជាពលរដ្ឋដែលបានចំណាយលើការថែទាំសុខភាពទទួលបានមកវិញនូវគុណប្រយោជន៍ផ្នែកសុខភាព ពោលគឺ ទទួលបានសេវាមានគុណភាព សុវត្ថិភាព និងភាពស័ក្តិសិទ្ធិ។និងទី៥) បង្កើនសកម្មភាពអប់រំផ្សព្វ​ផ្សាយព័ត៌មាន នឹងជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋយើងឲ្យបានយល់ជ្រួតជ្រាប ជាពិសេសពាក់ព័ន្ធទៅនឹងសុខភាព អនាម័យ មូលនិធិសមធម៌ អំពីការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យសុខាភិបាល។ ទន្ទឹមនឹងនោះ គឺត្រូវពង្រឹងយន្តការគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការទទួលព័ត៌មាន និងចូលរួមផ្តល់យោបល់អំពីការបំពេញការងាររបស់អង្គភាពផ្តល់សេវាសុខាភិបាលនៅមូលដ្ឋានអនុលោម តាមកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិឆ្នាំ២០១០-២០២០ ដែលមានគោល បំណងលើកកម្ពស់ដល់សេវាសាធារណៈនិងអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានឲ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន ក៏ដូចជាការលើស្ទួយគុណភាពនៃជីវិតរស់នៅរបស់ប្រជាជន។

លោកអនុបណ្ឌិត ស្លេះ យូរ ប្រធានស្តីទីមន្ទីរសុខាភិបាលខេត្តប៉ៃលិនបានបង្ហាញពីទិសដៅបន្តដូចជាបង្កើនការអនុវត្តនផែនទីបង្ហាញផ្លូវសម្រាប់ពន្លឿនការកាត់បន្ថយអត្រាមរណៈភាពរបស់មាតា ទារក និងកុមារ កាត់បន្ថយផ្ទុកជម្ងឺឆ្លងថ្មី មេរោគអេដស៏,ជម្ងឺររបង លុបបំបាត់ជម្ងឺ គ្រុនចាញ់ គ្រុនឈាម ទប់ស្កាត់ការរាលដាល COVID19 និង បង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានហិរញ្ញវត្ថុដែលមានប្រកប​ដោយ​តម្លាភាពនិងគណនេយ្យភាព នៅគ្រប់លំដាប់ថ្នាក់នៃប្រព័ន្ធសុខាភិបាល និងពង្រឹងកិច្ចសហការប្រតិបត្តិការរវាងអង្កការដៃគូអភិវឌ្ឍន៏វិស័យសុខាភិបាលនៅទូទាំងខេត្ត ។

ក្នុងឱកាសនោះឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តក៏បានប្រគលប័ណ្ណសសើរដល់មន្ត្រីនៃមន្ទីរសុខាភិបាលនិងមណ្ឌលសុខភាពទាំង០៦មណ្ឌល  ផងដែរ៕