ដោយ៖ វួច ពឿន វិទ្យុជាតិខេត្តប៉ៃលិន
មានប្រសាសន៍នៅក្នុងពិធីប្រកាសទទួលស្គាល់ប្រធាន អនុប្រធាន គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងប្រគល់ប័ណ្ណ ប.ស.ស ជូនគ្រួសារជនពលីមរណៈខេត្តប៉ៃលិន នៅសាលប្រជុំមន្ទីរបក្សខេត្តប៉ៃលិន នាព្រឹកថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម គន់ គឹម ទេសរដ្ឋមន្រ្តីទទួលបន្ទុកអគ្គលេខាធិការសមាគមអតីតយុវជនកម្ពុជា និងជនពិការ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងជាសមាជិកគណអចិន្រ្តៃយ៍គណកម្មាធិការកណ្តាលសមាគមអតីតយុទ្ធកម្ពុជា ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ព្រមទាំងលោក-លោកស្រីប្រធាន អនុប្រធានមន្ទីរ លោកអភិបាលក្រុង/ស្រុក លោកមេឃុំ/ចៅសង្កាត់ និងបងប្អូនអតីតយុវជនកម្ពុជាខេត្តប៉ៃលិន សរុបប្រមាណ៦០០នាក់, ឯកឧត្តម គន់ គឹម បានមានប្រសាសន៍ថា៖ សុខ ទុក្ខរបស់បងប្អូនអតីតយុទ្ធជន ត្រូវបានថ្នាក់ដឹកនាំយកចិត្តទុកដាក់គិតគូជាទីបំផុត។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ អតីតយុទ្ធជនទាំងអស់ គឺជាអ្នកដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិ, ធ្លាប់បានបូជានូវសាច់ស្រស់ ឈាមស្រស់ កំលាំងកាយ ចិត្ត ប្រាជ្ញា ស្មារតីគ្រប់បែបយ៉ាង ដើម្បីតែសេចក្តីសុខសាន្តរបស់ជាតិ ប្រជាជន និងការពារនូវការឈ្លានពានពីខ្មាំងសត្រូវទាំងឡាយ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី មានការគិតគូរខ្ពស់ពីសុខ ទុក្ខ ជីវភាពរស់នៅ របស់បងប្អូនអតីតយុទ្ធជន តាមរយៈការផ្តល់ប្រាក់សោធននិវត្តយ៉ាងទៀងទាត់ជារៀងរាល់ខែ ការផ្តល់ប័ណ្ណប.ស.ស សំរាប់ការពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃ ការកសាងលំនៅដ្ឋាន និងការជួយឧបត្ថម្ភនានា ជូនបងប្អូនអតីតយុទ្ធជនដែលមានជីវភាពក្រីក្រជាដើម។
សូមបញ្ជាក់ថា៖ បើតាមលោកវីរៈសេនីយឯក តូ គីមឃុន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងរងប៉ៃលិនបានអោយដឹងថា៖ អតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន សរុបចំនួន១៣៧៩ នាក់ ក្នុងនោះពិការចំនួន ៨១៧នាក់ និង និវត្តន៍ជនចំនួន ៣៧១នាក់។ អតីតយុទ្ធជនដែលគ្មានដី គ្មានផ្ទះសំបែង និងរស់នៅលើដីសាធារណៈ សរុបមានចំនួន ៣៦គ្រួសារ។
ដោយឡែកបើតាមតាមសេចក្តីប្រកាសលេខ៣២៥ /តត/ស.អ.ក បានទទួលស្គាល់៖ ទី១/ លោកឧត្តមសេនីយ៍ទោ សេង សុ គន្ធ ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន។ ទី២/ លោកឧត្តមសេនីយ៍ទោ ព្រហ្ម បាត់ ជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន។ ទី៣/ លោក ហ៊ត ឫទ្ធី ជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន ជំនួសលោក ពេជ្រ សំបូរ ដែលត្រូវបានផ្លាស់ប្តូរភារកិច្ច។ ទី៤/ លោក ហៀង សុងហួត ជាសមាជិកគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន ជំនួយលោក សុទ្ធ ឃុនថាល់ ដែលត្រូវបានផ្លាស់ប្តូរភារកិច្ច។ ទី៥/លោក ស្លេះ យូរ ជាសមាជិកគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន ជំនួសលោកអាង នាង ដែលត្រូវបានផ្លាស់ប្តូភារកិច្ច៕ ពិនិត្យ កែសម្រួល៖ វួច ពឿន