ដោយ៖ វួច ពឿន វិទ្យុជាតិខេត្តប៉ៃលិន
មានប្រសាសន៍នៅក្នុងយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព និងចែកមួកសុវត្ថភាពដល់អ្នកបើកបរម៉ូតូ សំរាប់ឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមនានាព្រឹកថ្ងៃសៅរ៍ ១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ នៅក្បែរវិមានឯករាជ្យ, ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានអំពាវនាវអោយប្រជាពលរដ្ឋបើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាពអោយបានត្រឹមត្រូវ និងគ្រប់ពេលវេលា ទោះបីផ្លូវជិត ឬផ្លូវឆ្ងាយក៏ដោយ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ ការពាក់មួកសុវត្ថិភាពជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពបំផុត ដើម្បីកាត់បន្ថយការរងរបួសក្បាល និងការស្លាប់បាត់បង់ជីវិតដែលបណ្តាលមកពីការបុកទង្គិចគ្នា ពេលធ្វើដំណើរតាមទោចក្រយានយន្ត។ តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា នៅពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង អ្នកធ្វើដំណើរតាមទោចក្រយានយន្ត ដែលមិនពាក់មួកសុវត្ថិភាពមានហានិភ័យប្រឈមនឹងការរងរបួសក្បាលចំនួនបួនដង និងការប៉ះទង្គិចដល់ខួរក្បាលចំនួនដប់ដង ខ្ពស់ជាងអ្នកដែលបានពាក់មួកសុវត្ថិភាព។ ឯកឧត្តម ផាន់ ចាន់ធុល ក៏បានមានប្រសាសន៍បន្តថា៖ គ្រោះថ្នាក់ចរាចរណ៍ ជាឃាតកលាក់មុខដែលបានអោយប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ បានស្លាប់ និងរងរបួសជារៀងរាល់ថ្ងៃ ដោយសារការធ្វេសប្រហែស និងមិនគោរពច្បាប់ចរាចរណ៍ដែលនាំមកនូវមហន្តរាយដ៏ធំធេង ប៉ះពាល់ដល់សុខដុមរមនា ជីវភាពរស់នៅរបស់ពលរដ្ឋ និងសេដ្ឋកិច្ចសង្គមជាតិទាំងមូល។ គ្រោះថ្នាក់ចរាចរណ៍ផ្តើមចេញកត្តា ៣សំខាន់ៗ គឺមនុស្ស សម្ភារៈ និងផ្លូវ ដែលកត្តាទាំង៣នេះ យើងទាំងអស់គ្នា ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ក្នុងពេលបើកបរយានយន្តគ្រប់ប្រភេទនៅលើដងផ្លូវសាធារណៈ។ ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍បន្តទៀតថា៖ យុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព និងការចែកមួកសុវត្ថភាពដល់អ្នកបញ្ជាទោចក្រយានយន្តនាពេលនេះ គឺជាការដាស់ស្មារតីដល់អ្នកបើកបរទាំងឡាយ អោយមានការប្រុងប្រយ័ត្នលើបញ្ហាសុវត្ថិភាពក្នុងពេលបើកបរ ពិសេសពេលក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននេះ។
សូមបញ្ជាក់ថា៖ បើតាមរបាយការណ៍របស់លោកវរសេនីយ៍ទោ ជា សីហា ប្រធានការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត បានអោយដឹងថា៖ បើប្រៀបធៀបនឹងឆ្នាំ២០១៨ នៅឆ្នាំ២០១៩ គឺករណីគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ចំនួន ១២ករណី ដោយឆ្នាំ២០១៨ មាន៥០ករណី និងឆ្នាំ២០១៩ មាន៣៨ករណី។ ចំណែកចំនួនអ្នកស្លាប់មានការកើនឡើង ចំនួន ៥នាក់ ដោយឆ្នាំ២០១៨ ស្លាប់ចំនួន ១៣នាក់ និងឆ្នាំ២០១៩ ស្លាប់ ចំនួន ១៨នាក់, អ្នករបួសធ្ងន់ មានការថយចុះ ចំនួន ១១នាក់ ដោយឆ្នាំ២០១៨ របួស ចំនួន ៤៩នាក់ និងឆ្នាំ២០១៩ របួស ចំនួន ៤៩នាក់, និងរបួសស្រាល មានការថយចុះ ចំនួន ៧នាក់ ដោយឆ្នាំ២០១៨ របួស ចំនួន ៣៨នាក់ និងឆ្នាំ២០១៩ របួស ចំនួន ៣១នាក់៕ ពិនិត្យ កែសម្រួល៖ វួច ពឿន