ដោយ៖ វួច ពឿន វិទ្យុជាតិខេត្តប៉ៃលិន
នេះជាកាលើកឡើងរបស់ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ដែលបានថ្លែងក្នុងពិធីបុណ្យ មាឃបូជា ដែលបានប្រារព្វធ្វើឡើងនៅវត្តរតនោភ័ណ្ឌ ហៅវត្តកោងកាង នាល្ងាចថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២០ ដែលមានការនិមន្តចូលរួមពីព្រះសង្ឃគ្រប់វត្តអារាមទូទាំងខេត្ត ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តនិងលោកជំទាវ មន្ត្រីរាជការគ្រប់មន្ទីរ អង្គភាព ពុទ្ធបរិស័ទ្ធជិតឆ្ងាយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។
ឯកឧត្តមបានថ្លែងថា ដោយសារតែប្រទេសមានសុខសន្តិភាព មានសេរីភាពពេញលេញ ទើបការគោរពសាសនា ត្រូវបានរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បើកទូលាយចំពោះប្រជាពលរដ្ឋទូទៅក្នុងការគោរពសាសនា ទៅតាមជំនឿរៀងៗខ្លួន ។ រីឯព្រះពុទ្ធសាសនាត្រូវបានកំណត់ជាសាសនារបស់រដ្ឋ ហើយរយៈចុងក្រោយនេះ តាមបណ្តាវត្តអារាមក្នុងខេត្ត មានការរីកចម្រើនយ៉ាងខ្លាំងដោយសារប្រជាពលរដ្ឋខ្មែរភាគច្រើនគោរពប្រតិបត្តិ ហើយព្រះសង្ឃគ្រប់វត្តអារាមតែងបានផ្តល់នូវពុទ្ធឱវ៉ាទដល់ប្រជាពុទ្ធបរិស័ទក្នុងការអប់រំផ្លូវកាយ ផ្លូវចិត្ត អោយប្រព្រឹត្តិនូវអំពីជាកុលស និងចេះចែករំលែកក្តីស្រឡាញ់ និងទុក្ខចំពោះគ្នាទៅវិញទៅមកផងដែរ។ ឯកឧត្តមបន្តថា វិស័យព្រះពុទ្ធសាសនាមានតួនាទីសំខាន់ក្នុងសង្គមជាតិយើងទំាងមូល ដោយហេតុថាតាមរយះព្រះទេសនានាបានធ្វើការអប់រំប្រជាពករដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាពិសេសបណ្តាយុវជនយុវនារីដែលជាទំពាំងស្នងឬស្សី ក្នុងការបញ្រ្ជាបការរំអប់នានាដូចមិនអោយប្រព្រឹត្តិនូវអំពើអបាយមុខផ្សេងៗ ការសេពគ្រឿងញៀនគ្រឿងស្រវឹង ការអប់រំផ្លូវចិត្តអោយចេះស្គាល់គុណ ស្គាល់ទោសចំពោះអ្នកមានគុណ ចំពោះគ្រូបាធ្យាយ ហើយដែលកត្តាទាំងអស់នេះហើយជាការរួមចំណែកយ៉ាងសំខាន់ធ្វើអោយសង្គមជាតិរបស់មានភាពស្អាតស្អំ ប្រជាពលរដ្ឋរបស់នៅក្នុងភាពក្សេមក្សាន្ត បង្ករបាននូវបរិយាកាសសាមគ្គី និងនាំមកនូវសន្តិភាព។
ពិធីបុណ្យមាឃបូជា ជាពិធីបុណ្យដំសំខាន់មួយក្នុងវិស័យព្រះពិទ្ធសាសនា ដែលតែងបានធ្វើឡើងនៅថ្ងៃ១៥កើត ពេញបូណ៌មី ខែមាឃ ហើយពិធីនេះគឺជាឱកាសឲ្យពុទ្ធសាសនិករំឭកដល់ព្រឹត្តិការណ៍សំខាន់មួយចំនួន ដែលបានកើតឡើងនៅក្នុងសម័យពុទ្ធកាល។ ពិធីបុណ្យមាឃបូជា ជាទូទៅត្រូវពុទ្ធបរិស័ទ ឬអ្នកកាន់ព្រះពុទ្ធសាសនាប្រារព្ធធ្វើនៅតាមវត្តអារាម ឬមួយធ្វើនៅឯព្រះសក្យមុនីចេតិយ ជាទីតម្កល់ព្រះបរមសារីរិកធាតុព្រះសម្មាសម្ពុទ្ធតែម្តង។
