(13-11-2015) ប៉ៃលិន៖ ល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅសាលាខេត្តប៉ៃលិន មានរៀបចំពិធីបំពាក់ឯកសណ្ឋានជូនប្រជាការពារភូមិទាំង៧ ក្នុងសង្កាត់បយ៉ាខា ក្រោមអធិបតីភាព ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ត្រីជា ចាន់ឌិន ស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធាន អនុប្រធានមន្ទីរ លោកចៅសង្កាត់ ព្រមទាំងលោកមេភូមិ អនុភូមិ នីមួយៗក្នុងសង្កាត់បយ៉ាខាផងដែរ។
ប្រជាការពារភូមិដែលបានមកទទួលឯកសណ្ឋានមានសរុបទាំងអស់ចំនួន ៧០នាក់ ដោយម្នាក់ៗទទួលបាន អាវមួយ ខោមួយ មួកមួយ និងកាតសំគាល់ខ្លួនមួយសន្លឹក ។ ឯកសណ្ឋានប្រជាការពារភូមិទាំងអស់នេះ បានមកពីការជួយឧបត្ថម្ភរបស់ឯកឧត្តម ផាន់ ចាន់ធុល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បយ៉ាខា លោកអនុប្រធានក្រុម និងសមាជិក សមាជិការក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់បយ៉ាខាទាំងអស់។
លោកឧត្តមសេនីយ៍ត្រីជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា ប្រជាការពារភូមិ ជាជំនួយការអោយលោកមេភូមិ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់នីមួយៗ។ ប្រជាការពារភូមិជាមានតួនាទីក្តាប់អោយបាននូវសភាពការសន្តិសុខ សណ្តាប់ធ្នាក់ក្នុងភូមិ ផ្តល់ព័ត៌មានពិតអោយលោកមេភូមិ ប៉ុស្តិ៍រដ្ឋបាល និងអ្នកពាក់ព័ន្ធឯទៀត ទាក់ទងទៅនឹងសភាពការរណ៍សន្តិសុខ មុខសញ្ញាបទល្មើស បញ្ហាសុខមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋក្នុងភូមិ ។
ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ ថ្លែងអំណគុណដល់ឯកឧត្តម ផាន់ ចាន់ធុល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បយ៉ាខា លោកអនុប្រធានក្រុម និងសមាជិក សមាជិការក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់បយ៉ាខាទាំងអស់ ដែលបានជួយឧបត្ថម្ភឯកសណ្ឋានដល់ប្រជាការពារភូមិក្នុងសង្កាត់បយ៉ាខា។ ឯកឧត្តមបានមានប្រសាសន៍ថា ទឹកចិត្តដ៏ថ្លៃថ្លានេះ គឺបានបង្ហាញពីស្មារតីសាមគ្គីភាព ឯកភាពជាធ្លុងមួយក្នុងគោលដៅចូលរួមការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថភាពរបស់រាជរដ្ឋាភិបាលអោយមានប្រសិទ្ធភាព និងកាត់បន្ថយនូវបទល្មើសផ្សេងៗ រក្សាបាននូវសេចក្តីសុខ សុវត្តិភាពជូនប្រជាពលរដ្ឋក្នុងភូមិ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ប្រជាការពារភូមិទាំងអស់ដែលបានមកទទួលឯកសណ្ឋាន នាពេលនេះ គឺក្លាយជាមនុស្សដែលមានការចាត់តាំង ដឹកនាំត្រឹមត្រូវ លែងជាប្រជាពលរដ្ឋសាមញ្ញទៀតហើយ ។ដូច្នេះ ប្រជាការពារភូមិទាំងអស់ត្រូវលះបង់អោយអស់នូវគំនិតអសកម្មទាំងឡាយដែលធ្លាប់មានពីមុនមក មិនត្រូវជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ល្បែងស៊ីសង ផឹកស៊ីពាលាអាវាសែជាដាច់ខាត។ ប្រជាការពារភូមិទាំងអស់ត្រូវមានសីលធម៌ល្អ គោរពចាស់ទំ មានអធ្យាស្រ័យល្អ និងមានសាមគ្គីភាព ឯកភាពរឹងមាំ ស្តាប់តាមដឹកនាំ ចាត់ចែងរបស់លោកមេភូមិ និងមេក្រុមរបស់ខ្លួន៕
[youtube id= “VVwetaPJj6k”]