ដោយ៖ វួច ពឿន វិទ្យុជាតិខេត្តប៉ៃលិន
មានប្រសាសន៍នៅក្នុងពិធីប្រកាសផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៨ នៅវត្តពោធិមារ៉ាម ហៅវត្តប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន, កាលពីថ្ងៃសៅរ៍ ១០កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២០, ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះមេគណខេត្តទាំង២គណៈ មន្ត្រីសង្ឃគ្រប់វត្ត លោកប្រធាន អនុប្រធានមន្ទីរជំនាញជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរីទ្ធិ និងតាជីយាយជី ជាច្រើននាក់ផងដែរនោះ, ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានលើកឡើងថា៖ សន្តិភាព មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សុខដុមនីយកម្ម និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ ក្រោមម្លប់សុខសន្តិភាព និងស្ថេរភាពនយោបាយ, ព្រះរាជាណាចក្រកម្ពុជា កំពុងក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគគិនបរទេស មកវិន្និយោគ រកស៊ី និងនិងជាគោលដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទីទូទាំងពិភពលោក។ កត្តាទាំងនេះហើយដែលនាំអោយកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់កម្ពុជាគិតជាមធ្យម៧% ដែលបានជួយអោយកម្ពុជាចាកផុតពីឋានៈប្រទេសដែលមានចំណូលកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ហើយកំពុងបន្តដំណើរក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ កំរិតជីវភាព និងសុខមាលភាពរបស់ប្រជាជនកាន់តែមានភាពល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ដែលទាំងនេះគឺជាបំណងប្រាថ្នាចង់បានរបស់ប្រជាជនកម្ពុជា។ ឯកឧត្តមអភិបាលខេត្ត ក៍បានសំណូមពរដល់ថ្នាក់ដឹកនាំ និងមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ក្នុងខេត្តប៉ៃលិន ត្រូវពង្រឹងគុណភាពលើការងារអភិបាលកិច្ចក្នុងជួរមន្ត្រីសង្ឃ ដើម្បីអោយកិច្ចការពុទ្ធសាសនាមានសណ្តាប់ធ្នាប់ល្អ មានសាមគ្គីភាព ឯកភាពរឹងមាំ ដឹកនាំពុទ្ធបរិស័ទឆ្ពោះទៅរកភាពរីកចំរើន រុងរឿងថ្មីៗបន្ថែមទៀត។
សូមបញ្ជាក់ថា៖ បើតាមព្រះគ្រូរតនៈមុនី អ៊ា សុផន ព្រះមេគណគណៈមហានិកាយខេត្តប៉ៃលិន បានមានសង្ឃដីការលើកឡើងថា៖ តាមរយៈខ្លឹមសារអនុសំវច្ចរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទីលើកទី២៨ ដែលបានធ្វើឡើងនៅសាលសន្និសិទចតុមុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាតំណាងដ៏ខ្ពស់ខ្ពស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចជាឯកច្ឆ័ន្ទបន្តគាំទ្រកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនិតិកាលទី៦នៃរដ្ឋសភា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជាប្រមុខដឹកនាំ ហើយបានដាក់ចេញនូវសង្ឃប្រកាសដែលមានខ្លឹមសារចំនួន ៥ចំណុច មានដូចជា៖ ទី១/ គណៈសង្ឃគ្រប់ជាន់ថ្នាក់ត្រូវបង្កើនការរឹតបន្តឹងការប្រតិប័ត្តធម៌វិន័យទាំងក្នុងជួរមន្រ្តីសង្ឃ និងក្នុងជួរភិក្ខុ សាមណេរ។ ទី២/ គណៈសង្ឃគ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់បន្តខិតខំពង្រឹង និងពង្រីកវិស័យវិប្បសនាធុរៈអោយមានចលនា និងសកមមភាពខ្លាំងក្លារស់រវើកបន្ថែមទៀតនៅគ្រប់សាខានៃសាលាវិប្បសនាទាំង ២៥រាជធានី/ខេត្ត។ ទី៣/ បន្តកែទម្រង់វិស័យពុទ្ធិកសិក្សា នៅគ្រប់កំរិត ដែលជាឆ្អឹងខ្នងរឹងមាំនៃពុទ្ធសាសនាថេរវាទកម្ពុជា។ ទី៤/ មន្រ្តីសង្ឃគ្រប់លំដាប់ថ្នាក់ និងព្រះសង្ឃគ្រប់អង្គ ត្រូវបន្តចុះអប់រំសីលធម៌ព្រះពុទ្ធសាសនា ដល់សិស្សានុសិស្សនៅតាមសាលារៀន និងតាមសហគមន៍ ដើម្បីលើកកំពស់ចរិយាធម៌ សុធីវធម៌ និងសីលធម៌សង្គម។ ទី៥/ មន្រ្តីសង្ឃគ្រប់លំដាប់ថ្នាក់ និងព្រះសង្ឃគ្រប់អង្គ ត្រូវបន្តសាមគ្គីភាពគ្នា ដើម្បីរួមចំនែកក្នុងកិច្ចការមនុស្សធម៌ ដូចជា៖ ការជួយសង្គ្រោះដល់អ្នកខ្វះខាត គ្មានទីពឹង ជនរងគ្រោះ ជនងាយរងគ្រោះ ជួយដល់មន្ទីរពេទ្យដែលមានតម្រូវការចាំបាច់ និងជួយតាមអង្គការមនុស្សធម៌ផ្សេងៗទៀត មានកាកបាទក្រហមជាដើម៕ ពិនិត្យ កែសម្រួល៖ វួច ពឿន