ដោយ៖ វួច ពឿន វិទ្យុជាតិខេត្តប៉ៃលិន
នៅថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០១៩ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃបានជួបប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្តប៉ៃលិន ប្រធានមន្ទីរជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលដឹកនាំដោយឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ចេង ញ៉ាន់ អភិបាលខេត្តស្តីទី ដើម្បីសិក្សាស្វែងយល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តតាមវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តប៉ៃលិន។
ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភាបានមានប្រសាសន៍ថាៈ គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា បានចុះបេសកកម្មមកខេត្តប៉ៃលិននាពេលនេះ គឺមានគោលបំណងដើម្បីសិក្សាឈ្វេងយល់អំពីវឌ្ឍនភាព បញ្ហាប្រឈមនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងការរំលោភអំណាច លទ្ធផល នៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងបញ្ហារប្រឈមនានានៃការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងសំណូមពរ នានាដែលអាជ្ញាធរខេត្តប៉ៃលិនបានជួបប្រទះក្នុងការអនុវត្តការងារនាពេលកន្លងមក។
ឯកឧត្តម ចេង ញ៉ាន់ អភិបាលខេត្តស្តីទី បានមានប្រសាសន៍លើកឡើងអំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ភូមិសាស្រ្ត ការអភិឌ្ឍ និងការងារមួយចំនួនដូចជា ការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើរពុករលួយ ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការអភិវឌ្ឍមូលដ្ឋាន ការផ្តល់សេវារដ្ឋបាល ការធ្វើវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន ដែលថ្នាក់ដឹកនាំ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ទាំងអស់ បានខិតខំបំពេញភារកិច្ចរៀងៗខ្លូន ធ្វើឱ្យខេត្តមានការរីកចម្រើនជាបន្តបន្ទាប់។
ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភាបានផ្តល់នូវអនុសាសន៍មួយចំនួនដល់អាជ្ញាធរខេត្ត ដោយត្រូវចូលរួមធ្វើការដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងនៅតាមមូលដ្ឋានរបស់ខ្លួន និងទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងផ្នែកពាក់ព័ន្ធត្រូវចូលរួមដោះស្រាយជាមួយគ្នា ដើម្បីឆ្លើយតបតាមសំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋ ។ ឯកឧត្តម ម៉ម ប៊ុននាង ក៏បានសំណូមពរឱ្យថ្នាក់ដឹកនាំខេត្ត ក៏ដូចជាមន្ទីរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទត្រូវចូលរួមទប់ស្តាត់ឱ្យបាននូវការប្រព្រឹត្តអំពើពុករលួយ ការរំលោភអំណាច ជាពិសេសការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តទាំងមូល និងការគ្រប់គ្រងស្ថិតិភ្ញៀវជាតិនិងអន្តរជាតិតាមច្រកព្រំដែនអោយបានច្បាស់លាស់។ ទន្ទឹមនេះរដ្ឋបាលខេត្តត្រូវបណ្តុះបណ្តាលមន្ត្រីនៃមន្ទីរជំនាញសំខាន់ៗរួមមាន មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរសាធារណៈការនិងដឹកជញ្ជូន និងមន្ទីរមុខងារសាធារណៈ លើការអនុវត្តន៍ការងារសំខាន់ៗទាក់ទងនឹងការអភិវឌ្ឍន៍មូលដ្ឋាននិងសាធារណៈផងដែរ។ ដោយឡែកចំពោះបញ្ហាប្រឈម និងសំណូម ពរនានាដែលអាជ្ញាធរខេត្តពុំអាចដោះស្រាយបាន គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា នឹងរាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងគណៈកម្មាធិការ អចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីលើកអនុសាសន៍ជម្រាបដល់ក្រសួង ស្ថាប័នពាក់ព័ន្ធរួមគ្នាធ្វើការដោះស្រាយអោយបានទាន់ពេលវេលា។