(11-11-2015) ប៉ៃលិន៖ ព្រឹកថ្ងៃទី១១ ខែវិចិ្ចកា ឆ្នាំ២០១៥ នៅមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន បានបើកសិក្ខាសិលាផ្សព្វផ្សាយអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្កិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលពីសំណាក់ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកលោកស្រីអភិបាលក្រុង/ស្រុក លោកប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត លោកមេភូមិ ចៅសង្កាត់ មេឃុំ និងលោកគ្រូអ្នកគ្រូ សិស្សានុសិស្សជាច្រើននាក់ផងដែរ។
លោក សុខ សុធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបានអោយដឹងថា ៖មន្ទីរពាណិជ្ជកម្មខេត្តបានបើកវគ្គបណ្តុះបណ្តាលស្តីពីកិច្ចសន្យាផលិតកម្មកសិកម្មនៅថ្ងៃទី៦ ខែវិច្ចិកា ឆ្នាំ២០១៥ ដោយមានការចូលរួមពីថ្នាក់តំបន់ មានសមាគម២ ក្រុង/ស្រុក ខេត្តបាត់ដំបងមាន៥ស្រុក ខេត្តកំពង់ធំមាន១ស្រុក និង បានពិភាក្សាជាមួយក្រុម ហ៊ុនម្សៅមី នៅស្រុកកំរៀង ខេត្តបាត់ដំបង ត្រៀមរៀបចំចុះកិច្ចសន្យាផលិតកម្មកសិកម្ម ។លោកបន្តថាៈនៅថ្មីៗនេះមន្ទីរពាណិជ្ជកម្មខេត្តបានសហការជាមួយរដ្ឋបាលខេត្ត ក្រសួងពាណិជ្ជកម្ម និងសាលាខេត្តប៉ៃលិនរៀបចំដាក់តាំងបង្ហាញផលិតផល ចងសម្ព័ន្ធមេត្រីភាពខេត្តប៉ៃលិន ព្រះរាជាណាចក្រកម្ពុជានិងខេត្តច័ន្ទបុរីព្រះរាជាណាចក្រថៃ។
បន្ទាប់ពី លោក សាន ភិរុណ្ណ អគ្គរងពាណិជ្ជកម្មអន្តរជាតិបានធ្វើបទបង្ហាញស្តីពីការផ្សព្វផ្សាយកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន រួចមក ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៏ថា៖សិក្ខាសិលាស្តីពីការផ្សព្វផ្សាយអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាននៅពេលនេះគឺពិតជាបានផ្តល់មូលដ្ឋានគ្រឹះ ហើយជាមេរៀននិងបទពិសោធន៏ដ៏រឹងមាំជូនដល់អ្នកពាក់ព័ន្ធទាំងអស់អោយបានយល់ជ្រាប និង ស៊ីជំរៅ ព្រោះថាសហគមន៏អាស៊ាននិងជិតឈានចូលមកដល់នាពេលខាងមុខនេះនៅឆ្នាំ២០១៦ ។ដូច្នោះហើយសិក្ខាកាមទាំងអស់ត្រូវតែយកចិត្តទុកដាក់ស្តាប់ នៅចំនុចសំខាន់ៗនៅក្នុងបទបង្ហាញនីមួយៗ និងត្រូវចូលរួមពិភាក្សាអោយបានផុលផុស ព្រមទាំងចេះលើកឡើងនូវមតិយោបល់អោយចំប្រធានបទផងដែរ។
ឯកឧត្តម ប៉ាន សូរស័ក្កិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៏ថា៖កិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន គឺជាកិច្ចព្រមព្រៀង ដែលប្រទេសជាសមាជិកទាំងអស់បានចុះហត្ថលេខា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០០៩ ហើយបានចូលជាធរមានរួចរាល់ បន្ទាប់ពីសមាជិកអាស៊ានទាំងអស់បានផ្តល់សេចក្តីជូនដំណឹង ទៅលេខាធិការដ្ឋានអាស៊ាន។
ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាននេះ គឺតម្រូវឱ្យប្រទេសសមាជិកទាំងអស់អនុវត្តនូវ កាត់បន្ថយពន្ធ ឬការលុបបំបាត់ពន្ធនាំចូល ការលុបអត្រាពន្ធកូតា និងការលុបបំបាត់វិធាន មិនមែនពន្ធ ជាដើម។ ក្រៅពីនោះ ក៏នៅមានការទាមទារឱ្យប្រទេសសមាជិកទាំងអស់ បំពេញទៅតាមវិធានដើមកំណើតទំនិញ ទើបទទួលបានពន្ធអនុគ្រោះ នៅពេលដែលនាំចូលទំនិញរបស់ខ្លួន ចូលប្រទេសសមាជិកផ្សេងទៀត។ដើម្បីឱ្យអ្នកចូលរួមសិក្ខាសាលាពេលនេះ បានជ្រាបច្បាស់ ពីអត្ថប្រយោជន៍ ក៏ដូចជាការអនុវត្តនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាននេះ ក្រសួងពាណិជ្ជកម្មក៏បានអនុញ្ញាតឲ្យលោក សាន ភិរុណ្ណា អគ្គនាយករងពាណិជ្ជកម្មអន្តរជាតិ ដឹកនាំធ្វើការផ្សព្វផ្សាយអំពីកិច្ចព្រមព្រៀងអាស៊ាន នេះ នៅតាមបណ្ដាខេត្ដជាប់ព្រំដែន។បន្ថែមពីនោះ ដើម្បីទទួលបានអត្ថប្រយោជន៍ពី ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនងអាស៊ាន នេះ សូមស្នើដល់បងប្អូន ពាណិជ្ជករ អាជីវករ ដែលបានជួប ឬមន្ទិលលើបញ្ហាអ្វីមួយ សូមធ្វើជាលិខិតជូនទៅក្រសួងតាមរយៈមន្ទីរពាណិជ្ជខេត្ត ដោយបញ្ជាក់ពីមូលហេតុ និងបញ្ហាដែលកើតឡើង ដើម្បីក្រសួងធ្វើការដោះស្រាយ ឬបកស្រាយជូន។
ឯកឧត្តមក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់យកត្រូវចិត្តទុកដាក់ស្វែងយល់ និងផ្លាស់ប្តូរយោបល់ដើម្បីទទួលបានជាចំណេះដឹងសំរាប់យកទៅអនុវត្តទៅថ្ងៃអនាគត់។
[youtube id= “mGZf87ZKs28”]