(01-12-2015) ប៉ៃលិន៖ ព្រឹកថ្ងៃទី១ ធ្នូ ២០១៥ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនបានប្រារព្ធទិវាពិភពលោកប្រយុទ្ធប្រឆាំងជំងឺអេដស៏ ក្រោមអធិបតីភាព ឯកឧត្តម ម៉ី មគ្គ អភិបាលរងខេត្តប៉ៃលិន ព្រមទាំងមានការអញ្ចើញចូលរួមពីសំណាក់លោកលោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គការគ្រប់ស្ថាប័ន កងកំលាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
លោក វិជ្ជបណិ្ឌត សេង រ៉ន ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិនបានអោយដឹងថា៖ សព្វថ្ងៃនេះស្ថានភាពរីករាលដាលនៃមេរោគអេដស៏នៅក្នុងប្រទេសកម្ពុជាមានការថយចុះបានឈានដល់ដំណាក់កាលមួយគឺអត្រាប្រេវ៉ាឡង់នៃមេរោគអេដស៏ក្នុងចំណោមប្រជាជនពេញវ័យចាប់ពីអាយុ១៥ឆ្នាំ ទៅ៤៥ឆ្នាំ តាមការអង្កេតឈាម អត្រាឆ្លងរាលដាលថយចុះពី២% ក្នុងឆ្នាំ១៩៩៨ មកនៅត្រឹម០.៨% ក្នុងឆ្នាំ២០១០ និង០.៦%ក្នុងឆ្នាំ២០១៣។ លោក បន្តថា៖ខេត្តប៉ៃលិន តាមរបាយការណ៏ធ្វើតេស្តឈាមរកមេរោគអេដស៏ដោយស្ម័គ្រចិត្ត និងរក្សាការសំងាត់ បានបង្ហាញថាត្រឹម៣ត្រីមាសឆ្នាំ២០១៥ ក្នុងចំណោមអ្នកដែលបានធ្វើតេស្តឈាមចំនួន៤០២៩នាក់ មានអ្នកផ្ទុកមេរោគអេដស៏ចំនួន២៧នាក់គិតជាភាគរយស្មើនឹង០.៧%។ក្នុងនោះស្រ្តីមានផ្ទៃពោះបានធ្វើតេស្តឈាម លើកទី០១បានចំនួន ៩៨%មានផ្ទុកមេរោគអេដស៏ចំនួន០.៣%។ ការឆ្លើយតបរួមគ្នាឆ្នាំ២០០៩ ដល់ត្រីមាសទី៣ ឆ្នាំ២០១៥ ក្នុងចំណោមទារកប្រឈមដែលកើតពីម្តាយផ្ទុកមេរោគអេដស៏ចំនួន៦៦នាក់ មិនមានទារកឆ្លងមេរោគអេដស៏ទេ។
ឯកឧត្តម ម៉ី មគ្គអភិបាលនៃគណអភិបាលរងខេត្តបានមានប្រសាសន៏ថា៖ទិវាពិភពលោកប្រយុទ្ធនិងជំងឺអេដស៏០១ធ្នូ ឆ្នាំ២០១៥នេះ ក្រោមប្រធានបទមួយយ៉ាងសំខាន់គឺ ឈានឆ្ពោះទៅរក គ្មានការឆ្លងថ្មី គ្មានការរើសអើង គ្មានការស្លាប់មានន័យថាយើងទាំងអស់គ្នាប្តេជ្ញាចិត្តយ៉ាងមុតមាំចូលរួមទប់ស្កាត់និងកាត់បន្ថយការឆ្លងរីករាលដាលនៃមេរោគអេដស៏និងជំងឺអេដ៍ ដោយឈលើគោលការណ៏សិទ្ធិមនុស្ស និង ការធ្វើអោយសំរេចបាន ការទទួលសេវាជាសាកលរបស់អង្គការសហប្រជាជាតិ។ ឯកឧត្តមមានប្រសាសន៏បន្តថា៖ជំងឺអេដស៏ជាជំងឺមួយដែលពុំទាន់មានឱសថព្យាបាលអោយជាសះស្បើយនៅឡើយទេ ហើយជំងឺនេះបាននិងកំពុងរីករាលដាលនិងបណ្តាលអោយមានគ្រោះថ្នាក់បំផុតសំរាប់បុគ្គល គ្រួសារ សហគមន៏ សង្គមជាតិ ក៏ដូចជាពិភពលោកទាំងមូល ហើយផលវិបាកនៃជំងឺនេះបានធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍន៏ប្រទេសជាតិ តាមការរយៈការបាត់បង់នូវធនធានមនុស្សនិងសេដ្ឋកិច្ចសង្គមផងដែរ។ដូច្នោះហើយសូមអោយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវបំផុសគំនិត និង ពន្យល់ណែនាំអំពីជំងឺអេដស៏ ដល់សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋទាំងអស់អោយចេះ ការពារទប់ស្កាត់និងត្រូវចេះប្រើស្រោមអនាម័យអោយបាន១០០% ដើម្បីជៀសវៀងការកើតជំងឺអេដស៏។ទន្ទឹមនឹងនេះ សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់កុំរើសអើងអ្នកកើតជំងឺអេដស៏ព្រោះថាជំងឺអេដស៏មិនឆ្លងតាមការមើលឃើញ រឺ ការរស់នៅជាមួយគ្នានោះទេវាឆ្លងតាមការរួមភេទ និងប្រើសារាំងរួមគ្នាប៉ុណ្ណោះ
ក្នុងនោះដែរ ឯកឧត្តម ម៉ី មគ្គ ក៏បានចែកជូនសារ៉ុង និងក្រមា ដល់ ក្មេងៗ និងប្រជាពលរដ្ឋដែលផ្ទុកមេរោគអេដស៏ផងដែរ។
[youtube id= “0SYDnjNWRpc”]