ដោយ៖ វួច ពឿន វិទ្យុជាតិខេត្តប៉ៃលិន
នៅដងស្ទឹងតារាប ស្ថិតក្នុងភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន កាលពីថ្ងៃទី ២៩ ខែកុម្ភះ ឆ្នាំ ២០២០ មានរៀបចំទិវាជាតិបង្ការ និងពន្លត់ គ្រោះអគ្គីភ័យលើកទី៥ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងមានការចូលរួមពីសំណាក់លោកស្នងការខេត្ត គ្រប់មន្ទីរស្ថាប័នជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីស្ថាប័ន ព្រះសង្ស លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ យុវជនសសយកខេត្ត យុវជនកាយរឹទ្ធិ សរុបចំនួន១១២៤នាក់។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានប្រសាសន៍ថា៖ ថ្ងៃនេះ គឺជាព្រឹត្តិការណ៍មួយដ៏មានអត្ថន័យ និង មានសារៈសំខាន់ ក្នុងគោលបំណងបំផុសអោយមានការចូលរួមពីគ្រប់បណ្តាស្ថាប័នពាក់ព័ន្ធដូចជា អង្គការសង្គមស៊ីវិល សមាគម ផ្នែកឯកជន ជាពិសេសបងប្អូនប្រជាពលរដ្ឋ បានយល់ដឹង គាំទ្រ និង ចូលរួមយ៉ាងសស្រាក់សស្រាំជាមួយកងកម្លាំងសមត្ថកិច្ច ប្រកបដោយការបេ្តជ្ញាយ៉ាងមុតមាំ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ដែលបណ្តាលមកពីបញ្ហាអគ្គីភ័យ ។ ឯកឧត្តម បន្តថា ការបង្ការ ពន្លត់អគ្គិភ័យ គឺជាករណីកិច្ចគ្រប់មន្ទីរ អង្គភាព ផ្នែកឯកជន និង ប្រជាពលរដ្ឋ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គិភ័យ និង ចូលរួមពន្លត់អគ្គិភ័យនៅពេលមានគ្រោះអគ្គិភ័យកើតមានឡើង និង ត្រូវបង្កើនការផ្សព្វផ្សាយច្បាប់ស្តីពីបង្ការ និង ពន្លត់អគ្គិភ័យ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីធ្វើការអប់រំ ណែនាំដល់ប្រជាពលរដ្ឋ ក្នុងគោលដៅពេលមានហានិភ័យខ្ពស់ ព្រមទាំងឲ្យបានយល់ដឹងអំពីវិធានការ បច្ចេកទេសបង្ការ និងពន្លត់អគ្គីភ័យ នៅគ្រប់គេហដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្រុមហ៊ុន ក្លឹបកម្សាន្ត កាស៊ីណូ ផ្សារ និង អាជីវកម្មនានា គឺត្រូវបំពាក់ប្រព័ន្ធសុវត្ថិភាព បង្ការពន្លត់អគ្គីភ័យ ឲ្យបានត្រឹមត្រូវទៅតាមបច្ចេកទេស ជាពិសេសការទប់ស្កាត់ការដុតចម្ការ ដុតព្រៃ ដុតភ្លើងយកឃ្មុំ និងការចោលកន្ទុយបារីនៅព្រៃភ្នំ ជាដើមហេតុបង្កអោយមានអគ្គីភ័យឆាបឆេះបានគ្រប់ពេលវេលា។ ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា៖ មួយរយះនេះខេត្តប៉ៃលិនយើងបានប្រឈមខ្ពស់លើបញ្ហាភ្លើងឆេះព្រៃភ្នំដែលពិបាកទប់ស្កាត់នឹងគួរអោយព្រួយបារម្មណ៍ជាខ្លាំង ដែលទាមទារការចូលរួមពីបងប្អូនប្រជាពលរដ្ឋផងដែរ។ ចំពោះករណីនេះ យើងត្រូវបន្ត ខិតខំប្រឹងប្រែងឲ្យសម្រេចបាន នូវគោលបំណងចំនួនពីរ គឺ រក្សាឲ្យបានសន្តិសុខ សុវត្ថិភាព អាយុជីវិត ទ្រព្យសម្បត្តិរដ្ឋ និង ឯកជន អំពីគ្រោះថ្នាក់បណ្តាមកពី អគ្គីភ័យ និង ធ្វើឲ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ អ្នកវិនិយោគិន គ្មានការព្រួយបារម្ភកង្វល់អំពីគ្រោះអគ្គិភ័យ និងស្ម័ត្រចិត្តយ៉ាងសកម្ម ចូលរួមជាមួយកងកម្លាំងសមត្ថកិច្ច បង្ការ ទប់ស្កាត់ ដើម្បីកុំឲ្យកើតមានអគ្គីភ័យកើតឡើង ។ ក្នុងឱកាសនោះឯកឧត្តមក៏បានធ្វើការកោតសរសើរដល់កងកម្លាំងនគរបាលពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្ត ដែលបានសហការល្អជាមួយរដ្ឋបាលខេត្តប៉ៃលិន ក្នុងការខិតខំយកចិត្តទុកដាក់ ចូលរួមជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះអគ្គិភ័យ បានទាន់ពេលវេលានៅខេត្តប៉ៃលិន។
យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី ស្នងការរងនគរបាលខេត្តទទួលការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបញ្ជាក់អោយដឹងថា៖ ក្នុងលំហាត់សមយុទ្ធនោះ ក៏មានការបង្ហាត់បង្ហាញ អំពីសកម្មភាពស្តីពី ការប្រើប្រាស់ឧបករណ៍ពន្លត់អគ្គីភ័យ ដែលបានធ្វើការបង្ហាត់បង្រៀនឡើង ដោយក្រុមពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងធ្វើសមយុទ្ធក្នុងការពន្លត់អគ្គិភ័យ ជូនដល់គណៈអធិបតី និង អង្គពិធីទាំងមូលបានទស្សនាផងដែរ ៕