ដោយ៖ វួច ពឿន វិទ្យុជាតិខេត្តប៉ៃលិន
ពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងថ្មីនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តម ព្រហ្ម សិទ្ធត្រា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងមានការអញ្ជើញចូលរួមពីឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងឯកឧត្តម សំ ប្រជាមានិត អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រមទាំងមន្ត្រីសាលាដំបូងខេត្ត មន្ត្រីយុត្តិធម៌ រួមទាំងភ្ញៀវកិត្តយសតាមបណ្តាមន្ទីរអង្គភាពជាច្រើនរូបទៀត។
លោក អ៊ួង សុភារិន អគ្គលេខាធិការរង នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានអានព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្ទេរតែងតាំងមុខតំណែង,លោក គង់ ច័ន្ទខេមរិន្ទ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ត្រូវបានផ្ទេរភារកិច្ចមកកាន់តំណែង ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ជំនួសលោក តូច ភក្តី ដែលត្រូវទទួលតំណែងថ្មីជាព្រះរាជអាជ្ញាខេត្តឧត្តរមានជ័យ។
លោក គង់ ច័ន្ទខេមរិន្ទ បានប្តេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រឹងបំពេញកាតព្វកិច្ចការងារ គោរពតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នឹងខិតខំបម្រើសេវាកម្មយុត្តិធម៌ ដល់ ប្រជាពលរដ្ឋ និងមន្ត្រីរាជការឲ្យបានកាន់តែល្អប្រសើរ។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានមតិផ្តាំផ្ញើរដល់លោក គង់ ច័ន្ទខេមរិន្ទ ព្រះរាជអាជ្ញាថ្មីដែលទើបចូលកាន់តំណែងថ្មី ត្រូវអនុវត្តន៍តួនាទី ភារកិច្ចខ្លួនឲ្យបានត្រឹមត្រូវ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកែទម្រង់វិស័យច្បាប់ និងយុត្តិធម៌អោយបានកាន់តែល្អប្រសើរឡើង និងធ្វើយ៉ាងណាសំដៅធ្វើឲ្យកាន់តែទទួលបាននូវជំនឿទុកចិត្តខ្ពស់ពីប្រជាពលរដ្ឋលើវិស័យយុត្តិធម៌។ ជាមួយគ្នានោះ ត្រូវអនុវត្តក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនយ៉ាងម៉ឹងមាត់ព្រោះក្រម សីលធម៌នេះ ជាត្រីវិស័យសម្រាប់ជួយតម្រង់ផ្លូវឱ្យចៅក្រម និងព្រះរាជអាជ្ញាបានក្លាយខ្លួនគោរពច្បាប់ ដែលជាសកម្មភាពខ្ពស់ ក្នុងគោលបំណងពង្រឹងសេចក្តីថ្លៃថ្នូរ ក្នុងការអនុវត្តភារកិច្ចតុលា។ ត្រូវជំរុញលើកកម្ពស់ឯករាជ្យភាពរបស់តុលាការ ដើម្បីធ្វើយ៉ាងណា ឱ្យខ្លួនក្លាយជាបុគ្គល ដែលមានចរិតយុត្តិធម៌ និងសមភាព។ ឯកឧត្តមអភិបាលបានបញ្ជាក់បន្ថែមថា៖ ទោះបីប្រព័ន្ធតុលាជាប្រព័ន្ធឯករាជ្យក្តី តែត្រូវមានកិច្ចសហការល្អជាមួយថ្នាក់ដឹកនាំខេត្តនិងមន្ត្រីជំនាញពាក់ព័ន្ធ។ ឯកឧត្តម ផាន់ ចាន់ធុល ក៏បានស្នើរៀបចំទុកដាក់បញ្ជីរឿងក្តីឱ្យបានត្រឹមត្រូវប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបន្តចាត់ការឱ្យបានទាន់ពេលវេលា ទៅតាមនីតីវិធី ដែលច្បាប់បានកំណត់ ជៀសវាងទុកសំណុំរឿងចោល ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងសិទ្ធិសេរីភាព នៃការឃុំខ្លួនជនសង្ស័យ ឬជនល្មើស លើសការកំណត់នៃច្បាប់៕
ឯកឧត្តម ព្រហ្ម សិទ្ធត្រា បានមានប្រសាសន៍ថា៖ ការរៀបចំផ្លាស់ប្តូរតួនាទីភារកិច្ច របស់អាជីពចៅក្រម ព្រះរាជអាជ្ញា មន្ត្រីរាជការនានាៗ គឺជាផ្នែកមួយនៃកំណែទំរង់ ក្នុងវិស័យប្រព័ន្ធយុត្តិធម៌ ក្នុងការបម្រើសេវាយុត្តិធម៌ឱ្យកាន់តែប្រសើរឡើងថែមទៀត និងធ្វើយ៉ាងណាបង្កើននូវជំនឿទុកចិត្ត ពីសំណាក់សាធារណៈជន និងប្រជាពលរដ្ឋក្នុងវិស័យយុត្តិម៌។ ឯកឧត្តមរដ្ឋលេខាធិការបានជំរុញឱ្យព្រះរាជអាជ្ញាដែលទើបមកកាន់តំណែងថ្មី ត្រូវបង្កើនកិច្ចសហការជាមួយអាជ្ញាធរដែនដី និងមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគោរពច្បាប់ឱ្យបានតឹងរឹងបំផុតក្នុងការទប់ស្កាត់ និង បង្ក្រាបបទល្មើសដែលកើតមានផ្សេងៗក្នុងរដ្ឋបាលខេត្តប៉ៃលិនដូចជា៖ បទល្មើសឆ្លងដែន បទល្មើសព្រៃឈើ ជាពិសេសគ្រឿងញៀន ជាអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងតែចាត់វិធានការទប់ស្កាត់យ៉ាងតឹងរឹងផងដែរ។ ឯកឧត្តមក៏បានស្នើដល់ចៅក្រម និងព្រះរាជអាជ្ញា ត្រូវប្រកាន់ភ្ជាប់នូវសម្បជញ្ញៈ មនសិការខ្ពស់ ក្នុងការផ្តល់សេវាយុត្តិធម៌ និងស្វែងរកយុត្តិធម៌ ប្រកបដោយតម្លាភាព សមភាព និងយុត្តិធម៌ ស្របតាមច្បាប់ គឺសំដៅធ្វើយ៉ាងណាឱ្យមនសិការកាន់តែទទួលនូវជំនឿទុកចិត្តពីប្រជាពលរដ្ឋ។