អ្នកសិក្សាស្រាវជ្រាវផ្នែកព្រះពុទ្ធសាសនាបញ្ជាក់ថា ថ្ងៃមាឃបូជា គឺជាព្រឹត្តិការណ៍សំខាន់មួយ ក្នុងព្រះពុទ្ធសាសនា ឬកាលដ៏អស្ចារ្យមួយដើម្បីរំឭកដល់ព្រះសម្មាសម្ពុទ្ធបរមគ្រូ កាលពីទ្រង់នៅមានព្រះជន្មាយុនៅឡើយ។ ថ្ងៃមាឃបូជា គឺរំឭកទៅដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ដាក់អាយុសង្ខារ៖ «ជាព្រឹត្តិការណ៍ដែលព្រះអង្គដាក់ព្រះជន្មាយុសង្ខារ បានន័យថា កំណត់ពេលបរិនិព្វាន នៅពេលដែលមារបានទៅអារាធនាព្រះអង្គក៏បានទទួលយល់ព្រមជាមួយនឹងមារ អ៊ីចឹងនៅ ៣ខែទៀតតថាគតនឹងបរិនិព្វាន»។ ថ្ងៃមាឃបូជាក៏ជាថ្ងៃរំលឹកទៅដល់ពេលដែលព្រះពុទ្ធអង្គ សម្ដែងនូវឱវាទបាតិមោក្ខប្រទានដល់ព្រះភិក្ខុសង្ឃជាអរហន្តទាំង ១,២៥០អង្គ ដែលបានមកចូលរួមចតុរង្គសន្និបាត៖ «កាលនោះព្រះអង្គទ្រង់សម្ដែងឱវាទបាតិមោក្ខ ព្រោះតែកាលណាគ្រាន់តែព្រះអង្គនឹងឃើញថា ចង់សម្ដែងបាតិមោក្ខ គឺចង់ជួបនឹងពួកភិក្ខុ ពេលនោះព្រះអរហន្តទាំង ១២៥០អង្គ សុទ្ធតែជាព្រះអរហន្តលោកនិមន្តមកដោយពុំមានអ្នកនិមន្តទេ បានន័យថា បានមកដល់ភ្លាម»។ ចំពោះការប្រជុំចតុរង្គសន្និបាត ជាកាលដ៏អស្ចារ្យ ពីព្រោះការប្រជុំនោះ គឺប្រកបដោយអង្គ៤ ដែលរួមមាន អង្គទី១ គឺពេលនោះជាថ្ងៃឧបោសថសីលមានព្រះចន្ទពេញវង់ ថ្ងៃ ១៥កើតជាថ្ងៃពេញបូណ៌មី ខែមាឃ។ អង្គទី២ ព្រះភិក្ខុសង្ឃសាវ័កដែលបានមកចូលរួមចតុរង្គសន្និបាតទាំង ១.២៥០អង្គនោះ គឺបាននិមន្តមកពីទិសទាំង៤ ដោយមិនបានកំណត់ពេលគ្នា ឬក៏ផ្ដល់ដំណឹងណាត់ទុកជាមួយគ្នាអ្វីមុនទាល់តែសោះ ក៏ស្រាប់តែដល់ថ្ងៃនោះ បាននិមន្តមកព្រមៗគ្នាតែម្ដង។ អង្គទី៣ ព្រះភិក្ខុសង្ឃទាំងអម្បាលម៉ាននោះ សុទ្ធសឹងតែជាព្រះអរហន្ត ឬជាបុគ្គលដែលបានសម្រេចអរហត្ត ប្រាសចាករាគៈ (លោភៈ) ទោសៈ មោហៈ ជាអ្នកសម្រេចនូវអភិញ្ញា៦ ឬមានចំណេះដឹងយ៉ាងខ្ពស់ក្នុងលោកុត្តរធម៌នៃព្រះពុទ្ធសាសនា។ ចំណែកអង្គទី៤ គឺព្រះភិក្ខុសង្ឃ ១.២៥០អង្គនោះ សុទ្ធតែជាឯហិភិក្ខុ ដូចគ្នាទាំងអស់។ ដែលហៅថា ឯហិភិក្ខុ គឺជាភិក្ខុដែលបំបួសឡើងដោយព្រះសម្មាសម្ពុទ្ធផ្ទាល់ ហើយពេលបំបួសនោះ គឺមានស្បង់ចីវរបានប្រាកដឡើងដោយឯកឯង ហើយការកាត់កោរសក់ កោរពុកមាត់ ពុកចង្កា ក៏កើតឡើងដោយឯកឯងដែរ ដោយអំណាចនៃបុណ្យបារមីរបស់ព្រះភិក្ខុសង្ឃទាំងនោះ ដែលបានធ្វើសន្សំទុកមកជាច្រើនជាតិ៕