ដោយ៖ វួច ពឿន វិទ្យុជាតិខេត្តប៉ៃលិន
នៅរសៀលថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២០ នៅមន្ទីរវប្បធម៌និងវិចិត្រ សិល្បះខេត្តប៉ៃលិន បានប្រារព្ធពិធីបើកមហោស្រពសិល្បះយុវជនថ្នាក់ខេត្ត លើកទី៦ ឆ្នាំ២០២០ ក្រោមប្រធានបទ (យុវជនដើម្បីដើម្បីវប្បធម៌ជាតិ) ពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពលោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន នឹងតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន លោកជំទាវ ស៊ុំ ហៀង សភាពពាណិជ្ជកម្មខេត្ត លោក ព្រំ រដ្ឋា ប្រធានមន្ទីរវប្បធម៌និងវិចិត្រ សិល្បះខេត្ត ព្រមទាំងមានការការអញ្ជើញចូលរួមពីអស់លោក-លោកស្រីប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស សរុបចំនួន ១៦០នាក់ ។
លោក ព្រហ្ម រដ្ឋា ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បះបានថ្លែងថា៖ មហោស្រពសិល្បះយុវជនថ្នាក់ខេត្ត ក្រោមប្រធានបទ (យុវជនដើម្បីដើម្បីវប្បធម៌ជាតិ) នៅពេលនេះពិតជាមានសារៈសំខាន់ដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់រៀបចំឡើងធ្វើជារៀងរាល់ឆ្នាំ ស្របពេលដែលសមិទ្ធិផលជាច្រើននៃវិស័យវប្បធម៌ត្រូវបានរីកចំរើនឡើងក្នុងទឹកដីខេត្តប៉ៃលិន និងជាពិសេសអរគុណសន្តិភាពក្រោមនយោបាយឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ដឹកនាំ បាននាំមកនៅសុខសន្តិភាពពេញបរិបូណ៌និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ទន្ទឹមនឹងនោះចលនាសិល្បះទស្សនីយភាពក៏នៅតែបន្តរីកចម្រើនជាលំដាប់ទទួលបានលទ្ធផលល្អ និងជោគជ័យគួរអោយមោទនៈ តាមរយះមហោស្រពសិល្បះយុវជនទូទាំងប្រទេសនៅឆ្នាំ២០១៩កន្លងទៅ ដោយក្រុមសិល្បះយុវជនខេត្តប៉ៃលិនមានកិត្តិយសទទួលបានទទូលជ័យលាភីលេខ២ ផ្នែកចម្រៀងប្រពៃណី និង ទទួលបានជ័យលាភីលេខ៣ ផ្នែកចម្រៀងសម័យក្នុងកម្មវិធីបើកមហោស្រពសិល្បៈចម្រៀងខ្មែរជាសកលលើកទី៥ ថ្មីៗនេះ។ និងដោយឡែកក្នុងឆ្នាំ២០២០នេះ ក្រុមសិល្បះនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្តប៉ៃលិន ត្រូវចូលរួមការប្រកួតប្រជែងនៅថ្នាក់ជាតិក្នុងមហោស្រពសិល្បៈយុវជនថ្នាក់ជាតិនៅរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះក្នុងពិធីបើកមហោស្រពសិល្បៈយុវជនថ្នាក់ជាតិ លើកទី៦ ឆ្នាំ២០២០ ល្ខោនយីកេរឿង (ក្ងោកទេពនិម្មិត) ផងដែរ ។
លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន នឹងតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា៖ ខេត្តប៉ៃលិនយើងពិតជាមានមោទនះភាពខ្លាំងណាស់ ដែលមន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្ត តែងដណ្តើមបានពានរង្វាន់ឆ្នើមនិងកិត្តយសជូនខេត្តជារៀងរាល់ឆ្នាំ ទាំងមហោស្រពថ្នាក់ជាតិនិងចម្រៀងបុរាណ សម័យនានា ដែលនេះជាមោទនៈភាពមួយមិនអាចកាត់ថ្លៃបាននោះឡើយ។ ចំពោះការចូលរួមក្នុងមហោស្រពថ្នាក់ជាតិលើកនេះគឺពិតមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ព្រមទាំងគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ក្នុងការអភិរក្ស និងលើកស្ទួយសិល្បៈវប្បធម៌ជាតិ ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ម្យ៉ាងវិញទៀត មហោស្រពសិល្បះយុវជនថ្នាក់ខេត្ត លើកទី៦ ឆ្នាំ២០២០ ក្រោមប្រធានបទ៖ (យុវជនដើម្បីដើម្បីវប្បធម៌ជាតិ) គឺក្នុងគោលបំណងសំខាន់ក្នុការបំផុសចលនាមហាជន និងប្រជាពលរដ្ឋទាំងអស់ ពិសេសយុវជនឱ្យចូលរួមគាំទ្ររួមគ្នាថែរក្សាការពារ និងលើកកម្ពស់តម្លៃសិល្បៈវប្បធម៌ និងទំនៀម ទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ជាតិយើងដោយផ្ទាល់ ក្នុងកិច្ចអភិរក្សនិងអភិវឌ្ឍន៍នូវបេតិកភណ្ឌវប្បធម៌ជាតិប្រកបដោយនិរន្តរភាពស្របទៅនឹងគោលដៅ « កម្ពុជាព្រះរាជាណាចក្រនៃវប្បធម៌និងប្រពៃណីផូផង់» ។ លោកជំទាវ ជា លាភ បានបន្តថា៖ ព្រះរាជាណាចក្រកម្ពុជាយើងសម្បូរទៅ ដោយសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិដែលមានទាំងរូបីនិងអរូបី។ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់តម្លៃខ្ពស់ដោយចាត់ ទុកវប្បធម៌ជាព្រលឹងជាតិ និងជាអត្តសញ្ញាណខ្មែរដែលមានតម្លៃមហាសាល ហើយសម្បត្តិបេតិកភណ្ឌវប្បធម៌មួយចំនួនត្រូវបានដាក់បញ្ចូល ជាបេតិកភណ្ឌពិភពលោកនិងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ បានធ្វើឱ្យកេរ្តិ៍ឈ្មោះកម្ពុជាបាន និង កំពុងតែល្បីរន្ទឺសុសសាយលើឆាកជាតិនិងអន្តរជាតិ។
លោកជំទាវអភិបាលរងខេត្ត ក៏បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី អង្គការជាតិ អន្ដរជាតិ និងវិស័យឯកជននានា នៅក្នុងខេត្តប៉ៃលិនទាំងអស់ ជាពិសេសមន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្ត មេត្តារួមគ្នាជំរុញលើកទឹកចិត្តដល់យុវជនដែលជាអ្នកបន្តវេនមានការចូលរួមចេះស្រឡាញ់សិល្បៈវប្បធម៌ជាតិខ្លួន និង សូមអោយមហោស្រពសិល្បះយុវជនថ្នាក់ខេត្ត លើកទី៦ ឆ្នាំ២០២០ ក្រោមប្រធានបទ (យុវជនដើម្បីដើម្បីវប្បធម៌ជាតិ) ប្រកបដោយភាពជោគជ័យ ហើយមហោស្រពនៅពេលនេះ វាក៏ជាការរម្លឹកដល់គុណូបការៈ របស់បុព្វការីជន ដូនតាខ្មែរ គ្រប់ជំនាន់ ហើយស្ថិតនៅជាអមតៈក្នុងដួងចិត្តប្រជាជនយើងគ្រប់វ័យនិងគ្រប់រូប ប្រកបដោយស្មារតីស្នេហាជាតិ រួមគ្នារក្សា រួមគ្នាការពារ និងរួមគ្នាលើកកម្ពស់តម្លៃ សម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិជានិច្ចនិរន្តរ៍។
គួរបញ្ជាក់ថា៖ ក្នុងពិធីប្រារព្ធបើកមហោស្រពសិល្បះយុវជនថ្នាក់ខេត្ត លើកទី៦ ឆ្នាំ២០២០ ក្រោមប្រធានបទ យុវជនដើម្បីសន្តិភាព មានការសម្តែងសិល្បះ ល្ខោនយីកេរឿង (ក្ងោកទេពនិម្មិត) ហើយក្នុងឱកាសនោះដែរ លោកជំទាវ ស៊ុំ ហៀង សភាពាណិជ្ជកម្មខេត្ត បានឧបត្ថមថវិកាដល់មន្ទីរវប្បធម៌និងវិចិត្រសិល្បះចំនួន ១លានរៀលផងដែរ។